ចិន៖ ចំជាអ្នកមានទេពកោសល្យអស្ចារ្យ ពិតប្រាកដមែន​! អ្នកភូមិម្នាក់ ក្នុងខេត្ត Henan បានចំណាយពេលវេលា កម្លាំងញើសឈាម និងថវិកាយ៉ាងច្រើនផ្ទាល់ខ្លួនរបស់គាត់ ដើម្បីកសាងស្នាដៃ បង្កើតបាឡុងហោះ បានយ៉ាងជោគជ័យ ។

យោងតាមប្រភពព័ត៌មាន បុរសជនជាតិចិន រស់នៅក្នុងខេត្ត Henan វ័យ២៩ឆ្នាំ ម្នាក់ ឈ្មោះ Shi Songbo បាននិយាយរៀបរាប់ថា គាត់ស្រឡាញ់ និងចូលចិត្តការហោះហើរខ្លាំងណាស់ ហើយគាត់ក៏ចង់សាកធ្វើវាថ្ងៃណាមួយផងដែរ។ ដូច្នេះ គាត់ក៏បានសម្រេចចិត្ត ជ្រើសរើសយកការបង្កើតបាឡុងហោះមួយនេះ តែម្តង។

ដើម្បីបង្កើត វត្ថុហោះហើរដ៏អស្ចារ្យនេះ គាត់បានចំណាយទឹកប្រាក់ អស់ចំនួន ៣សែនយ័ន ឬប្រមាណជាង ៤ម៉ឺនដុល្លារអាមេរិក ក្នុងការកែច្នៃបាឡុងហោះ ដែលមានប្រវែង ២៣ម៉ែត្រ និងកំពស់១០ម៉ែត្រ មួយឡើង។ បន្ទាប់ពីការសាងសង់រួចរាល់ ការបង្ហោះបាឡុង ត្រូវបានធ្វើឡើងជាលើកដំបូង ហើយជាលទ្ធផល បាឡុងហោះរបស់គាត់ អាចធ្វើដំណើរបានចំងាយ ៥០០ម៉ែត្រ នៅលើអាកាស និងចំណាយពេល ជិត២ម៉ោង សំរាប់ការចុះចតនិងហោះឡើងយ៉ាងរលូន ចំនួន៨លើក។

ជាងនេះទៅទៀត លោក Shi បាននិយាយប្រាប់អ្នករាយការណ៍ព័ត៌មាន ជាបន្តទៀតថា គាត់បានបោះបង់ការសិក្សា តាំងពីគាត់មានអាយុ១៧ឆ្នាំម៉្លេះ ដើម្បីបន្តក្តីស្រមៃជាមួយនឹងវិស័យហោះហើរ ។ គាត់មានការស្រឡាញ់យ៉ាង ងប់ងល់ ជាមួយនឹងការហោះហើរនេះណាស់ តាំងពីនៅសិក្សាថ្នាក់បឋមសិក្សា ពោលគឺ ពេលដែលរូបគាត់ បានឃើញរូបភាពយន្តហោះនៅក្នុងសៀវភៅបងប្រុសគាត់មក។ គួររំលឹកថា ក្រោយពីឈប់រៀន គាត់បានទៅបន្ត ធ្វើការនៅក្នុងក្រុមហ៊ុនផលិតគំរូយន្តហោះមួយកន្លែង ដែលជាកន្លែងអាចឲ្យគាត់បន្តការយល់ដឹង អំពីការបង្កើតយន្តហោះ បានមួយកម្រិតទៀត។

យ៉ាងណាមិញ ដោយមានចំណេះដឹងនៅក្នុងដៃស្រាប់ លោក Shi Songbo បានលាលែងតំណែងក្នុងក្រុមហ៊ុន ហើយបានចាប់ផ្តើមវិនិយោគថវិកា និងពេលវេលាដ៏មានតម្លៃរបស់គាត់ ដើម្បីបង្កើតបាឡុងហោះផ្ទាល់ខ្លួនរបស់គាត់ រហូតដល់បានជោគជ័យដូចនេះតែម្តង ៕

ប្រភព៖ Shanghaiist

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]