ឥណ្ឌា៖ សហគ្រិនវ័យក្មេង ដែលទើបបញ្ចប់ការសិក្សា នៅឯមហាវិទ្យាល័យម្នាក់ មានមហិច្ឆតា ក្នុងការបង្កើត កំពូលរថយន្ត ដំបូងបង្អស់ ឲ្យប្រទេសឥណ្ឌា ដោយមានជំនួយ ពីវិស្វកររថយន្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Manipal Institute of Technology ហើយកំពូលរថយន្តនោះ អាចនឹងចេញមុខ មកប្រកួតប្រជែង ជាមួយនឹង កំពូលរថយន្ត ដទៃទៀត នៅឆ្នាំក្រោយនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Sarthak Paul វ័យ២១ឆ្នាំ ដែលជាសហគ្រិន វ័យក្មេងម្នាក់ នៅក្នុងក្រុមហ៊ុន Mean Metal Motors បានរៀបចំ និងបង្កើតគំរូរថយន្ត មួយចំនួន រួចមកហើយ ដោយក្នុងនោះ មានគំរូរថយន្តមួយគ្រឿង ត្រូវបានឲ្យឈ្មោះថា «M-Zero» ដែលនឹងបង្ហាញខ្លួន នៅក្នុងកម្មវិធី តាំងពិពណ៌រថយន្ត the 2016 Paris Motor Show ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង។


«M-Zero» គំរូកំពូលរថយន្ត ដំបូងបង្អស់ របស់ឥណ្ឌា

«M-Zero» អាចមានតម្លៃពីចន្លោះ ១២៥,០០០ដុល្លារ ទៅ ១៥០,០០០ដុល្លារ ហើយនឹងសម្លឹងរក ការប្រកួតប្រជែង ជាមួយនឹង កំពូលរថយន្ត ដែលមានល្បឿនលឿន និងកំលាំងខ្លាំងបំផុត លើពិភពលោក ទៀតផង។ អនាគតកំពូលរថយន្ត ដំបូងបង្អស់ របស់ប្រទេសឥណ្ឌានេះ អាចនឹងត្រូវគេផលិតឡើង ដោយអាចធ្វើដំណើរ ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេល មិនដល់ ៣វិនាទីឡើយ ហើយមានល្បឿនលឿនបំផុត ដល់ទៅ ៣២០គីឡូម៉ែត្រឯណោះ ក្នុងមួយម៉ោង និងបំពាក់ទៅដោយម៉ាស៊ីន ដែលមានកំលាំងសេះ ៥០០ ថែមទាំងមានជំនួយ ពីម៉ូទ័រអគ្គិសនី ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានកំពូលរថយន្តណាមួយ ដែលថាមិនបំពាក់ដោយ លក្ខណៈពិសេសនោះទេ ដូច្នេះហើយ ក្រុមហ៊ុន Mean Metal Motors ដែលផលិតកំពូលរថយន្ត «M-Zero» នឹងប្រើប្រាស់ ប្រព័ន្ធស្នាមម្រាមដៃ ឬ Fingerprint ជំនួសឲ្យ ការប្រើប្រាស់សោរ និងអនុញ្ញាតឲ្យ អ្នកបើកបរ បង្កើត Profile ផ្ទាល់ខ្លួន ដែលអាចកំណត់ កម្មវិធីផ្សេងៗ នៅពេលដែលពួកគេ ចូលទៅក្នុងរថយន្ត «M-Zero» នេះ ដោយក្នុងនោះ រួមមានទាំង ការតម្រូវទីតាំងកៅអី, កម្រិតម៉ាស៊ីនត្រជាក់ និងបញ្ជីចាក់បទចម្រៀង ឬ Music Playlist ជាដើម៕

តោះ! ទៅមើលរូបរាងគំរូ នៃកំំពូលរថយន្ត «M-Zero» ទាំងអស់គ្នា៖















ប្រភព ៖ autoguide

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]