ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ លំដាប់កំពូលប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា បានបង្ហាញ ពីមហិច្ឆតា និងក្តីស្រមៃរបស់ខ្លួនថា ចង់ធ្វើឲ្យចម្រៀងខ្មែរ មានឈ្មោះល្បី កាន់តែខ្លាំងឡើងៗ និងមានឈ្មោះបោះ សំឡេង ដូចចម្រៀងបរទេស ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅ របស់ផលិតកម្ម ថោន និងជាបងប្រុសបង្កើត របស់តារាចម្រៀង កញ្ញា មាស សុខសោភា លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងពី មូលហេតុដែលតារាស្រីរូបនេះ បានព្យាយាមពង្រឹងសមត្ថភាព និងចេញបទចម្រៀង កាយវិការ ក្នុងបទចម្រៀង បែបស្ទីលបរទេសថា តាមពិតទៅសម្រាប់ចម្រៀងនិង MV ដែលអាភា ច្រៀងកន្លងមក វាគឺជាស្នាដៃ បានមកពីការ រួមសហការគ្នា ជាមួយក្រុមការងារ ធ្វើយ៉ាងណា ឲ្យបទចម្រៀងថ្មីប្លែក ហើយគោលបំណងរបស់យើង ការចេញបទ ចម្រៀងមួយៗ មិនមែនត្រឹមតែចង់ ប្រកួតប្រជែងទីផ្សារ ក្នុងស្រុកតែ ប៉ុណ្ណោះទេ តែយើងចង់ចូលរួមប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ។

អ្នកចាត់ការទូទៅរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «បទចម្រៀងដែល អាភា ថតដើម្បីដាក់បង្ហាញមហាជន និងបរទេស បានឃើញនោះនៅមិនទាន់ល្អ និងលេចធ្លោខ្លាំងក៏ដោយ តែយើងសប្បាយចិត្តនឹងបន្តធ្វើវា ព្រោះថានេះជាក្តីស្រមៃ ដែលយើងចង់ធ្វើ ឲ្យចម្រៀងខ្មែរល្បី នៅបរទេសបង្ហាញឲ្យបរទេស បានដឹងនិងឃើញ ពីស្នាដៃកូនខ្មែរថា យើងក៏អាច មានសមត្ថភាពធ្វើវា បានទោះជាពេលនេះចម្រៀង នៅមានកម្រិតក៏ដោយ តែយើងនិងក្រុមការងារ នៅតែខំប្រឹង បន្តទៀត»។

លោក មាស សុខរតនៈបានប្រាប់ឲ្យដឹងទាក់ទង ទៅនឹងការគាំទ្រទៀតថា សម្រាប់ MV ចម្រៀងរបស់ប្អូនស្រីលោក ទាំងចម្រៀងក្នុងស្រុក និងចម្រៀងដែលថត បែបស្ទីលបរទេស គឺទទួលបានការគាំទ្រ ប្រហាក់ប្រហែលគ្នា ហើយយើង និងធ្វើឲ្យវាដើរ ទន្ទឹមគ្នាដើម្បីតម្រូវចិត្ត និងការគាំទ្រគ្រប់មជ្ឈមដ្ឋាន ។

ជាមួយគ្នានេះ លោក មាស សុខរតនៈ ក៏បានប្រាប់ពីសន្ទុះការងារ របស់តារាស្រី មាស សុខសោភា ថាការងារនាង កាន់តែមមាញឹកកាន់តែខ្លាំង មិនមានការបាក់ស្រុត ប្រជាប្រិយភាពឡើយ ការងាររវល់ស្ទើរតែគ្មាន ពេលសម្រាកទេ ម្យ៉ាងត្រូវត្រៀមការងារ សម្រាប់ឆ្នាំ២០១៦ ខាងមុខផង ។ ហេតុនេះហើយ ទើបបង្ខំឲ្យ អាភា លុបគម្រោងចេញទៅ ក្រៅប្រទេស ឆ្នាំនេះ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា