សិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បីផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ត្រូវ​បាន​រៀបចំ​ឡើង នៅថ្ងៃទី២ ​ខែសីហា ឆ្នាំ២០១២​ នៅរាជធានីភ្នំពេញ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និងដឹកជញ្ជូន និងជា​ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅប្រទេសកម្ពុជា។ លើសពីនោះក៏​មាន​​​​ការចូលរួមពីឯកឧត្ដម លោកជំទាវជាតំណាងមកពី​ក្រសួងនានា ​ជាសមាជិក សមាជិកានៃ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលដែល​ធ្វើ​ការងារ​លើសុវត្ថិភាពចរាចរណ៍ជាច្រើនរូបទៀតផងដែរ។

គោល​បំណងជាចំបងនៃសិក្ខាសាលានេះ គឹ​ដើម្បីចូលរួមចំណែកក្នុងការជំរុញការធ្វើ​ច្បាប់​​ចរាចរណ៍​ថ្មីប្រកបដោយប្រសិទ្ធភាពក្នុងកាត់បន្ថយអាត្រា​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ ពិសេស​របួសក្បាលក្នុងចំណោម អ្នករួមដំណើរតាមម៉ូតូ​ពេល មាន​ឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់​ចរាចរណ៍​។​

តាមរបាយការណ៍បឋមនៃប្រព័ន្ធព័តមាន ជនរងគ្រោះនិងគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ២០១១​កន្លងមក​​ មានជនរងគ្រោះ ថ្នាក់ចរាចរណ៍ដល់ស្លាប់ចំនួនជិត​២០០០នាក់។ ​​ ​ ​ជនរង​គ្រោះថ្នាក់ភាគច្រើនជាអ្នកប្រើ​ប្រាស់​ម៉ូតូ ​ក្នុងនោះ​ ប្រមាណ ៧០%​ នៃជនរងគ្រោះដល់ស្លាប់ មានរបួស​ក្បាល។​ គួរកត់សម្គាល់ថា​ ក្នុងចំណោម​អ្នកជិះម៉ូតូ​ហើយ​រងគ្រោះថ្នាក់ដល់ស្លាប់ទាំងអស់ អ្នកដែលជាអ្នកជិះពីក្រោយមានអត្រា រង​របួស​ក្បាល​ខ្ពស់​ជាង​​អ្នក​បើកបរម៉ូតូទៅទៀត ។

ជាទូទៅ របួសក្បាល អាចនាំឲ្យជនរងគ្រោះប្រឈមនឹងការស្លាប់បាន។ ក្រៅពីនោះ វាក៏ទាមទារឲ្យមានការថែទាំព្យាបាលពិសេសជាង  ក្នុងរយៈពេលយូរជាង​ ហើយក៏ត្រូវការ​ចំណាយថវិកាខ្ពស់ជាងការព្យាបាលរបួសស្នាមនៅកន្លែងផ្សេងទៀតនៃដងខ្លួនដែរ។

យោងតាមរបាយការណ៍​ របស់អង្គការជនពិការអន្តរជាតិបែលហ្សិក បានបង្ហាញថា នាឆ្នាំ២០១១កន្លងមក ក្នុង​ចំណោម​​អ្នក​បើកបរម៉ូតូនៅ​ទីក្រុង​ភ្នំពេញ មានអត្រា​ពាក់មួក សុវត្ថិភាពក្រោម៩០% ​នា​ពេល​ថ្ងៃ និង៦០%​ នាពេល​យប់​ រីឯអ្នករួមដំណើរជាមួយ មានអត្រាពាក់មួក​ តិចជាង១០% ។

អង្គសិក្ខាសាលាបានប្រព្រឺត្ដទៅដោយមានការពិភាក្សា និងផ្ដល់យោបល់ពីក្រុមការងារ បច្ចេកទេស លើ​កិច្ចការ​​សុវត្ថិភាព​ចរាចរណ៍ ក្នុងនោះបានមើលឃើញថាដើម្បីលើកកម្ពស់ សុវត្ថិភាព​ដល់អ្នកធ្វើ​ដំណើរ​ជាមួយ ដែលជាទូទៅ​ប្រឈមនិង​ការរងរបួសក្បាលច្រើនជាង អ្នកបើកបរ​ទៅទៀតនោះ រាជ​រដ្ឋាភិបាល​​គួរជម្រុញការធ្វើ​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេស​ដោយ​យោងតាមមាត្រាទី៩នៃច្បាប់ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ដោយតម្រូវឲ្យអ្នកបើកបរទោចក្រយានយន្ត(ម៉ូតូ) និងអ្នករួមដំណើរ ក្នុងនោះរួមទាំងកុមារផង ត្រូវ​ពាក់​មួក​សុវត្ថិភាពរាល់​ពេល​ធ្វើដំណើរ។

ការអនុម័តច្បាប់ចរាចរណ៍ថ្មីបាន​ឆាប់រហ័ស​​ប៉ុណ្ណា នោះការជួយឲ្យអត្រារងរបួសក្បាល​ ឬស្លាប់​ដោយ​​សាររបួសក្បាលធ្ងន់ធ្ងរពេលមានគ្រោះថ្នាក់ចរាចរណ៍នឹងបានថយ​ចុះឆាប់​រហ័ស​ប៉ុណ្ណោះ​ដែរ។ គួររំលឹកដែរថា នៅក្នុងផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍​ផ្លូវគោក កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត បានប្តេជ្ញាកាត់​បន្ថយចំនួនស្លាប់ដោយសារ​គ្រោះ​ថ្នា​ក់​ចរាចរណ៍​​ឲ្យបាន៥០% ​នាឆ្នាំ២០២០ខាងមុខ ស្របគ្នាទៅនឹងទឹសដៅ ផែនការ​ទសវត្សរ៍ សកម្មភាពសុវត្ថិភាពចរាចរណ៍​ផ្លូវគោក របស់អង្គការសហប្រជាជាតិ ២០១១​‌‌-២០២០ ៕

សម្រាប់ព័ត៌មានបន្ថែម

លោក ឈួន វន់ ប្រធានផ្នែកស្ថិតិសុវត្ថិភាពចរាចរណ៍

អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទូរស័ព្ទៈ​016​ 88​6​ 464

អ៊ីម៉ែលៈ[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]