ក្រុមហ៊ុន គូបូតា (ខេមបូឌា) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា ​បាត់ដំបង ផ្តល់ការ​បណ្តុះបណ្តាល បច្ចេកទេស​វិជ្ជាជីវៈ ដើម្បីរួមចំណែក អភិវឌ្ឍការអប់រំ បច្ចេកទេស​វិជ្ជាជីវៈ ដល់សិក្ខាកាម ក្នុងប្រទេស​កម្ពុជា​

ភ្នំពេញ៖ គូបូតា (ខេមបូឌា) បានសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា​បាត់ដំបង​​ ដើម្បី​អភិវឌ្ឍ និង​បង្កើត​កម្មវិធី​ពិសេស​មួយ​ សម្រាប់​យន្តការី​ ដែល​មាន​ឈ្មោះ​ថា​ “កម្មវិធី​បណ្តុះបណ្តាល ​បច្ចេកទេស​វិជ្ជាជីវៈ​ ក្នុង​ភាព​ជាដៃគូ ក្នុងតំបន់ គូបូតា” ដើម្បី​បង្កើន​ឱកាស ​ដល់​សិក្ខាកាម ​ក្នុង​ការ​ទទួល​បាន​ចំណេះ​ និង​ជំនាញ​សម្រាប់​ការ​ជួសជុល ថែទាំ​ ក៏ដូចជា​សេវាកម្ម​ ក្រោយ​ពេល​លក់​ សម្រាប់​គ្រឿង​យន្ត​កសិកម្ម​។​

លោក​ សមសាក់ ម៉ៅថន​ ប្រធាន​ផ្នែក​គ្រប់​គ្រង​ គម្រោង​របស់ក្រុមហ៊ុន​​ ស្យាម​ គូបូតា បាន​ឱ្យ​ដឹង​ថា​ គូបូតា (ខេមបូឌា) ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​មួយ ​របស់​ ស្យាម គូបូតា កាល​ពី​ពេល​ថ្មីៗ​​នេះ ​ទើប​​បាន​ចុះ​ហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​​មួយ ​ជាមួយ​វិទ្យាស្ថានបច្ចេកវិទ្យា​​បាត់​ដំបង ​ដើម្បី​​បង្កើត​ “កម្មវិធី​បណ្តុះបណ្តាល ​បច្ចេកទេស​​វិជ្ជាជីវៈ​ក្នុង​ភាព​ជាដៃគូ​ ក្នុង​តំបន់​ គូបូតា”​ ដែល​បង្កើត​​ប្រព័ន្ធ​​ទ្វេភាគី​​​​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ នៃ​ការ​អភិវឌ្ឍ​ និង​បង្កើត​ធនធាន​​ប្រជាជន​​ល្អៗ ​និង​ប្រកប​ដោយ​ជំនាញ​ ដើម្បី​បម្រើ​ដល់​វិស័យ​កសិកម្ម។​ សិក្ខាកាមបច្ចេកទេស​​វិជ្ជាជីវៈ ដែល​មាន​ឯកទេស ​ក្នុង​វិស័យ​នេះ ​ដូចជា ផ្នែក​យាន​យន្ត​ និង​ផ្នែក​​ទូទៅ​ជាដើម​​ នៅវិទ្យាស្ថាន ​នឹង​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​ចូល​ហ្វឹក​​ហាត់​ការ​ងារ ​នៅ​ក្រុម​ហ៊ុន​ពាក់ព័ន្ធ​ណាមួយ​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ ក៏​ដូច​ជា​​ដើម្បី​អភិវឌ្ឍជំនាញ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ជួស​ជុល​ និង​ថែទាំ​គ្រឿង​យន្ត​កសិកម្ម​ រួម​ជាមួយ​សេវាកម្ម ​ក្រោយ​ពេល​លក់។​ ក្រៅ​ពី​ការ​សិក្សា​ដោយផ្ទាល់ ​ពីអ្នក​ជំនាញ​ក្នុង​បរិស្ថាន​ការ​ងារ​ជាក់​ស្តែង​ ​សិក្ខាកាម​នឹង​អាច យក​បទពិសោធន៍​នេះ មក​​​​ប្រើ​ប្រាស់ ​​នៅ​​ថ្ងៃអនាគត។​ ស្របទៅតាម​កម្ម​វិធី​បណ្តុះ​បណ្តាល​ សិក្ខាកាម​ដែល​ត្រូវ​បាន​វាយ​តម្លៃ ​ថា​មាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន​ នឹងមាន​​ឱកាស​ក្លាយ​ជា​ បុគ្គលិក​ពេញ​សិទ្ធិ​តែម្តង។​

លោក​ អ៊ុក​ ដាវណ្ឌី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់​ដំបង​ បាន​ឱ្យ​ដឹងថា​ កម្មវិធី​សម្រាប់​យន្តការី​​កសិកម្ម​នេះ ​ត្រូវ​បាន​រួម​គ្នា​បង្កើត​ឡើង ​ជាលើក​ដំបូង​ដោយ ​ក្រុមហ៊ុន​ ស្យាម គូបូតា​ និង​​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់ ​ការលូតលាស់ ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​​ប្រទេស​។ “យើង​រីករាយ​ដែល​ក្រុមហ៊ុន គូបូតា (ខេមបូឌា)​ យល់​​ពី​សារសំខាន់ ​នៃ​ប្រព័ន្ធ​​ទ្វេភាគី ​​របស់​កម្មវិធី​នេះ​ ដែល​អនុញាត​ឱ្យ​ សិក្ខាកាម​មាន​ឱកាស​ទទួល​ការ​បណ្តុះ​បណ្តាល ​ក្នុង​បរិស្ថាន​ការងារ​ជាក់​ស្តែង ​​ដែល​ពួក​គេ​​នឹង​អាច​ ប្រើ​ប្រាស់​​ដោយ​ផ្ទាល់​​ នូវ​ជំនាញ​ក្នុង​ការ​ជួស​ជុល​ និង​ថែទាំ​​គ្រឿង​យន្ត​កសិកម្ម​ ព្រម​ទាំង​ជំនាញ ​ក្នុង​ការ​បម្រើ​សេវាកម្ម​ ក្រោយ​ពេល​លក់​ផងដែរ។​ បទពិសោធន៍​ជាក់​ស្តែង​ ដែល​ទទួល​បាន​ ក្នុង​រយៈពេល​ហ្វឹក​ហាត់​ការងារ​​នេះ​ អាច​នឹង​គ្រប់​គ្រាន់​ សម្រាប់​ពួក​គេ​ប្រើ​ប្រាស់ ​ក្នុង​អាជីព​របស់​គេ​ នាពេល​អនាគត។”​

សិក្ខាកាម​ដែល​បាន​ឆ្លង​កាត់ ​វគ្គ​បណ្តុះបណ្តាល​ នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​​ ចំណេះ​ដឹង ជំនាញ និង​បទពិសោធន៍​​ពី​ការ​អនុវត្តន៍​ជាក់​ស្តែង ​ជាមួយគម្រោង​ដែល​រៀប​ចំ​ឡើង​ដោយ​ គូបូតា (ខេមបូឌា)។ វគ្គដំបូង​នឹង​ចាប់​ផ្តើម ​​នៅ​ឆ្នាំ​ក្រោយ ​ចាប់​ពី​ថ្ងៃ​ទី ១ មេសា រហូត​ដល់ ១៥ កក្កដា​ ២០១៦។​

​លើស​ពី​នេះ​ទៅ​ទៀត​ ថ្ងៃ​នេះ​ក្រុមហ៊ុន​ គូបូតា (ខេមបូឌា)​​ បាន​ឧបត្ថម្ភ​ ម៉ាស៊ីន​ស្ទូង​ស្រូវ​ និង​ម៉ាស៊ីន​ច្រូត​ស្រូវ​ គូបូតា សម្រាប់​ការ​អនុវត្តន៍​ផ្ទាល់​ របស់​សិក្ខាកាម​​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​បាត់​ដំបង ​​ផ្នែក​យន្តការី​​កសិកម្ម បន្ថែម​លើ​ត្រាក់ទ័រ​មួយ​គ្រឿងផ្សេង​​ទៀត​ ដែល​ក្រុម​ហ៊ុន​បាន​ឧបត្ថម្ភ ​កាល​ពី ​ខែ ​មករា​ ឆ្នាំ ២០១៥។​

ក្រុមហ៊ុន ស្យាម គូបូតា បាន​សហការ​ជាមួយ ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ ជាលើក​ដំបូង​​ កាល​ពី​​ឆ្នាំ​ ២០១៤ ដោយ​ជ្រើស​រើស ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​បាត់​ដំបង ​​​ជា​វិទ្យាស្ថាន​​ត្រួស​ត្រាយ​ផ្លូវ​ ​ដែល​បាន​ចូលរួមអភិវឌ្ឍ​កម្មវិធី​សម្រាប់​យន្តការី​កសិកម្ម​ ហើយ​ជាលទ្ធផល ​គឺ​បាន​បើក ​​មជ្ឈមណ្ឌលអប់រំ​ បច្ចេកទេស​ គូបូតា ដើម្បី​ជួយ​កសាង​គុណភាព​យន្តការី​កសិកម្ម​ និង​ដើម្បី​​បង្កើន​កម្រិត ​នៃ​ការ​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ឆ្ពោះ​ទៅ​កាន់​ស្តង់ដា​អន្តរជាតិ​៕






បញ្ចូលអត្ថបទដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]