ភ្នំពេញ៖ កាលពីម៉ោង ៧ៈ១៥នាទីល្ងាច ថ្ងៃអង្គារ៍ ទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ពិភពលោក វគ្គជម្រុះជុំបឋម ក្នុងពូល E រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន មានការចូលរួមផ្ទាល់ពីទស្សនិកជន ស្នេហាវិស័យបាល់ទាត់យ៉ាងច្រើនកុះករ។

ក្នុងនោះជម្រើស១១ នាក់ដំបូង របស់កម្ពុជា រួមមាន៖ អ្នកចាំទី អ៊ុំ សេរីរ័ត្ន ខ្សែការពារ នេន សុធារ័ត្ន, ស៊ើយ​ វិសាល, ណុប តុលា ខ្សែបំរើ សំអឿន ពិដោរ,សុះ សូហាណា, ឈិន​ ឈឿន, និង ធារី ចន្ថាប៊ីន ខ្សែប្រយុទ្ធ កែវ សុខផេង, គួច សុកុម្ភៈ និង ឃួន ឡាបូរ៉ាវី។ 

ចំណែកឯជម្រើស១១ នាក់ដំបូង របស់ជប៉ុន រួមមាន៖ អ្នកចាំទី Nishikawa Shusaku ខ្សែការពារ  Maya Yoshida, Fujiharu Hiroki, Makino Tomoaki, Endo Wataru ខ្សែបំរើ Hotaru Yamaguchi, Endo Nagatomo, Shinji Kagawa, Usami Takashi,  ខ្សែប្រយុទ្ធ Genki Haraguchi និង Shinji Okasaki

ចាប់ផ្តើមការប្រកួតភ្លាម ក្រុម​គោព្រៃ កម្ពុជា មានឱកាសស៊ុតបញ្ចូលទី ក្រុម​​សាំមូរ៉ៃជប៉ុនជាច្រើនដងផងដែរ តែមិនអាចទំលុះ សំណាញ់របស់ជប៉ុន បានឡើយ ដោយក្នុងនោះកីឡាករ កែវ សុខផេង មានឱកាសទាត់បាល់បញ្ចូលទី ដល់ទៅពីរដងតែមិនបានចំគោលដៅល្អ ខណៈពេលកីឡាករ ឃួន ឡាបូរ៉ាវីមានឱកាសម្តងដែរ តែមិនបានចំគោលដៅដូចគ្នា។ ចំណែកឯក្រុមជំរើសជាតិជប៉ុនក៏ បានធ្វើការគាបសង្កត់ កម្ពុជា យ៉ាងខ្លាំងដែរ តែមិនអាចទំលុះ រនាំងការពាររបស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ កម្ពុជា បានឡើយ ដោយលទ្ធផលចប់តង់ទី១  កម្ពុជា ០ ជប៉ុន ០។

ចូលដល់តង់ទី២ ការប្រកួតទើបតែចាប់ផ្តើមបាន ២នាទី កីឡាករ នេន សុធារ័ត្ន របស់កម្ពុជា បានបង្កកំហុសទៅលើកីឡាករ Shinji Kagawa របស់ជប៉ុន ធ្វើឲ្យអាជ្ញាកណ្តាល ពិន័យបាល់ប៉េណាល់ទីចំងាយ ១១ម៉ែត្រឲ្យទៅជប៉ុន ដែលកីឡាករ Shinji Okasaki របស់ជប៉ុនដែលលេងអោយក្រុម Leicester នៅក្នុងក្របខ័ណ្ឌ English Premier League របស់អង់គ្លេសជាអ្នកស៊ុត តែត្រូវបានអ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ កម្ពុជាជួយសង្គ្រោះបាន ធ្វើអោយអ្នកគាំទ្រកម្ពុជាហ៊ោរ​កង​រំពង​ពេញ​ ពហុកីឡាដ្ឋានជាតិ​អូឡាំពិក។ នៅនាទីទី៥២ ក្រុមជប៉ុនបាន​ឱកាសទាត់បាល់ Free Kick ​ចេញពីស្លាបខាងស្តំា ​ហើយកីឡាករខ្សែប្រយុទ្ឋកម្ពុជា​ ឃួន ឡាបូរ៉ាវី ​ដែលចុះមកជួយខ្សែការពារ ​បានតែតបាល់នោះ​ចេញពីតំបន់គ្រោះថ្នាក់ ​តែចៃដន្យបាល់បាន​ហោះ​បញ្ជូលទី​ខ្លួន ឯងគួរឲ្យសោកស្តាយ​​ ធ្វើឲ្យជប៉ុននំាមុខ ១-០ ហើយជប៉ុនបាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់តែត្រូវបានអ្នកចាំទី អ៊ុំ សេរីរ័ត្ននៅតែជួយសង្គ្រោះបាន។ ប៉ុន្តែនៅចុងតង់ទី២ នាទីទី៩០+ កីឡាកររបស់ ក្រុមជម្រើសជាតិជប៉ុន ដែលលេងឲ្យក្រុម AC Milan របស់អីុតាលី គឺកីឡាករ Keisuke Honda បានតែតបាល់បញ្ចូលទីបាន១គ្រាប់ទៀត ធ្វើអោយក្រុមជម្រើសជាតិជប៉ុននាំមុខកម្ពុជា ២ ទល់នឹង ០។ 

ចប់​ការ​ប្រកួត​ក្រុមគោព្រៃ កម្ពុជា​ចាញ់ ក្រុម​​សាំមូរ៉ៃជប៉ុន​ដោយ​លទ្ធផល ០-២

គួរបញ្ជាក់ថា ការប្រកួតបន្ទាប់ ដែលជាការប្រកួតបញ្ចប់ពូល E នឹងធ្វើឡើង នៅថ្ងៃទី ២៤ មិនា ឆ្នាំ ២០១៦ ដែលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរ ទៅប្រកួតជាមួយ ក្រុមជម្រើសជាតិ សីុរី នៅទឹកដី ប្រទេស អូម៉ង់ វិញម្តង មូលហេតុដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតនៅក្នុង ទឹកដីអូម៉ង់ ដែលជាទឹកដីកណ្តាលនោះ ដោយសារតែប្រទេស សីុរ៊ីកំពុងជួបវិបត្តិសង្រ្គាម និង អសន្តិសុខក្នុងប្រទេស៕

ទិដ្ឋភាពការប្រកួត រវាងកម្ពុជា និងជប៉ុន នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃម្សិលមិញ៖











វីដេអូខាងក្រោម៖


ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]