អាមេរិក៖ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ទើបនឹងបង្កើតបាននូវ ឧបករណ៍បច្ចេកវិទ្យា ដ៏អស្ចារ្យ និងថ្មីស្រឡាងមួយ ដែលនោះគឺជាបន្ទះសូឡាដ៏ថ្លាឈ្វេង មានរូបរាងដូចជាកញ្ចក់ធម្មតា ប៉ុន្តែអាចស្រូបពន្លឺ រួចបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានយ៉ាងងាយ។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យប្រចាំរដ្ឋ Michigan របស់អាមេរិក បានបង្កើតនូវបន្ទះសូឡា ថ្លាអាចមើលធ្លុះ ហើយគេអាចយកវាទៅប្រើប្រាស់ ធ្វើជាកញ្ចក់បង្អួច ឬបំពាក់ជាមួយអគារ ដើម្បីទាញយកកម្លាំងអគ្គិសនី ពីប្រព័ន្ធព្រះអាទិត្យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជំនួសឲ្យផ្ទាំងកញ្ចក់ធម្មតា។

បើតាមការបញ្ជាក់បន្ថែម របស់ក្រុមអ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា បន្ទះសូឡានេះ មើលពីខាងក្រៅ ដូចជាកញ្ចក់មួយផ្ទាំង ប៉ុន្តែខាងក្នុងមានបញ្ចូលបច្ចេកវិទ្យា TLSC ដែលជាប្រភេទបច្ចេកវិទ្យាម្យ៉ាង មានតួនាទីក្នុងការប្រើប្រាស់ សារជាតិអំបិលដើម្បី ស្រូបយកប្រវែងរលកនៃពន្លឺ ដែលមនុស្សយើងធម្មតា​ មិនអាចមើលឃើញនឹងភ្នែកបាន ដូចជាពន្លឺអ៊ុលត្រាវីយ៉ូលែត និងពន្លឺប្រភេទ Infrared  ជាដើម សម្រាប់បម្លែងចេញជា ថាមពលអគ្គីសនី។


អ្នកវិទ្យាសាស្ត្របង្ហាញ បន្ទះសូឡាថ្លាឈ្វេង ដែលជាការបង្កើត ដ៏ថ្មីស្រឡាងមួយ

ក្នុងនោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏រំពឹងទុកថា ថាមពលដែលបន្ទះសូឡា ដ៏ថ្លាឈ្វេងមួយនេះ អាចស្រូបបាន និងបម្លែងចេញជាថាមពលអគ្គីសនីនោះ អាចកើនឡើងខ្ពស់ដល់ទៅ៥% ដើម្បីអាចជួយផ្គត់ផ្គង់ ថាមពលបាន យ៉ាងល្អប្រសើរ សម្រាប់ប្រើប្រាស់ឧបករណ៍អគ្គីសនីនានា នៅក្នុងផ្ទះ ឬក៏នៅតាមអគារផ្សេងៗទៀត។

ទាំងនេះគឺជា ការរកឃើញដ៏ថ្មីស្រឡាង មួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ដោយបានបង្កើតនូវ បន្ទះសូឡាដ៏ថ្លាឈ្វេង ដើម្បីអាចឲ្យមនុស្ស ប្រើប្រាស់វារឹតតែងាយស្រួល និងអស្ចារ្យជាងមុន ថែមទៀត ព្រោះថាបន្ទះសូឡា ប្រភេទនេះអាចប្រើប្រាស់ ជំនួសផ្ទាំងកញ្ចក់ ឬក៏អាចដាក់គ្រប ពីលើអគារធំៗ ដោយសារតែសណ្ឋាន និងរូបរាងរបស់វា គឺមើលទៅដូចជាផ្ទាំងកញ្ចក់អញ្ចឹងដែរ ពោលគឺថ្លាឈ្វេង និងមិនមានអ្វីមករំខាននោះឡើយ៕

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]