-បច្ចេកវិទ្យាទំនើប សិស្សបើកចាក់ តាមប្រព័ន្ធ ទូរស័ព្ទ អ៊ិនធើណែត Facebook

ភ្នំពេញ៖ សម័យប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ សីហា ដល់ថ្ងៃទី៨ សីហា ឆាប់ៗខាងមុខនេះ បេក្ខជនប្រឡងទូទាំងប្រទេសចំនួនជាង១០ម៉ឺននាក់ កំពុងត្រៀមខ្លួនប្រឡង បញ្ចប់ការ សិក្សាថ្នាក់មធ្យមសិក្សា ដែលខ្លួនបានចំណាយពេល សិក្សារយៈពេល១២ឆ្នាំកន្លងមក។

នៅពេលប្រឡងថ្នាក់ជាតិមកដល់ រួមទាំងប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)និងបឋមភូមិ(ឌីប្លូម) តែងតែ មានមតិរិះគន់ជារៀងរាល់ឆ្នាំថា ដំណើរការប្រឡងពុករលួយ សិស្សស៊ូកប៉ាន់គ្រូ បើកចាក់វិញ្ញសាជាដើម។ តែមកដល់សម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប រូបភាពថ្មីមួយដែលពេញនិយមសម្រាប់បេក្ខជនប្រឡង គឺការបញ្ជូនវិញ្ញាសា (ប្រ៊ីយ៉ុង) តាមប្រព័ន្ធអ៊ិនធើណែត online តួយ៉ាងដូចជាការចែកចាយតាមរយៈ Facebook។

ការពពាក់ពពួនរបស់សិស្សក្នុងការបញ្ជូនប្រ៊ីយ៉ុងតាម Facebook នេះ មិនមែនលើសិស្សក៏ដូចជាបេក្ខជន ទាំង អស់នោះទេ ពោលគឺមានតែសិស្សដែលមិនចូលសាសា សម្ភារៈនិយមមួយចំនួនតូច ទើបយកវិធីនេះមកប្រើ ប្រាស់ ក្នុងពេលប្រឡង ក៏ប៉ុន្តែសិស្សដែលខំសិក្សា ប្រឡងដោយសមត្ថភាពខ្លួនឯង មិនជ្រើសរើសពិធីនេះ នោះ ទេ ព្រោះអនាគត ការបន្តការសិក្សាសកលវិទ្យាល័យ ឈានទៅរកការស្វែងរកការងារធ្វើ គឺពឹងទៅលើសមត្ថភាព ដោយខ្លួនឯង។

បេក្ខជនប្រឡងមួយចំនួនជ្រើសរើសពិធីបើកចាក់តាមប្រព័ន្ធអ៊ីនធើណែតគឺ Facebook ដែលពូកគេចែក រំលែកវិញ្ញសាតាម Friend របស់ពួកគេជាដើម។

លោក សម មុនីរ័ត្ន អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា នៅក្នុងការប្រឡងមធ្យមសិក្សា ទុតិយភូមិ ក្នុងឆ្នាំ២០១២នេះ ក្រសួងបានត្រៀមលក្ខណៈ រួចជាស្រេច ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន។

លោកថា «ក្នុងពេលប្រឡង ប្រសិនជាមានបេក្ខជន ឬលោកគ្រូ អ្នកគ្រូអនុរក្ស និងប្រធានមណ្ឌលរូបណា ធ្វើខុសពីច្បាប់ ដែលក្រសួងបានដាក់ឲ្យនោះ ពួកគេនឹង ត្រូវទទួលការពិន័យទៅតាមច្បាប់»។

សូមបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១១៤.១១៤នាក់ ក្នុងនោះក្រសួង បានបែងចែកមណ្ឌលប្រឡងនៅទូទាំងប្រទេសចំនួន ២៥៤មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ៤៦១២ បន្ទប់។ រីឯប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្នើរដ្ឋមន្រ្តីក្រសួងអប់រំ លោក អ៊ឹម សិទ្ធី ចាត់វិធានការទប់ស្កាត់ លោកគ្រូ អ្នកគ្រូគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួន ដែលមានផែនការធ្វើចម្លើយ លក់នៅក្នុងមណ្ឌលប្រឡងបាក់ ឌុប។

យោងតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ញើទៅក្រសួងអប់រំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ បានឲ្យដឹងថា អ្នកគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួន កំពុងរៀបចំផែនការ ដោយសហការជាមួយ គ្រូបង្រៀន ថ្នាក់ ទី១២ ដោយមានភ្ជាប់សម្ភារៈ កុំព្យូទ័រ និងម៉ាស៊ីនកូពី តាមមណ្ឌលមួយចំនួន ដើម្បីធ្វើចម្លើយលក់ឲ្យ បេក្ខជនប្រឡងថ្នាក់ទី១២ នៅថ្ងៃទី០៦ ខែសីហា ខាងមុខនេះ។ លោក រ៉ុង ឈុន ក៏បានស្នើលោករដ្ឋ មន្រ្តីយក  ចិត្តទុកដាក់ខ្ពស់ ក្នុងពេលប្រឡងបាក់ឌុប នាពេលខាងមុខ ដើម្បីឲ្យការប្រឡងប្រកបដោយប្រសិទ្ធភាព៕

ដោយៈ សុក្រ វិច្ឆិកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]