អង់គ្លេស៖ បងប្អូនស្រី ជនជាតិហ្វីលីពីន ៤នាក់ ពុះពារជិះយន្តហោះ ពីហ្វីលីពីន ដើម្បីបានចូលរួម ក្នុងកម្មវិធីប្រឡងចម្រៀងសកល ដ៏ល្បីល្បាញ The X Factor​ UK ឆ្នាំ២០១៥ នៅឯចក្រភពអង់គ្លេស ព្រោះហេតុផលដ៏គួឲ្យសង្វេគមួយ។


បងប្អូនស្រីទាំង៤ ក្រុម 4th Power

បងប្អូនស្រីជនជាតិហ្វីលីពីន ៤នាក់ ឈ្មោះ Almira (២៧ឆ្នាំ), Irene (២៥ឆ្នាំ), Mylene (២៣ឆ្នាំ) និង Celena (១៩ឆ្នាំ)  បានសម្រេចចិត្ត បង្កើតជាក្រុមចម្រៀងមួយ ដោយដាក់ឈ្មោះថា 4th Power និងបានឈានជើងចូលប្រឡង កម្មវិធីប្រឡងចម្រៀងសកល The X Factor UK ឆ្នាំ២០១៥នេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក។

នៅក្នុងកិច្ចសម្ភាន៍មួយ កាលពីពេលថ្មីៗកន្លងទៅថ្មីនេះ 4th Power បានបង្ហើបប្រាប់ពីហេតុផលមួយ ដែលធ្វើឲ្យពួកគេខំពុះពារចូលប្រកួតកម្មវិធីនេះ គឺមិនមែនព្រោះតែក្តីស្រមៃ និងចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺអ្វីៗ ដើម្បីជួយសង្គ្រោះ មនុស្សជាទីស្រឡាញ់របស់ពួកគេម្នាក់។

ក្រុម 4th Power មានទីលំនៅ ក្នុងតំបន់ក្រីក្រមួយ ជាប់នឹងទីក្រុង Santiago មានឳពុក ឈ្មោះ Dominador និងម្តាយឈ្មោះ Erlindo។ លោក Dominador មានជំងឺដុះសាច់ក្នុងខួរក្បាល ហើយប្រសិនបើ មិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ គាត់នឹងឈានដល់ការពិការភ្នែក។

4th Power បានប្រាប់ឲ្យដឹងទៀតថា ពួកគេទាមទារការឈ្នះជាខ្លាំង ក៏ព្រោះតែពួកគេ យកប្រាក់រង្វាន់ ពីជ័យជំនះនោះ ដើម្បីផ្តល់ការវះកាត់ ជួយសង្គ្រោះអាយុជីវិត ឪពុករបស់ពួកនាង។

បងស្រីច្បង នាង Almira  បាននិយាយថា៖ "បច្ចុប្បន្ននេះ ឪពុករបស់ពួកយើង គាត់មិនអាច ធ្វើការអ្វីបានទេ ក៏ព្រោះតែដុំសាច់នោះ កាន់តែរីកធំឡើង ហើយវានឹងធ្វើឲ្យគាត់ពិការភ្នែក។ គាត់ត្រូវការការវះកាត់ ប៉ុន្តែពួកយើងមិនមានប្រាក់នោះទេ ដូច្នេះ The X Factor UK នេះហើយ ដែលជាក្តីសង្ឃឹមតែមួយគត់"។ នាងបានប្រាប់ដឹងថា ការវះកាត់ ត្រូវការចំណាយប្រាក់ រហូតដល់ទៅ ១៥,៤៩៤ដុល្លាអាមេរិកឯណោះ។

នាង Almira បានប្រាប់ឲ្យដឹងទៀតថា ពីមុនឪពុកនាង គឺជាយន្តការីមួយរូប ប៉ុន្តែឥឡូវនេះ គាត់បានធ្លាក់ខ្លួន ជាអ្នកអូសរទេះប្រមូលសំរាមម្នាក់។

នាងបានបន្ថែមទៀតថា៖ "ជម្ងឺរបស់គាត់ គឺបានជះឥទ្ធិពល ដល់ពួកយើងខ្លាំងណាស់។ ពួកយើង ច្រៀងរាល់ដងនោះ គឺសម្រាប់គាត់។ វាគឺជាការលើកទឹកចិត្តមួយ គាត់ជាកំលាំងចិត្តរបស់ពួកយើង"៕


ក្រុម 4th Power និងក្រុមគ្រួសារ


សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព Mirror

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]