ភ្នំពេញ៖ តារាសម្តែងស្រីស្រស់ សម្បុរស្រអែម នាង អឿន ល័ក្ខលីតា ថ្មីៗនេះ បានលេចឮព័ត៌មានដ៏រសើបមួយ ដោយ ត្រូវបានគេទម្លាយថា ការបាត់វត្តមានស្រីស្អាតរូបនេះ ពីពិភពសិល្បៈមួយរយៈពេលធំ ដោយសារតែនាងទៅ សម្ងំរស់ នៅសាងសុភមង្គល ជាមួយឧកញ៉ាម្នាក់ យ៉ាងមានក្តីសុខ រហូតដល់ មានកូន១ជាមួយគ្នា ថែមទៀតផង ។

បើតាមប្រភពព័ត៌មាន ពីអ្នកតាមដានសិល្បៈ បានលួចបង្ហើបឲ្យដឹងថា អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «តន្ត្រីយុវវ័យ» កាលពីអំឡុងឆ្នាំ២០១២ នាង អឿន ល័ក្ខលីតា បានផ្តាច់ខ្លួនពីសង្វៀនសិល្បៈ ទៅសម្ងំ រស់នៅ សោយសុខ ជាមួយគូកំណាន់ចិត្ត ដែលមានងារ ជាឧកញ៉ាវ័យក្មេង ខណៈលោកឧកញ៉ានោះ ត្រូវបានគេដឹងថា ជាអ្នកមានប្រពន្ធកូនរួចហើយ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា រយៈពេលជាង២ឆ្នាំហើយ ដែលស្រីស្អាត អឿន ល័ក្ខលីតា បានរស់នៅសាង គ្រួសារ ដោយមិនបានចូលរោងការសំពះផ្ទឹម ជាមួយឧកញ៉ាមានទ្រព្យនោះទេ រហូតមានកូនម្នាក់ អាយុជាង១ខួប ។ជាក់ស្ដែង កាលពីថ្មីៗនេះគេបានឃើញ នាងបណ្តើរ កូនតូចម្នាក់ដែល មានអាយុប្រមាណ១ខួប ចូលផ្សារមួយកន្លែង នៅទីក្រុងភ្នំពេញ បែបលាក់លៀមមិនហ៊ានចេញមុខចេញមាត់ខ្លាំងទេ ព្រោះថា នាងមានឈ្មោះត្រឹមតែជាស្រីកំណាន់ តែប៉ុណ្ណោះ។

ប្រភពដដែលបានបង្ហើប ឲ្យដឹងទៀតថា តារាសម្តែង និងជាតារាបង្ហាញម៉ូដនាង អឿន ល័ក្ខលីតា គឺជាតារាមួយដួង ដែលឧស្សាហ៍ផ្លាស់ប្តូរទ្រនំញឹកញាប់ ដោយដំបូងនាង គឺជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កាលពីឆ្នាំ ២០១១ ហើយបន្ទាប់មកនាងក៏ផ្លាស់ទ្រនំ ទៅជ្រកនៅស្ថានីយទូរទស្សន៍បាយ័ន ដោយនាងបានកាន់កម្មវិធី «តន្រ្តីយុវវ័យ» រួចក៏បាត់ខ្លួនពីសិល្បៈ ។ សម្រាប់មូលហេតុ ដែលបាត់ខ្លួនពីសិល្បៈនោះ គឺបុរសជាគូស្នេហ៍ដែល មានងារជាឧកញ៉ានោះ មិនចង់ឲ្យនាងបន្តអាជីពនេះទេ ទើបឲ្យនាងផ្តាច់ខ្លួនចេញ ពីពិភពសិល្បៈ ព្រោះថាខ្លាច បុរសផ្សេងស្រវ៉ា យកនាងចេញពីដើមទ្រូង ។

ពាក់ព័ន្ធនឹងការលេចឮខាងលើថា តារាសម្តែង និងជាពិធីការិនី អឿន ល័ក្ខលីតា គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង សាកសួរនាងបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ខណៈលេខទូរស័ព្ទដែលនាង ធ្លាប់ប្រើត្រូវបានបិទ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]