ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមអ្នកសារព័ត៌មាន បានស្កាត់ជួបធ្វើ បទសម្ភាសន៍ផ្ទាល់ជាមួយនឹងលោក KIKUO IBE អ្នកជំនាញនិងជា បិតាបង្កើតនាឡិកាដៃដ៏ល្បីម៉ាក G-SHOCK ដើម្បីចង់ដឹងអំពី ព័ត៌មានលំអិតនានាបន្ថែមទៀត ទាក់ទងទៅនឹងនាឡិកាដៃ ម៉ូដែលនេះ ក្រោយពីវាត្រូវបាន នាំចូលមកក្នុងទីផ្សារ ប្រទេសកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍នោះដែរ វិស្វករដ៏ជំនាញ និងជាអ្នកបង្កើតនាឡិកាដៃម៉ាក G-SHOCK ដំបូងគេបំផុត បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា នាឡិកាដៃម៉ាក G-SHOCK ត្រូវបានបង្កើតឡើង និងសម្រេចចេញលក់ ជាស្ថាពរនៅក្នុងអំឡុងឆ្នាំ ១៩៨៣ ដែលនោះគឺជា ជំហានដំបូងមួយ ដែលរូបលោក ក៏ដូចជាក្រុមហ៊ុន CASIO បាននាំយកនូវនាឡិកាដៃ ដែលរឹងមាំបំផុតជាងគេ សម្រាប់មនុស្សជាច្រើន នៅក្នុងពិភពលោក​។


លោក KIKUO IBE (ខាងឆ្វេង) អ្នកបង្កើតនាឡិកាដៃម៉ាក G-SHOCK ដំបូងគេបំផុត

ក្នុងនោះដែរលោក ក៏បានបញ្ជាក់ថា ប្រភេទនាឡិកាដៃម៉ាក G-SHOCK នេះគឺមានលក្ខណៈពិសេស មួយចំនួនដែល ធ្វើឲ្យវាមានភាពលេចធ្លោ និងទទួលបានការគាំទ្រ យ៉ាងច្រើនរហូតមកដល់ពេលនេះ ដោយក្នុងនោះគឺថា រាល់បច្ចេកវិទ្យាថ្មីៗ សុទ្ធត្រូវបានបញ្ចូលទៅក្នុង នាឡិកាដៃប្រភេទនេះមុនគេ ហើយម្យ៉ាងវិញទៀត វាគឺជានាឡិកាដែល មានភាពរឹងមាំជាងគេបំផុត នេះមានន័យថា វាមិនងាយនឹង ខូចខាតដោយ ការកកិត ឬក៏ឆ្កូតអ្វីឡើយ ហើយបើទោះជាវាធ្លាក់ នៅក្នុងរយៈកម្ពស់ ដ៏ខ្ពស់ក៏មិនអាចប៉ះពាល់ ដល់គ្រឿងម៉ាស៊ីននៅខាងក្នុងនោះដែរ លើសពីនេះទៀត នាឡិកាប្រភេទនេះ ត្រូវបានកែច្នៃជាមួយនឹង ពណ៌ស្រស់ស្អាតជាច្រើន ដែលញ៉ាំងឲ្យវារឹតតែ មានភាពទាក់ទាញមួយកម្រិត ថែមទៀត។

នាឡិកាដៃម៉ាក G-SHOCK គឺត្រូវបានផលិតឡើង គឺដើម្បីតម្រូវដល់អតិថិជន ជាពិសេសគឺ យុវវ័យតែម្តង ព្រោះថាទាំងរូបរាង បច្ចេកវិទ្យា ពណ៌ និងការច្នៃប្រឌិតនានា សុទ្ធតែត្រូវចិត្តនឹង យុវវ័យទៅតាមសម័យកាល ម្យ៉ាងវិញទៀត មុខងារសំខាន់ៗ និងបច្ចេកវិទ្យាថ្មីៗ សុទ្ធតែមាននៅ ក្នុងនាឡិកាដៃម៉ាក G-SHOCK ទៅតាមស៊េរីនីមួយៗផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ នោះដែរលោក IBE ក៏បានបញ្ជាក់បន្ថែមថា “រូបខ្ញុំក៏បាន ផលិតនិងបន្ថែមនូវ ម៉ូតមួយចំនួន ដែលតម្រូវជាពិសេស សម្រាប់ប្រជាជន កម្ពុជា ហើយលើសពីនេះទៀត ម៉ូតនោះក៏ជាផលិតផល ដែលមានកំណត់ នេះមានន័យថាម៉ូតនាឡិកាដៃ សម្រាប់ប្រជាជន កម្ពុជា គឺត្រូវបានផលិតឡើង ត្រឹមតែ១០០គ្រឿងប៉ុណ្ណោះ”។

គូសបញ្ជាក់ផងដែរថា នាឡិកាដៃម៉ាក G-SHOCK ត្រូវបានដាក់លក់ នៅតាមទីផ្សារក្នុងប្រទេស ជាង១០០ នៅលើពិភពលោក ហើយបើគិតមកទល់ពេលនេះ ក្រុមហ៊ុនបានលក់ នូវនាឡិកាដៃប្រភេទនេះ ចំនួន៧៩លានគ្រឿង មកហើយ ដែលនេះបង្ហាញឲ្យឃើញថា នាឡិកាដៃប្រភេទនេះ ពិតជាទទួលបានការគាំទ្រ និងការពេញនិយម ជាច្រើនមែន ជុំវិញពិភពលោក៕


ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]