រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​​ទោរ​​​ជិះម៉ូតូ​ត្រឡប់​មក​ពី​ទិញ​​​​ងាវ​យក​ទៅ​ក្លែម​​បន្តទៀត​​​បាន​ជិះទៅបុក​រថយន្ត​កាមរី​​ឆ្លាម​ បណ្តាលឱ្យ​​ដួល​រយះ​កែង​​ដៃ​ខាង​ឆ្វេង​ តែ​និយាយ​​​ស្តាប់​គ្នា​មិន​បានសមត្ថកិច្ច​ក៏យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​ចាំ​ស្វាង​ស្រា​​និយាយ​គ្នា​ ។ ករណី​​​នេះ​កើតឡើង​កាល​ពី​វេលាម៉ោង​​​៨និង​​៥០​នាទី​យប់​ថ្ងៃទី​៣១​ កក្កដា តាម​ផ្លូវ​លេខ​​៣១៥​កែង​ផ្លូវ​លេខ​​​៥៩៨​ ចំណុច​មុខ​ផ្ទះ​​លេខ​​៣២ សង្កាត់​បឹង​កក់​២ ខណ្ឌ​​ទួល​គោក​ ។

សាក្សី​ឃើញហេតុការណ៍​​បាន​ឱ្យ​ដឹងថា ​បុរស​ម្នាក់​ស្រវឹង​ទោរ​​ជិះម៉ូតូ​​​ម៉ាក​សេ​​ដេ ពណ៌​ខ្មៅ​តាម​ផ្លូវ​លេខ​៥៩៨​ ពី​ត្បូង​ទៅ​ជើង​ ចំណែក​រថយន្ត​​​កាមរី​ឆ្លាម​​​ ពណ៌​ស្ករ​មួយគ្រឿង​​បើក​តាម​ផ្លូវ​លេខ​​៣១៥​ ពីកើតទៅ​លិច​ ខណៈ​មកដល់​ចំណុច​​​​ខាង​លើ​​ម៉ូតូ​បត់​ឆ្វេង​​​ក៏​ជ្រុល​ទៅបុក​រថយន្ត​​​បណ្តាល​ឱ្យ​ដួល​រយះ​កែង​ដៃ​ ចំណែក​គ្រឿង​​ក្លែម​វិញ​កាន់​ជាប់​មិនឱ្យ​របូត​​ពីដៃទេ ទោះ​បី​ជា​​​ដួល​រង​របួស​​ក៏​ដោយ ។

ម៉ូតូ​និង​រថយន្ត​​​រលាត់​ថ្នាំ​​តិចតួច​ ម្ចាស់​រថយន្ត​បាន​ទាម​ទារ​ឱ្យ​​អ្នកបើក​ម៉ូតូ​​​សងការ​ខូច​ខាត​​រថយន្ត​របស់​គាត់​ ឯអ្នកជិះម៉ូតូ​​​​ដោយ​សារ​​​​តែ​ស្រវឹង​​​ដាប​ពេក​និយាយ​​លែង​ដឹង​​​ទិស​តំបន់​​​ស្តាប់​គ្នា​មិន​បាន​ ទើប​ម្ចាស់​រថយន្ត​​​ឱ្យ​សមត្ថ​កិច្ច​​​វាស់​វែង​​យកម៉ូតូ​និង​រថយន្ត​ទៅរក្សា​ទុក​​នៅ​ខណ្ឌ​​ទួល​គោករង់​ចាំ​​ដោះស្រាយ​ជា​ក្រោយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]