ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨និង១៥នាទី យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ បានឃាត់ខ្លួនជនសង្ស័យម្នាក់  បន្ទាប់ពីរូបគេ រួមជាមួយបក្ខពួកពីរនាក់ ផ្សេងទៀត បានធ្វើ សកម្មភាពចាប់វាយជនរងគ្រោះ ឡើងទ្រោមខ្លួន ដើម្បីប្លន់យកម៉ូតូ ស្ថិតនៅមុខផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកជួន ណារិន បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលល្បាតរបស់លោក បានឮជនរង គ្រោះឈ្មោះតាំង ច័ន្ទប៊ុណ្ណារិទ្ធ បានស្រែកថា ចោរៗពេលនោះ កម្លាំងរបស់លោក ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះណុប វីរៈ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ផ្ទះជួលផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯបក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ឈ្មោះរ៉ា និងម្នាក់ឈ្មោះស្នា បាននឹងកំពុងរត់គេចខ្លួន ។

លោកជួន ណារិន បានបន្ដថា មុនពេល កើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BI-8677 ចេញពីផ្ទះ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីទៅហូបងាវ នៅមុខវត្ដឧណ្ណាលោម ។ ពេលហូបរួចនៅវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី០១ ខែសីហា ជនរងគ្រោះបាន ជិះម៉ូតូទៅរកមិត្ដភក្ដិនៅមុខផ្សាររាត្រី ហើយពេលកំពុងអង្គុយមួយភ្លែត ស្រាប់តែមានជនល្មើស៣នាក់ ដើរសំដៅមក ពេលនោះជនល្មើសពីរនាក់ បានមកចាប់ ក្រៀកវាយទាត់ធាក់ទៅលើជនរងគ្រោះ រីឯគ្នាវាម្នាក់ទៀត ជាអ្នកលើកម៉ូតូរបស់ជនរងគ្រោះជិះ ។ នៅពេលនោះ ជិះបានប្រហែល១០០ម៉ែត្រ ជនរងគ្រោះ ស្រែកថា ចោរៗទើបកម្លាំងនគរាបាលរបស់លោក ដែលកំពុងល្បាតនៅទីនោះ ចាប់តែម្ដង ។

បើយោងតាមប្រធានការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់រូបនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]