រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​តារា​សំដែង​ជើង​ចាស់ ចាន់ តារា​ទី ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ក្នុង​ស្ថានភាព​ស្រវឹង​ ជោគ​រេ​ពេញ​ផ្លូវ​ទៅ​ បុក​ចំ​ពីមុខ ដែល​ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ តុលា ២០១៥ តាម​បណ្តោយ​ផ្លូវ​បេតុង​ ជិត​ស្ពានដែក​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​តារា​សំដែង​ ជើង​ចាស់ អ្នក​នាង ចាន់ តារា​ទី បើករថយន្ត​មួយ​ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2133 តាម​បណ្តោយ​ផ្លូវ​៣៧១ ពី​ជើង​ទៅ​ត្បូង​ លុះ​ជិត​ដល់​ស្ពានដែក​ស្ទឹង​ មាន​ជ័យ​ក៏​បត់​ឆ្វេង ខណៈ​នោះ​ស្រាប់តែ​បុរស​ ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-1138 ក្នុង​ស្ថានភាព​ ស្រវឹង​រេ​ពេញ​ផ្លូវ​ ហើយ​ក៏​មក​បុក​រថយន្ត​របស់​ តារា​សំដែង​ជើង​ចាស់​ រូប​នេះ​ចំ​ពីមុខ​យ៉ាង​ពេញ ទំហឹង​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ អ្នក​នាង ចាន់ តារា​ទី ចុះ​ពីលើ​រថយន្ត​មើល​រថយន្ត​ របស់​គាត់​ខូចខាត​ និង​កំ​ពិត​ធុង​ទឹក ក៏​ទារ​សំណង​ ១០០​ដុល្លារ​ពី​បុរស​ ស្រវឹងស្រា​រូប​នោះ តែ​ដោយ​បុរស​ស្រវឹង ស្រា​រូប​នោះ​ថា​អត់​មានលុយ និង​ជជែក​គ្នា​អស់​ រយៈពេល​ប្រហែលជា​៣០​នាទី​ មិន​ត្រូវ​គ្នា​ ក៏​ហៅ​សមត្ថកិច្ច​មក​ យក​ទាំង​ម៉ូតូ ទាំង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ ខណ្ឌមានជ័យ ​ដើម្បី​ដោះស្រាយ​គ្នា​ នៅ​ពេល​ក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ តារា​ទី