រាជធានីភ្នំពេញ​ ៖ កញ្ញា​ហ៊ិន ច័ន្ទនីរ័ត្ន​ ​តែង​តែ​ប្រកាស​ថា ​នាង​នៅមិន​ទាន់​មាន​គូស្នេហ៍​​​​ទេ តែ​ថ្មីៗនេះ​មាន​ពាក្យ​ចចាមអារ៉ាម​​មួយ​ចំនួន​​ថា តារា​​សម្តែង​និង​ជា​​ពិធីការិនី​​​​រាង​តូច​ច្រឡឹង​ស្រស់សោភា​​រូបនេះ​​កំពុង​តែ​មាន​ទំនាក់ទំនង​​ស្នេហា​ជាមួយ​បុរសអ្នក​​​ជំនួញ​ខ្មែរ​កាត់​ចិន​ម្នាក់ ។   តើរឿង​នោះ​​ជាការ​ពិត​ទេ ? 

ពាក្យចចាមអារ៉ាម​​​ស្នេហា​​មិនមែន​​ជារឿងថ្មី​​​ដែល​កើត​​​ឡើង​សម្រាប់​​តារា​ដែល​​មាន​មន្ត​ស្នេហ៍​ម្នាក់​​​​នេះ​ឡើយ​ ពោល​​គឺកន្លងមក​ហ៊ិន ច័ន្ទនីរ័ត្ន ​ធ្លាប់​មាន​ពាក្យ​​​លេច​​ឮថា មាន​​ទំនាក់​​ទំនង​​ស្នេហា​ជាមួយ​លោក​​សុខ សេរីវឌ្ឍនា​ ដោយសារ​ជា​ញឹក​​​ញាប់​​គេឃើញ​​​អ្នកទាំង​ពីរ​​ច្រើន​ទៅណា​មក​ណា​​​​ជាមួយ​គ្នា​ ។ ក្រោយ​​មក​​​លេចឮ​​ពីរឿង​ទាក់​ទង​ជាមួយ​បុរស​ឈ្មោះ​​​​សិទ្ធិជា​បុគ្គ​លិក​​ក្រុមហ៊ុន​មួយ​មាន​វ័យ​​ប្រហាក់​ប្រហែល​​នាង ប៉ុន្តែ​រឿងរ៉ាវ​ទាំង​នោះ​​ត្រូវ​​នាង​​​បដិសេធ​ចោល​ទាំង​អស់​​ដោយ​វាចា​យ៉ាងខ្លី​ថា «វាជា​រឿង​មិន​ពិត»។

​ដោយ​ឡែក​​សម្រាប់​ពាក្យ​​​ចចាមអារ៉ាម​​​ពី​ទំនាក់​ទំនង​​ស្នេហា​​​​ជាមួយ​បុរស​អ្នក​ជំនួញ​​​ខ្មែរ​កាត់ចិន​​វិញ​​​ អតីត​ហ្វ្រេស៊ីហ្គើល​លេខ១ឆ្នាំ​​២០០៧​ រូបនេះ​ អះអាង​ថា ​​«រឿង​​​នេះ​វា​​​មិន​ខុស​​ពីរឿង​​មុនៗ​ឡើយ ​ពោល​​​គឺ​​វា​គ្រាន់​តែជា​ពាក្យ​​​​ចចាម​អារ៉ាម​​​​​​ប៉ុណ្ណោះ​មិនមែន​​ជាការ​ពិត​ឡើយ។  មក​ទល់​​​ពេល​នេះ​នាង​ខ្ញុំ​មិន​ទាន់​​រកឃើញ​គូស្នេហ៍​​​ណាម្នាក់​នៅឡើយទេ ហើយ​បើ​នាង​​​ខ្ញុំ​​អាចរក​គូស្នេហ៍​​ពិត​នោះ គឺ​នាង​ខ្ញុំ​មិន​​លាក់​លៀម​​​​ឡើយ​។   ប្រហែល​​​ជាពីរឆ្នាំទៀតទើប​​​ខ្ញុំ​​គិតគូរ​​​​ដល់​​រឿង​​​នេះ​​​ ព្រោះ​​ពេល​នេះ​ការងារ​​​សិល្បៈ​​កំពុង​តែ​មាន​​ការ​​​មមាញឹក​​​» ។

ទោះជាយ៉ាង​​​​ណា​ក្តី​ តារា​​​ដែល​​មាន​​​រូប​សម្រស់​​​​ស្រស់សោភា​​​ សាច់​​សខ្ចី​​​រូបនេះ​​អះអាង​​ថា​ ​បើទោះ​​បីថ្ងៃ​​មុខ​​​នាង​មាន​​​ស្វាមី​​ក៏ដោយ​ក៏​នាង​​​មិនអាច​បោះ​​​បង់​ការងារ​​​សិល្បៈ​​​ចោល​ឡើយ​ ព្រោះ​​អាជីព​​​សិល្បៈ​​នេះ​គឺ​ជាអ្នក​​លើក​​ស្ទួយ​ឱ្យ​នាង​​​មាន​មុខ​មានមាត់​​ក្នុង​សង្គម​​រហូត​​​ដល់​​សព្វ​ថ្ងៃ​​ ។

​កញ្ញា​​​ហុិន ច័ន្ទនីរ័ត្ន ជា​ពិធី​ការិនី​​វ័យ​ក្មេង​​​ម្នាក់​​នៅស្ថានីយ​ទូរទស្សន៍​បាយ័ន​​ក្នុង​កម្ម​វិធី​​«ឆា ឆា ឆា » ហើយ​នាង​កំពុងតែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​​​​ ដោយសារ​​តែ​​វោហា​រ​​ស័ព្ទ​ផ្អែម​ល្ហែម​​​​ពីរោះ​​ និង​​​គួប​ផ្សំ​​​​ជាមួយ​​រូប​​សម្រស់​​ស្រស់​​សោភា​​​​ពីធម្ម​ជាតិ​ របស់​នាង​​​ផង ។ ភាព​ល្បី​ល្បាញ​​​​​ក្នុង​​ពិភព​សិល្បៈ​​​​នេះ​​​ ហុិន ច័ន្ទនីរ័ត្ន ផ្តើម​​ចេញពី​​​តំណែង​​​ជា​​​​​ហ្វ្រេ​ស៊ី​​ហ្គើល​លេខ១​ក្នុងឆ្នាំ២០០៧ ដែល​​​​ពេល​នោះ​​នាង​មាន​​​អាយុទើប​តែ១៧ឆ្នាំ​ប៉ុណ្ណោះ​  ​។ ក្រោយ​ពីជាប់​​​​ចំណាត់​ថ្នាក់​​​នោះ​​នាង​ចាប់​ផ្តើម​​​កសាង​កេរ្តិ៍ឈ្មោះ​​​ក្នុង​នាម​ជាពិធី​ការិនី​​ដំបូង​​នៅ​ស្ថានីយ​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ៣​​ បន្ទាប់​មក​នាង​ងាក​​ទៅបម្រើ​​​ការ​​ងារ​នៅ​​ស្ថានីយ​​​ទូរទស្សន៍​​បាយ័ន​​រហូត​​​ដល់​​សព្វ​​​ថ្ងៃនេះ ។ 

​ក្រៅ​ពីធ្វើ​​​ជាពិធី​ការិនី​​​កញ្ញា​​​​នីរ័ត្ន​​ ​​​សម្តែង​​​​ខារ៉ាអូខេ វីដេអូ និង​​ថត​ស្ប៉ត​​​ពាណិជ្ជ​កម្ម​​មួយ​ចំនួន​​​ផងដែរ ។ ​រូប​​​​សម្រស់​​​​ និង​ទេពកោស​ល្យ​​ កំពុង​នាំ​កញ្ញា​​​ហ៊ិន ច័ន្ទនីរ័ត្ន ឆ្ពោះ​​​​ទៅរក​​ប្រជាប្រិយ​​ភាព​​​កាន់​តែ​​​ខ្លាំង​ឡើង​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន