រថយន្ត​ឡិច​ស៊ី​ស RX330 មួយ​​គ្រឿង​បាន​បោះពួយ​ចូល​ទៅ​បុក​តូប​លក់ដូរ​នៅ​ជាប់​ចិញ្ចើមថ្នល់​ មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​ ៤​ល្ងាច ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​វត្ត​ក្រាំង​ដូង ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយមាស​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX 330 ពណ៌​ស អត់​ស្លាក​លេខ មាន​អ្នកបើកបរ​ឈ្មោះ ត្រាន់ ផា​ន់​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ មុន​ពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​មុខ​វត្ត​ក្រាំង​ដូង​ក៏​បាន​​ បើក​គេច​ម៉ូតូ​ហើយ​ក៏​ ជ្រុល​​ចង្កូត​ទៅ​បុក​តូប​លក់ដូរ​នៅ​ខាងឆ្វេង​ដៃ​ ដែល​មាន​ម្ចាស់​ឈ្មោះ ង៉ែត ទិ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បណ្ដាល​ឲ្យ​ម្ចាស់​តូប​រង​របួសស្រាល ។

ប្រភព​ពី​លោក ង៉ែត ទិ​ត ម្ចាស់​តូប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​ដេក​អង្រឹង​លេង ស្រាប់តែ​សន្ធឹក​ សំឡេង​រថយន្ត​មក​បុក​តូប​ប្រាវ​បណ្ដាល​រលំ​តូប ខូចខាត​ម៉ូតូ និង​សម្ភារ​លក់ដូរ​មួយ​ចំនួន រីឯ​រថយន្ត​បាន​ជាប់​នៅ​ក្នុង​តូប ។

ប្រភព​ពី​ម្ចាស់​រថយន្ត​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ដឹង​ថា មូលហេតុ​ដែល​រថយន្ត​របស់​គាត់​ទៅ​បុក​តូប​លក់ដូរ​នោះ​ គឺ​មក​ពី​គេច​ម៉ូតូ​១​គ្រឿង ហើយ​បួង​ចង្កូត​ ខ្លាំង​ជ្រុល​ទៅ​បុក​ តូប​លក់ដូរ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ម្ចាស់​រថយន្ត​ក៏​ព្រម​សងការ​ខូចខាត​ចំនួន​៦៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]