រាជធានី​ភ្នំពេញ ៖ តម្រូវការ​អគ្គិសនី​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​១៧,៩​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០១២​ដល់​ ឆ្នាំ​២០២០​។ ភាគច្រើន​នៃ​ការ​ផ្គត់ផ្គង់​ អគ្គិសនី​នៅ​កម្ពុជា បាន​មក​ពី​ម៉ាស៊ីនភ្លើង​ដែល​ប្រើ​ប្រេងម៉ាស៊ូត និង​ការ​នាំ​ចូល​អគ្គិសនី​ពី​ ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ ។ ម្យ៉ាងទៀត ការ​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅ​ កាន់​តំបន់​ជនបទ​នៅ​មាន​កម្រិត​ នៅឡើយ​ដែល​ពលរដ្ឋ​ភាគច្រើន​ គឺ​ពឹងផ្អែក​ជា​ចម្បង​លើ​ថាមពល​ចេញពី​អា​គុយ និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដែល​មាន​តម្លៃ​ថ្លៃ ដើម្បី​បំពេញ​តាម​ តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ ទោះបី​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ទីភ្នាក់ងារ​ថាមពល​អគ្គិសនី បាន​ប្ដេជ្ញា​ក្នុង​ការ​ពង្រីក​ វិសាលភាព​របស់​ខ្លួន​ ដើម្បី​គ្របដណ្ដប់​ នៅ​ទូ​ទាំង​ប្រទេស​ក្នុង​គោលបំណង​សម្រេច​ ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ ដែល​ធានា​ថា​នៅ​ឆ្នាំ ២០២០​ខាង​មុខ ប្រជាជន​នឹង​ មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​១០០​ភាគរយ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ទុន លាន បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​អនុវត្ត​ទិស​ដៅ​តាម​ ផែនការ​របស់​ រាជរដ្ឋាភិបាល ក្រសួង​រ៉ែ​និង​ថាមពល ក៏​ដូច​ជា​អគ្គិសនី​កម្ពុជា មាន​ភារកិច្ច​ត្រូវ​ពង្រីក​ឲ្យ​បាន ។ ទន្ទឹម​នឹង​នេះ អាជីវករ​នៅ​តាម​ជនបទ ក៏​មាន​ទិស​ដៅ​ពង្រីក​ផង​ដែរ ហើយ​អាជ្ញាធរ​អគ្គិសនី​ជា​ អ្នក​កំណត់ និង​ផ្តល់​អាជ្ញាប័ណ្ណ ។ ការ​អនុវត្ត​នេះ ដើម្បី​សម្រេច​ឱ្យ​តាម​ ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ថា នៅ​ឆ្នាំ​២០២០ នឹង​មាន​បណ្តាញ​អគ្គិសនី​ទៅ​ដល់​ គ្រប់​ភូមិ​ទាំងអស់ » ។

មន្ត្រី​អ្នកនាំពាក្យ​ដដែល​បាន​បន្ដ​ថា ៖ «​អាជ្ញាធរ​អគ្គិសនី​គឺជា​អ្នក​ផ្តល់​អាជ្ញាប័ណ្ណ អ្នក​កំណត់​ថ្លៃ​លក់ អ្នក​ដោះស្រាយ​ទំនាស់ និង​ជា​អ្នក​តាមដាន​ការ​សាងសង់​ថា មាន​ត្រឹមត្រូវ​តាម​ស្តង់ដា ឬ​យ៉ាងណា ។ ដោយឡែក ក្រសួង​រ៉ែ និង​ថាមពល គឺជា​អ្នក​ដាក់​ផែនការ និង​លើក​គោលដៅ ដូច​ជា​នៅ​ឆ្នាំ​២០២០ នឹង​ត្រូវ​មាន​បណ្តាញ​អគ្គិសនី​ ប្រើប្រាស់​គ្រប់​ភូមិ​ ទាំងអស់​» ។

លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ​២០៣០ យើង​បាន​កំណត់​ថា យ៉ាង​ហោច​ណាស់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ភាគរយ នឹង​មាន​ អគ្គិសនី​ប្រើប្រាស់​ដូច​នៅ​ រាជធានី​ភ្នំពេញ​ដែរ ។ ដោយឡែក នៅ​សល់​៣០​ភាគរយ​ទៀត ​ជា​តំបន់​ព្រៃ​ភ្នំ​ដាច់​ស្រយាល គឺ​បណ្តាញ​អគ្គិសនី​មិន​អាច​ទៅ​ដល់​ទេ អុ​ី​ចឹ​ង​ហើយ​ការ​ផ្គត់ផ្គង់​ នៅ​ទីនោះ​ត្រូវ​ប្រើប្រាស់​ ដោយ​ថាមពល​ផ្សេង​ៗ​ដើម្បី ​បង្គ្រប់​ឲ្យ​បាន​១០០​ភាគរយ ជាមួយ​ខ្សែបណ្តាញ​ដែល​មាន​» ។

ទាក់ទង​នឹង​ថ្លៃ​អគ្គិសនី​នេះ បើ​តាម​លោក ទុន លាន ឱ្យ​ដឹង​ថា ៖ «​ចំពោះ​តម្លៃ​អគ្គិសនី​នោះ យើង​គ្មាន​ឧបសគ្គ​អ្វី​ទេ គឺ​រាជរដ្ឋាភិបាល​មាន​ទិស​ដៅ​បញ្ចុះតម្លៃ​ អគ្គិសនី​ជា​បន្តបន្ទាប់ ជា​ពិសេស ចាប់ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០២០ ។ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ការ​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​ប្រព័ន្ធ​ជាមួយ EDC ក្នុង​គេហដ្ឋាន​ដែល​ប្រើ​ទាប​ជាង​​ ២០០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ មាន​តម្លៃ​ស្មើនឹង​៧៨០​រៀល គឺ​ថោក​ជាង​ការ​ប្រើប្រាស់​នៅ​ តាម​បណ្តា​ខេត្ត ហើយ​ហេតុ​អ្វី​បានជា​ថោក​ជាង ?

ឧទាហរណ៍ ក្នុង​ខ្សែបណ្តាញ​ចម្ងាយ​១​គីឡូម៉ែត្រ​នៅ​រាជធានី​ភ្នំពេញ អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​ផ្ទះ​មាន​ ចំនួន​រាប់រយ រីឯ​នៅ​ស្រុកស្រែ មាន​អ្នក​ប្រើប្រាស់​ ប្រមាណ​តែ​២០​គ្រួសារ​ប៉ុ​ណ្ណោះ ។ ដូច្នេះ​ការ​វិនិយោគ​នៅ​តាម​ជនបទ ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ ជាង​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​តាម​ខេត្ត ក៏​មាន​ផ្នែក​ឯកជន​តូច​ៗ​ ដែល​បាន​វិនិយោគ​» ។

ចំណែក​នៅ​តាម​បណ្តាញ​ចែកចាយ​ផ្នែក​ឯកជន​ដែល​ត​ភ្ជាប់​ពី​បណ្តាញ​ជាតិ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ជូន​អតិថិជន​នោះ ជា​ធម្មតា​ នៅ​តាម​ផ្ទះ​ក្នុង​ឆ្នាំ​២០១៦​នេះ តម្លៃ​អគ្គិសនី​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ ស្មើនឹង​៨០០​រៀល​, ឆ្នាំ​២០១៧​ថ្លៃ​៧៩០​រៀល​, ឆ្នាំ​២០១៨ ថ្លៃ​៧៧០​រៀល​, ឆ្នាំ​២០១៩ ថ្លៃ​៧៦០​រៀល និង​នៅ​ឆ្នាំ​២០២០ ថ្លៃ​៧៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង លើកលែងតែ​នៅ​តាម​ កន្លែង​ខ្លះ​ដែល​នៅ​ប្រើ​ម៉ាស៊ីនភ្លើង ព្រោះ​ពុំ​ទាន់​មាន​បណ្តាញ​ខ្សែ​ទៅ​ដល់ គឺ​មាន​តម្លៃ​ខ្ពស់​ជាង ។

លោក ទុន លាន បន្ត​ថា ចំពោះ​អ្នក​ជីវភាព​ក្រីក្រ ពួក​គាត់​អាច​ប្រើប្រាស់​អគ្គិសនី​តិច​ជាង​១០​គីឡូ​ក្នុង​១​ខែ គឺ​រដ្ឋ​គិត​តម្លៃ​ ត្រឹមតែ​៤៨០​រៀល​ប៉ុណ្ណោះ ហើយ​ខាង​អគ្គិសនី​នឹង​ ជួយ​ចេញថ្លៃ​ខាត​ពាក់កណ្តាល រួម​ទាំង​ ការ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​បូម ទឹក​ប្រើប្រាស់​ក្នុង​ផ្នែក​កសិកម្ម​ផង​ដែរ ។ អគ្គិសនី​ដែល​យើង​ប្រើ​សព្វ​ថ្ងៃនេះ​ មាន​ប្រភព​ច្រើន ដូច​ជា ៖
១-​ប្រភព​ពី​វា​រី​អគ្គិសនី ដែល​ជា​ប្រភព​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស ។
២-​នៅ​ខែប្រាំង យើង​បាន​ជ្រើសរើស​យក​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម ដើម្បី​ទប់ទល់​នឹង​វា​រី​អគ្គិសនី​នៅ​ខែវស្សា ដែល​អាច​ ផ្គត់ផ្គង់​បាន​តែ​៣០% នៃ​អនុភាព​សរុប ។
៣-​នាំ​ចូល​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ដូច​ជា វៀតណាម ថៃ និង​ឡាវ ជាដើម ។

នៅ​ខែវស្សា យើង​មាន​ប្រភព​វា​រី​អគ្គិសនី​គ្រប់គ្រាន់ គ្មាន​ការ​ខ្វះខាត​ទេ ចំណែក​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង ស្ទើរតែ​គ្មាន ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ច​ន្ធី មាន​ប្រសាសន៍​ថា ៖ «​ប្រសិនបើ​អគ្គិសនី​អាច​ចែកចាយ​ទៅ​ដល់​តំបន់​ជនបទ​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​កាត់​បន្ថយ​ការ ​ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ប្រេង ព្រមទាំង​អាច​សន្សំ​ប្រាក់​បាន​ដែរ ។ ជា​ទូទៅ តម្លៃ​អគ្គិសនី​របស់​រដ្ឋ​ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រេងឥន្ធនៈ​ដែល​ពួក​គាត់​ ទិញ​យក​មក​ប្រើប្រាស់​ខ្លួនឯង ។ ប្រសិនជា​អគ្គិសនី​មាន​តម្លៃ​ថោក និង​បាន​ចែក​ឲ្យ​ទូលំទូលាយ​ទៅ​ ដល់​ឧ​ស្សហកម្ម​ខ្នាត​តូច និង​មធ្យម នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ ចំណាយ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន ។

ឧទាហរណ៍ រោង​ម៉ាស៊ីនកិនស្រូវ គឺ​បាន​ជួយ​បង្កើត​ការងារ​បន្ថែម​ទៀត ។ បើ​អគ្គិសនី​ធូរ​ថ្លៃ​នោះ នឹង​ធ្វើ​អ្នកមាន​ដើមទុន​ នៅ​តាម​បណ្តា​ខេត្ត​ដាក់​ទុន​រក ស៊ី​ទាក់ទង​នឹង​ការ​កែ​ច្នៃ​»​។ 

លោក​បន្ត​ថា ៖ «​តម្លៃ​អគ្គិសនី​បច្ចុប្បន្ន​នេះ​ស្មើនឹង​១.០០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ហើយ​នៅ​ឆ្នាំ​២០២០ តម្លៃ​អគ្គិសនី​នឹង​ចុះ​មក​ ត្រឹម​៧៥០​រៀល​ក្នុង​មួយ​ គីឡូវ៉ាត់ម៉ោង ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​លទ្ធភាព​ អាច​ប្រើប្រាស់​បាន ។ ការ​បញ្ចុះតម្លៃ​ៃ​នេះ ក៏​បាន​ចូលរួម​ទ្រទ្រង់​ ដល់​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​កែ​ច្នៃ​ផង​ដែរ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​ ប្រទេស​ជិតខាង​វិញ​ឃើញ​ថា កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាងគេ​» ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​បញ្ជូន​ប្រភព​អគ្គិសនី​ដែល​មាន​តម្លៃ​ថោក​ពី​រាជធានី​ភ្នំពេញ តាម​រយ​:​ការ​ ដាក់​ខ្សែកាប​កប់​បាតទន្លេ ។ បច្ចុប្បន្ន​នេះ អ្នក​រស់នៅ​លើ​កោះដាច់ និង​កោះ​ឧកញ៉ា​តី ក្រៅពី​ទទួល​បានការ​ ផ្គត់ផ្គង់​២៤​ម៉ោង​​ លើ​២៤​ម៉ោង​ហើយ អាជ្ញាធរ​អគ្គិសនី​កម្ពុជា តាម​រយ​:​ការ​គណនា​ថ្លៃ​ឡើង​វិញ បាន​សម្រេច​បញ្ចុះតម្លៃ​ ប្រើប្រាស់​ជា​២​ជំហាន​គឺ ៖
១-​តម្លៃ​ចាប់ពី​២.៣០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង មក​១.២០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ដោយ​អនុវត្ត​ចាប់ពី​ខែវិច្ឆិកា តទៅ ។
២-​តាម​ផែនការ​ឧបត្ថម្ភ​ធន​របស់​រាជរដ្ឋាភិបាល តម្លៃ​អគ្គិសនី​នៅ​ទីនោះ​នឹង​ថយ​ចុះ​មក​នៅ​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ចាប់ពី​ចុងខែ​មីនា ឆ្នាំ​២០១៦ តទៅ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]