កណ្តាល ៖ មានការភ្ញាក់ផ្អើលមួយ ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ បានកើតឡើងដោយប្រជាពលរដ្ឋ នៅតំបន់នោះ ជាច្រើននាក់បានឡោមព័ទ្ធ និងដេញចាប់បុរសជនជាតិវៀតណាម ហើយវាយឡើងទ្រោមខ្លួន ហើមមុខហើមមាត់ បន្ទាប់ពីពលរដ្ឋទាំងនោះ នាំគ្នានិយាយថា បុរសជនជាតិវៀតណាមរូបនេះ បានដេញចាប់ក្មេងៗនៅ ចំណុចទំបន់ ដើម្បីវះយកក្រលៀន (តម្រងនោម) ។ ប៉ុន្តែចំពោះករណីនេះ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ច មូលដ្ឋាន មិនទាន់បញ្ជាក់ថា ជាការពិតនោះទេ ហើយបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមូលហេតុ ជាក់ស្តែង ចៀសវាងការភ័ន្តច្រឡំ ថាមានករណីវះយកក្រលៀន នាំឲ្យមានការភ្ញាក់ផ្អើលតៗគ្នា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងហេតុការណ៍នោះ បាននិយាយថា កាលពីយប់ថ្ងៃទី០៣ ខែសីហា នៅចំណុចទំនប់មានហេតុការណ៍ បុរសជនជាតិ វៀតណាមម្នាក់ ដេញចាប់ក្មេងៗពីរបីនាក់ ហើយពេលនោះ ក្មេងៗបានស្រែកឲ្យគេជួយ ។ គាប់ជួនពេលនោះ មានបុរសម្នាក់ជាអ្នកភូមិកំពុង ធ្វើដំណើរមកពី ស្រែរបស់គាត់ ហើយក៏ទៅជួយក្មេងៗ ស្រាប់តែបុរសនេះត្រូវបានជនជាតិវៀតណាម រូបនោះ បាញ់ថ្នាំចូលភ្នែកបណ្តាលឲ្យសន្លប់ មិនដឹងថា ជាថ្នាំប្រភេទអ្វីនោះទេ ។ នៅពេលនោះ ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននាក់បានឮ ក៏នាំគ្នាមកជួយ ហើយចាប់បុរសជនជាតិវៀតណាម រូបនេះ វាយចង់ងាប់ចង់រស់ ទម្រាំសមត្ថកិច្ច ទៅជួយអន្តរាគមន៍ និងរកខុសត្រូវជូន ។ ក្រោយកើត ហេតុ ទាំងបុរសរងគ្រោះ ដែលត្រូវជនជាតិវៀតណាមបាញ់ថ្នាំចូលភ្នែកឲ្យសន្លប់ និងបុរសជនជាតិ វៀតណាម ដែលត្រូវអ្នកភូមិវាយស្ទើរស្លាប់ ត្រូវដឹកបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ បន្ទាន់ ។ ចំពោះករណីនេះ មានការភ្ញាក់ផ្អើល និងនិយាយតៗថា បុរសជនជាតិវៀតណាមរូបនេះ ដេញចាប់ក្មេងៗដើម្បីវះយកក្រលៀន ប៉ុន្តែសមត្ថកិច្ចអះអាងថា មិនទាន់ជាការពិតនៅឡើយទេ ខណៈកំពុងធ្វើការ ស្រាវជ្រាវ លើករណីនេះ។

មន្ត្រីនគរបាលស្រុកមុខកំពូលមួយរូប បាននិយាយថា នៅពេលសាកសួរទៅលើបងប្រុសបុរសជន ជាតិវៀតណាមនោះ គាត់បាននិយាយថា បុរសជនជាតិ វៀតណាមរូបនេះ ត្រូវបានបញ្ជូនមកឲ្យមើល ជួសជុលអង់តែន ក្រុមហ៊ុនទូរស័ព្ទ ០៩៧ នៅតំបន់នោះ អស់រយៈពេលពីរបីថ្ងៃមកហើយ។ ប៉ុន្តែសមត្ថកិច្ចបាន និយាយថា កន្លែងកើតហេតុ និងកន្លែងអង់តែនមានចម្ងាយជាង ១គីឡូ ហេតុអ្វី បានជាបុរសជនជាតិ វៀតណាមរូបនេះ ទៅដេញចាប់ក្មេងៗធ្វើអ្វី។

ប្រធានផ្នែកព្រហ្មទណ្ឌស្រុកមុខកំពូល លោក ប៊ុត ចាន់ថន បានប្រាប់ដើមអម្ពិល នៅមន្ទីរពេទ្យកាល់ម៉ែតថា រឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដោយរង់ចាំការសាកសួរទៅលើជនរងគ្រោះ ដែលបុរសជនជាតិវៀតណាម បាញ់ថ្នាំចំភ្នែកឲ្យសន្លប់ និងសាកសួរទៅលើបុរសជនជាតិវៀតណាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។

យោងតាមវេជ្ជបណ្ឌិតមួយរូប នៅមន្ទីរពេទ្យកាល់ម៉ែតបាននិយាយថា រឿងវះយកក្រលៀនមិនចេះតែ ធ្វើផ្តេសផ្តាសនោះទេ គឺធ្វើទៅតាមបច្ចេកទេស និងជំនាញត្រឹមត្រូវ ។

គួរបញ្ជាក់ថា រយៈពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងនិយាយតៗគ្នាថា មានករណីវះយកក្រលៀនពីក្មេងៗ ហើយពាក្យចចាមអារ៉ាមខាងលើនេះ បានឮដំបូងនៅខេត្តកំពត និងខេត្តតាកែវ ប៉ុន្តែស្នងការនគរបាលខេត្តទាំងនេះ បានបដិសេធចោល នូវព័ត៌មានទាំងនេះ ។

ជាក់ស្តែងនៅចំណុចអូរតាសេក ស្រុកវាលវែង ខេត្តពោធិសាត់ ប្រជាពលរដ្ឋដែលមានលុយចង់ជួល អ្នកដកស្ទូង និងធ្វើចម្ការ គឺរកមនុស្សជួលមិនបាននោះទេ ដោយម្នាក់ៗមិនហ៊ានចេញដើរផ្តេសផ្តាស ដោយខ្លាចមានគេ ចាប់យកទៅវះក្រលៀន ។

ដូច្នេះដើម្បីកុំឲ្យពាក្យចចាមអារ៉ាមខាងលើនេះ កាន់តែ រីកសុះសាយឡើង ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរមាន វិធានការ ក៏ដូចជាបើកយុទ្ធនាការផ្សព្វផ្សាយ ចៀសវាងការនិយាយតៗគ្នា ចំពោះបញ្ហានេះ៕

ជនជាតិវៀតណាម ដែលប្រជាពលរដ្ឋនាំគ្នាព្រួតវាយ :

ដោយ ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]