រាជធានី​ភ្នំពេញ ៖ កញ្ញា​ឈិ​ន សុធា​រី និង​តារា​សម្តែង​លោក​សុវណ្ណ មក​រា បាន​លាតត្រដាង​ការណ៍​ពិត​ហើយ បន្ទាប់​ពី​បិទ​បាំង​ចំណង​ស្នេហ៍​ជា​យូរ​មក ។

ក្រោយ​លេចឮ​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពេល​នេះ​អ​តី​តារា​សម្តែង​លោក​សុវណ្ណ មក​រា និង​អតីត​ពិធី​ការិនី​កញ្ញា​ឈិ​ន សុធា​រី សម្រេចចិត្ត​ប្រើប្រាស់​ជីវិត​រួម​គ្នា​ដោយ​ចូល​រោងការ​នៅ​ថ្ងៃនេះ​ទី​២១ តុលា ២០១៥ ។ ទោះជា​យ៉ាងណា​ក្តី មង្គលការ​នេះ​នឹង​មាន​វត្តមាន​ភ្ញៀវ ពិសេស​អ្នកសិល្បៈ​ចូលរួម​មិន​ច្រើន​ប៉ុន្មាន​ទេ ។

អតីត​ពិធី​ការិនី​កម្មវិធី «​តារា​មាស​តន្ត្រី​» របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កញ្ញា​ឈិ​ន សុធា​រី ហាក់​មិន​ទាន់​រក​ទ្រនំ​ការងារ​បាន​ជ្រក​ទេ ក្រោយ​បាត់បង់​តំណែង​ជា​ច្រើន​ឆ្នាំ ។ ក្រោយ​ផ្តាច់​ពាក្យ​ពី​គូ​ដណ្តឹង​អ្នកជំនួញ​វ័យក្មេង​មក កញ្ញា​ឈិ​ន សុធា​រី ត្រូវ​បាន​លួងលោម​ប្រលោម​ស្នេហ៍​ដោយ​បុរស​ពោះម៉ាយ​សុវណ្ណ មក​រា ធ្វើ​ឱ្យ​បេះដូង​នាង​កក់ក្តៅ​ជា​ថ្មី ។ ទោះបីជា​កន្លង​មក​ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ទម្លាយ​ថា​លេច​ចេញ​ភាព​រកាំរកូស​ច្រើន​ក្តី ប៉ុន្តែ​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​របស់​ពួក​គេ​នឹង​កើតឡើង​នៅ​ថ្ងៃនេះ ។

ពិធី​មង្គលការ​ដែល​នឹង​រៀបចំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​មិន​អាច​ទទួល​បានការ​បញ្ជាក់​ពី​កញ្ញា​ឈិ​ន សុធា​រី​ទេ ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​អនាគត​ស្វាមី​នាង​ទទួលស្គាល់​ថា ជា​ការណ៍​ពិត ។ សុវណ្ណ មក​រា លើក​ឡើង​ដោយ​ខ្លី​ថា មិន​មាន​វត្តមាន​ភ្ញៀវ​ច្រើន​ចូលរួម​ទេ ពោល​គឺ​ភាគី​ទាំង​សងខាង​មាន​ត្រឹមតែ​៣០០​នាក់​ប៉ុណ្ណោះ ។ ពិធី​មង្គលការ​នេះ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី ហើយ​ល្ងាច​ថ្ងៃ​ទី​២១​ខែតុលា​រៀបចំ​ពិធីជប់លៀង​ទទួលភ្ញៀវ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ។ វត្តមាន​ភ្ញៀវ​ចូលរួម​នា​ឱកាស​នោះ គឺ​មាន​តែ​អ្នក​ជិតដិត​ខ្លាំង​បំផុត ហើយ​ហេតុ​ដែល​មិន​អញ្ជើញ​អ្នកសិល្បៈ​ចូលរួម​ច្រើន ព្រោះ​ខ្លាច​រំខាន ។

អ្នកសិល្បៈ​មួយ​ចំនួន​បាន​លើក​ឡើង​ថា មង្គលការ​នេះ​នឹង​មិន​មាន​វត្តមាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​ដូច​មង្គលការ​សិល្បករ​ដទៃ​ទេ ព្រោះតែ​អ្នក​ទាំង​ពីរ​ហាក់​មិន​ភ្ជាប់​ការ​ទាក់ទង​ច្រើន​ជាមួយ​អ្នកសិល្បៈ ខណៈ​ដែល​ដែល​ពួក​គេ​ផ្អាក​ការងារ​សិល្បៈ រៀង​ៗ​ខ្លួន​យូរ​មក​ហើយ ។ លោក​សុវណ្ណ មក​រា មិន​ភ្ជាប់​ខ្លួន​ជាមួយ​អាជីព​សិល្បៈ​ដូច​មុន​ទេ ព្រោះតែ​បច្ចុប្បន្ន​លោក​អាច​មាន​តំណែង​ណាមួយ​ក្នុង​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​គិត ម៉េ​ង ហើយ​ក៏​ជា​មនុស្ស​ជំនិត​របស់​ភរិយា​អ្នកឧកញ៉ា​ផង​ដែរ ។

មានការ​លើក​ឡើង​ថា ក្រោយ​រៀប​ការ​រួច​លោក​សុវណ្ណ មក​រា និង​កញ្ញា​ឈិ​ន សុធា​រី អាច​នឹង​ឈោង​ចាប់​យក​ជំនួញ​ណាមួយ​សម្រាប់​កសាង​ក្រុម​គ្រួសារ ។
សម្រាប់​ពិធីជប់លៀង​មង្គលការ​របស់​អតីត​អ្នកសិល្បៈ​ទាំង​២​នាក់​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នេះ​ទំនងជា​មានការ​ជ្រោមជ្រែង​ជួយ​ពី​លោក​ឧកញ៉ា និង​ភរិយា​ដែល​ជា​ចៅហ្វាយ ។

កញ្ញា​ឈិ​ន សុធា​រី ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ត្រកូល​«​ឈិ​ន​» ដែល​ពុះពារ​ក្នុង​អាជីព​សិល្បៈ ពិសេស​បន្ទាប់​ពី​បងស្រី​របស់​នាង​ឈិ​ន សុ​រ៉ា​វី បាន​ទទួលមរណភាព​ទៅ ចំណែក​បងប្រុស​នាង​លោក​ឈិ​ន កុសល ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ​ទៅ​ហើយ ។ សុធា​រី​បាន​បែកបាក់​ពី​គូ​ដណ្តឹង​ដែល​ស្រឡាញ់​គ្នា​ជាង​១០​ឆ្នាំ ព្រមទាំង​រឹតតែ​ស្រងូតស្រងាត់​ថែម​ទៀត ព្រោះតែ​តំណែង​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ របូត​ព្រម​គ្នា ។ គាប់​ជួន​ពេល​នោះ​លោក​សុវណ្ណ មក​រា លែងលះ​ប្រពន្ធ​នៅ​អា​មេ​រិ​ក ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លួងលោម ព្យាបាល​បេះដូង​សុធា​រី ឱ្យ​មាន​កម្តៅ​សា​ជា​ថ្មី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]