រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ​ពណ៌​ទឹក​ប្រាក់​ មួយ​គ្រឿង​ដែល​ទើប​តែ​ទិញ​បាន​ជាង​មួយ​ខែ​មិន​ទាន់​មាន​ស្លាក​លេខ​ផង​ត្រូវ​ និស្សិត​ម្នាក់​ជា​ជន​ជាតិ​អ៊ិស្លាម​ បើក​បោះ​ពួយ​​ឡើង​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ បុក​រះគ្រែ​លក់​ដូរ និង​ជញ្ជាំង​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​រថយន្ត​ផ្ទុះ​ពោង​ស្រុញ​មុខ​ក្រពឹត​​ផ្នែក​ខាង​​​ក្រោយ​ បណ្តាល​ឱ្យ​អ្នក​បើក​​រង​របួស​បែក​​ក្បាល កាល​ពី​វេលា​ម៉ោង​​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​​៤ សីហា ២០១២ ​តាម​ផ្លូវ​ជាតិ​លេខ​៥ ខាង​ត្បូង​សាលា​សង្កាត់​​ច្រាំង​ចំរេះ​ទី​១ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​​ក្នុង​ខណ្ឌ​ឫស្សី​កែវ។

អ្នក​បើក​រថយន្ត​​ដែល​រង​​របួស​​ឈ្មោះ​សេន ​សាឡេះ ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​និស្សិត​​មូស្ល៉ីម មាន​លំនៅ​ភូមិ​ទី​៣ ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ ​ឫស្សីកែវ ​​រង​របួស​​ក្បាល​ត្រូវ​​​បាន​បង​ប្អូន​​នាំ​ទៅ​​ដេរ​របួស​​នៅ​មន្ទីរ​ពេទ្យ ​ឯក​ជន​​ក្បែរ​នោះ ។  តាម​សាក្សី​នៅ​​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហាយឡែន​ឌ័រ ​ពណ៌​ទឹក​ប្រាក់ ជិះ​គ្នា​៣​នាក់ ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​​ជើង​​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​ ។ លុះ​មក​ដល់​មុខ​សាលា​សង្កាត់​ច្រាំង​ចំរេះ​ទី​១ បាន​គេច​រថយន្ត​មួយ​គ្រឿង​ដែល​​ឈប់​ពី​មុខ​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​​ ស្រប​ពេល​នោះ​មាន​រថយន្ត​​ដឹក​ទឹក​​បរិសុទ្ធ​​មួយ​គ្រឿង​​ទៀត​​ធ្វើ​ដំណើរ​​ មក​ពី​មុខ​ក្នុង​ទិស​ដៅ​បញ្ជ្រាស​ទិស​គ្នា​​វាក់​អើ​ ស្រាប់តែ​​​រថយន្ត​ម៉ាក​ហាយឡែន​ឌ័រ​​បាន​​ទាញ​ចង្កូត​មក​ស្តាំ​ដៃ​វិញ ​ក៏​ជ្រុល​​ឡើង​ចិញ្ចើម​​ផ្លូវ​ទៅ​បុក​រះ​គ្រែ​លក់​ដូរ​​បាក់​រាប និង​បុក​ជញ្ជាំង​ផ្ទះ​លេខ​២៣ ​សេ បណ្តាល​ឱ្យ​ប្រេះ ​បាក់​បែក ហើយ​រថយន្ត​បន្ត​ទៅ​មុខ​បុក​ដំបូល​រោង​គ្រែ​បាក់​​ខ្ទេច​​រួច​ហោះ​រំលង​ ផ្លូវ​បេតុង​ទៅ​​បុក​ជាប់​ជញ្ជាំង​​ផ្ទះលេខ​១៣១  បណ្តាល​ឱ្យ​បាក់​ជញ្ជាំង​​ឈើ និង​ថ្ម​មួយ​ផ្ទាំង ។ ​​

​ទោះ​បី​យ៉ាង​ណា​គ្រោះ​ថ្នាក់​នេះ​បណ្តាល​​ឱ្យ​ទុយោ​ ទឹក​ និង​ទុយោ​​ស្រោម​ខ្សែ​ភ្លើង​រង​ការ​ខូចខាត​ផង​ដែរ ។ នេះ​ចាត់​ទុក​ជា​សំណាង​ដែល​រថយន្ត​បុក​ចំ​ប្រឡោះ​បង្គោល​ភ្លើង​បើក​បុក​ បង្គោល​ភ្លើង​​ច្បាស់​ជា​មាន​គ្រោះថ្នាក់​​ធ្ងន់​ធ្ងរ​ជាង​​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]