បាត់ដំបងៈ កម្មករធ្វើផ្លូវពីភ្នំព្រឹក្សឆ្ពោះទៅខេត្ត ប៉ៃលិន របស់ក្រុមហ៊ុនវិនិយោគចិន ឈ្មោះសៀងហៃ ៣នាក់ ក្នុងនោះម្នាក់ជាជនជាតិចិន បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារផ្ទាះថ្មភ្នំបាក់សង្កត់លើ ខណៈកំពុង បំពេញការងារនៅក្នុងការដ្ឋានវាយបំបែកថ្ម ស្ថិតក្នុងភូមិ-ឃុំ-ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង នាវេលាម៉ោង១រសៀល ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១២ ។

នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ឡាច ប្រុស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃនេះ តាមទូរស័ព្ទថា ក្រុមកម្មករដែលគ្រោះថ្នាក់ ខាងលើនេះ ទី១. ឈ្មោះ លូ ហ្សៀង អាយុ ៣៧ឆ្នាំ ជនជាតិចិន ជាមេការ ទី២. ឈ្មោះ ស៊ុន ភក្តី ហៅម៉ាប់ អាយុ ២៥ឆ្នាំ ទី៣. ឈ្មោះ ភុំ ហុន អាយុ ២៧ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះ បានស្លាប់ភ្លាមៗនៅក្នុងការដ្ឋានតែម្តង ដោយឡែកកម្មករម្នាក់ទៀត ដែលរងរបួសធ្ងន់នោះ ឈ្មោះ ស៊ុន វិសាល ហៅ តុលា អាយុ ២៣ឆ្នាំ។

លោកអនុសេនីយ៍ឯករូបនេះ បានបន្តឲ្យដឹងទៀតថា ខណៈដែលជនរងគ្រោះជាកម្មករទាំងអស់កំពុងប្រើគ្រឿង ចក្រកាយយកថ្ម ដើម្បីវាយបំបែកទៅធ្វើផ្លូវនោះ ស្រាប់តែផ្ទាំងថ្មមួយផ្ទាំងធំ បានបាក់ធ្លាក់ចុះមក ហើយសង្កត់ កម្មករឲ្យស្លាប់ និងរងរបួសតែម្តងទៅ។ ភ្លាមៗនោះជនរងគ្រោះម្នាក់ដែលរងរបួសនោះ ត្រូវបានក្រុមការងារ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជនក្នុងស្រុកភ្នំព្រឹក្សនោះផងដែរ។ ដោយឡែកសពជនរងគ្រោះត្រូវ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]