សហរដ្ឋអាមេរិក៖ តើអ្នកធុញទ្រាន់ នឹងការកកស្ទះចរាចរណាស់ មែនទេ? នាពេលខាងមុខនេះ បញ្ហាកកស្ទះចរាចរ ប្រហែលអាចនឹង ធូរស្បើយ ជាក់ជាមិនខាន ដោយសារតែមាន រថយន្តបើកលើអាកាស ដែលកំពុងតែបង្កើតឡើង។


រថយន្តបើកលើអាកាស តាមប្រព័ន្ធផ្លូវអាកាសទំនើបថ្មី (រូបតំណាង)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តដ៏ពិសេស និងអស្ចារ្យថ្មីនេះ នឹងធ្វើដំណើរ តាមប្រព័ន្ធផ្លូវអាកាស នៅលើកំពស់ចន្លោះ ពី ៦ ទៅ ៩ម៉ែត្រពីដី ដែលកំពុងតែ បង្កើតឡើង ដោយក្រុមហ៊ុន SkyTran។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SkyTran គឺជាក្រុមហ៊ុនរបស់ អង្គការអាវកាសណាសា ដែលមានទីតាំងមូលដ្ឋាន នៅក្នុងការិយាល័យកណ្តាល នៃមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់អង្គការណាសា (NASA Ames Research Center) ស្ថិតក្នុងទីក្រុង Mountain View នៃរដ្ឋ California សហរដ្ឋអាមេរិក ដែលផ្តល់នូវ ប្រព័ន្ធដឹកជញ្ជូនផ្ទាល់ខ្លួន ល្បឿនលឿន តម្លៃទាប និងឆាប់រហ័សបំផុត។


រថយន្តបើកលើអាកាស តាមប្រព័ន្ធផ្លូវអាកាសទំនើបថ្មី (រូបតំណាង)

SkyTran បាននិងកំពុងតែ បង្កើតប្រព័ន្ធរថយន្ត បើកលើអាសកាស អស់រយៈពេល ៥ឆ្នាំមកហើយ ហើយវានឹងដាក់បង្ហាញ គម្រោងសាកល្បង នៅចុងខែតុលា នេះឯង នៅក្នុងទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល ។ ប្រព័ន្ធនេះនឹងដំណើរការ នៅរយៈកំពស់ ប្រហែល ២៧០ម៉ែត្រ នៅលើបរិវេណ នៃអាគារក្រុមហ៊ុន Israel Aerospace Industries ក្នុងប្រទេសអ៊ីស្រាអែល ដែលជាដៃគូសហការ ជាមួយនឹងក្រុមហ៊ុន SkyTran ក្នុងការបង្កើតរថយន្តនេះឡើង។

ជាដំបូង ក្រុមហ៊ុននឹងដាក់ឲ្យដំណើរការ តែរថយន្តមួយគ្រឿងប៉ុណ្ណោះ ដែលរថយន្តនោះ អាចផ្ទុកមនុស្ស រហូតដល់ទៅ ៤នាក់ ហើយអាចធ្វើដំណើរ បានល្បឿនលឿន រហូតដល់ទៅ ៩៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន SkyTran សង្ឃឹមថា នឹងដាក់បន្ថែមរថយន្ត ជាច្រើនគ្រឿងទៀត ប្រសិនបើ ការដាក់លើកដំបូងនេះ ទទួលបានជោគជ័យ ពោលគឺក្រុមហ៊ុន នឹងដាក់បន្ថែមរថយន្ត នៅក្នុងទីក្រុង នៃប្រទេសអ៊ីស្រាអែល យ៉ាងហោចណាស់ ចំនួន៣ ទៅក្រុងទៀត និងទីក្រុង នៃសហរដ្ឋអាមេរិក មួយចំនួន នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ ហើយនិង ទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ។


រថយន្តបើកលើអាកាស តាមប្រព័ន្ធផ្លូវអាកាសទំនើបថ្មី (រូបតំណាង)

លោក Jerry Sanders នាយកប្រតិបត្តិ របស់ក្រុមហ៊ុន SkyTran បាននិយាយថា «ប្រព័ន្ធផ្លូវរថយន្ត លើអាកាសនេះ គឺបានបង្កើតឡើង ដោយចំណាយអស់ប្រាក់តិច និងងាយស្រួលបង្កើត ជាងផ្លូវរថភ្លើង និងផ្លូវក្រោមដី ទៅទៀត។ ម្យ៉ាងវិញទៀតនោះ វាក៏មិនបំពុល ដល់បរិស្ថានដែរ។ នេះជាមូលហេតុ ដែលយើងគិតថា វាសំខាន់សម្រាប់ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ ប្រព័ន្ធផ្លូវក្រោមដី អាចចំណាយពីចន្លោះ ១០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ និងចំណាយថាមពល អស់ច្រើនទៀតផង ខណៈប្រព័ន្ធផ្លូវលើអាកាស របស់ក្រុមហ៊ុន SkyTran ចំណាយប្រហែល ៨លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ និង ចន្លោះពី ២៥,០០០ដុល្លារ ទៅ ៣០,០០០ដុល្លារ សម្រាប់ថ្លៃរថយន្ត មួយគ្រឿង តែប៉ុណ្ណោះ។ ជាងនេះទៅទៀត រថយន្តដំណើរការដោយ ប្រព័ន្ធ Hybrid ដែលមិនបង្កឲ្យ ប៉ះពាល់ ដល់បរិស្ថាន។»


លោក Jerry Sanders នាយកប្រតិបត្តិ របស់ក្រុមហ៊ុន SkyTran

គួរឲ្យដឹងផងដែរថា ប្រព័ន្ធផ្លូវលើអាកាស របស់ក្រុមហ៊ុន SkyTran ត្រូវបានបង្កើតឡើង ពីដែកថែប និងអាលុយមីញ៉ូម ហើយប្រព័ន្ធផ្លូវទាំងមូល អាចផ្គុំ និងដំឡើង ក្នុងរយៈពេល ប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រព័ន្ធផ្លូវអាកាសនេះ ប្រើប្រាស់បច្ចេកវិទ្យា “Magnetic Levitation” ដើម្បីបំលាស់ទីរថយន្ត ឬអាចនិយាយបានថាជា មេដែកអគ្គិសនី ដែលធ្វើឲ្យរថយន្ត ធ្វើដំណើរទៅមុខបាន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ CNN & SkyTran

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]