កំពតៈ រថយន្តកូរ៉េ ដឹកថ្មម៉ាក DAEWOO មួយគ្រឿងបានបុក ចំពីមុខរថយន្ត ម៉ាកហាន់ដាយ ប្រភេទស្ទួច មួយគ្រឿង ខណៈរថយន្ត ហាន់ដាយ ស្ទួចបានបែកកង់មុខ ពីខាងស្តាំ រេទៅឆ្វេង រកធ្លាក់កាវ ថ្នល់ជាតិ ប៉ុន្តែត្រូវរថយន្ត DAEWOO ខាងលើកំពុងបើក ប្រកាន់ស្តាំរបស់ខ្លួន បុកទប់ជាប់ ប៉ុន្តែសំណាងល្អដែរ អ្នកបើកបររថយន្ត ហាន់ដាយ រួចផុតពីគ្រោះថ្នាក់គ្រាន់ តែរបួសស្រាល បន្តិចបន្តួច ហើយហៅម៉ូតូឌុប ជិះទៅកាន់មន្ទីរ ពេទ្យខ្លួនឯង។ រីឯអ្នកបើកបរ រថយន្តដេវ៉ូ គ្មានរងរបួស អ្វីឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១២ នៅចំណុច លើកំណាត់ ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ខាងលិចក្លោងទ្វារ ចូល វត្តព្រៃតុំ ចម្ងាយ៣០ម៉ែត្រ ស្ថិតក្នុង ភូមិបឹងតារូម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្ត២គ្រឿងខាងលើនេះ បានបើក បរបញ្ជ្រាសទិសគ្នា ពីលិច ទៅកើត។ រថយន្តកូរ៉េ ហាន់ដាយស្ទួច បើកពីលិចទៅកើត ហើយ បានបែកកង់ មុខខាងស្តាំ ដោយសារ សំបកកង់រថយន្ត ទាំងអស់ របស់រថយន្តហាន់ដាយ មានសភាព សិកអស់រលីង ម៉្យាងទៀតរថយន្ត នេះបើកក្នុង ល្បឿនលឿនផង ដល់ជួបគ្រោះថ្នាក់ បែកកង់រថយន្តទៅ ក៏បាត់ម្ចាស់ ការបណ្តាលឱ្យ ជួបហេតុការណ៍ បែបនេះតែម្តង។ រីឯរថយន្ត ហាន់ដាយ ខូចខាតពីខាងមុខ ស្តាំធ្ងន់ធ្ងរ ចំណែក រថយន្ត ដេវ៉ូ ដឹកថ្មខូចខាត មុខបន្តិច។

នគរបាលដដែលបញ្ជាក់ទៀតថា ការបុកគ្នានេះក្រោម មេឃភ្លៀង ធ្លាក់យ៉ាងធំ មើលគ្នាពុំ ឃើញឡើយ ។ អ្នកបើកបររថយន្ត ហាន់ដាយ ឈ្មោះ រុន សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ កន្លែងរុណ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ បើករថយន្តម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៦៤៣។

ចំណែកអ្នកបើកបររថយន្តដេវ៉ូ មានឈ្មោះ អំ សុខខេង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឡប់ឡែង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រថយន្ត ដេវ៉ូ អត់ពាក់ ស្លាកលេខ។ បច្ចុប្បន្ននគរបាល ជំនាញចរាចរណ៍ កំពុងវាស់វែងចាត់ការ ទៅតាមនីតិវិធី ៕

ដោយៈ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]