រាជធានីភ្នំពេញ ៖ សិស្ស​វិទ្យា​ល័យ​វត្ត​កោះ​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​គ្នា បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​ទៅ​​នឹង​ចិញ្ចើម​ថ្នល់​​ស្លាប់​យ៉ាង​អាណោច​អាធ័ម ​​នៅ​មុខ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ តាម​មហា​វិថី​ព្រះ​ស៊ីសុវត្ថ​​ិ ស្ថិតក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ កាល​ពី​​វេលា​ម៉ោង​១០​និង​១០​នាទី​​​​យប់​ថ្ងៃទី​១ សីហា ២០១២ ។

សាក្សី​ឃើញ​ហេតុ​ការណ៍​​និយាយថា ​នៅ​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃទី​​១ សីហា ​២០១២ ​បាន​ឃើញ​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​ស្មាស់​​វី ពណ៌​ស បើក​​​ដោយ​យុវជន​ម្នាក់ និង​​មិត្ត​ភក្តិ​​អង្គុយ​​ពី​ក្រោយ​ជិះ​​ក្នុង​ល្បឿន​លឿន​​ចាក់​គួរ​ជុំវិញ ​រង្វង់​មូល​រូប​សំណាក​សម្តេច​​សង្ឃ​ជួន ណាត ជាច្រើន​ជុំ​ ហើយ​ក៏​បត់​តាម​បណ្តោយ​មហា​​វិថី​ព្រះ​ស៊ីសុវត្ថិ​​ឆ្ពោះ​ទៅ​​ព្រះ​បរម​រាជ​ វាំង ។ លុះ​មក​ដល់​មុខ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ ស្រាប់តែ​ម៉ូតូ​ស្មាស់​វី បាន​ជិះ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​​សេដេ​មិន​ចាំ​ពណ៌​ បណ្តាល​​ឱ្យ​យុវជន​ជាអ្នក​បើក​​ម៉ូតូ​ជ្រុល​ទៅ​បុក​ចិញ្ចើម​ថ្នល់​​ដួល​​បោក ​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​យ៉ាង​អាណោច​អាធ័ម រីឯ​​យុវជន​ម្នាក់​ដែល​អង្គុយ​ពី​ក្រោយ​​ក៏​ដួល​បោក​ខ្លួន​ទៅ​លើ​ថ្នល់​ដេក​ សន្លប់​​ស្តូក​ស្តឹង​​​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​កាល់​ ម៉ែត​ ។ ចំណែក​ម៉ូតូ​​សេដេ​ដែល​ប៉ះ​ជា​មួយ​ម៉ូតូ​​ស្មាស់​វី នោះ​​មិន​បាន​ដួល​ទេ បែរ​ជា​បន្ថែម​ល្បឿន​​បើក​គេច​បាត់​ស្រមោល​ដោយ​សុវត្ថិ​ភាព ។

នគរបាល​ខណ្ឌ​ដូន​ពេញ​​​ឱ្យ​ដឹង​ថា ​យុវ​ជន​ដែល​ស្លាប់​ដោយ​សារ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ចិញ្ចើម​ថ្នល់​នោះ​មាន ​ឈ្មោះ​ស៊ុន សម្ផស្ស អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យា​​ល័យ​វត្ត​កោះ​ថ្នាក់​ទី​១២ ស្នាក់​នៅ​ផ្ទះ​លេខ​២២២ ​ផ្លូវ​លេខ​១៣០ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​​ដូនពេញ ចំណែក​យុវជន​អង្គុយ​ពី​ក្រោយ​រង​របួស​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​ កាល់​ម៉ែត ជា​សិស្ស​រៀន​​ជា​មួយ​យុវជន​ខាង​លើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]