អង់គ្លេស៖ គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Chelsea គឺលោក ចូសេ ម៉ូរីញ៉ូ បានសម្តែងការមិនពេញចិត្ត ជាខ្លាំងបន្ទាប់ពី សហព័ន្ធបាល់ទាត់ FA បានសម្រេចចេញការ ដាក់ពិន័យទៅលើគ្រូបង្វឹករូបនេះ ដោយសារការប្រើប្រាស់ពាក្យសម្តី មិនសមរម្យទៅលើ ក្រុមអាជ្ញាកណ្តាល កាលពីពេលកន្លងទៅនេះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក ចូសេ ម៉ូរីញ៉ូ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ FA ពិន័យជាទឹកប្រាក់ ៥០,០០០ផោន ស្មើនឹងជាង ៧ម៉ឺនដុល្លារអាមេរិក ព្រមទាំងដកសិទ្ធិ ក្នុងការចូលមកកាន់ ទីលានមួយប្រកួតទៀតផង ចំពោះទោសកំហុសដែល រូបលោកបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ ដោយក្នុងនោះគាត់ បានប្រើពាក្យទៅលើ ក្រុមអាជ្ញាកណ្តាល ថាជាពួក “មនុស្សកំសាក” ព្រោះតែកាលនោះ ក្រុមអាជ្ញាកណ្តាលមិនបាន សម្រេចប្រគល់បាល់ប៉េណាល់ទី ទៅឲ្យក្រុមរបស់លោក នៅក្នុងការប្រកួតជាមួយនឹងក្រុម Southampton ហើយជាលទ្ធផលគឺ Chelsea ចាញ់ក្នុងពិន្ទុ ១-៣។


លោក ចូសេ ម៉ូរីញ៉ូ សម្តែងកាយវិការ មិនពេញចិត្តនៅពេល Chelsea ប្រកួតជាមួយនឹង Southampton

លោក ចូសេ ម៉ូរីញ៉ូ ក៏បាននិយាយថា “ខ្ញុំគិតថាការពិន័យ ជាទឹកប្រាក់៥ម៉ឺនផោននេះ គឺជាទង្វើធ្វើឲ្យ ខូចកិត្តិយសយ៉ាងជាក់ស្តែង ហើយការដកសិទ្ធិ មិនឲ្យចូលក្នុងទីលានបាល់ទាត់ ក៏ជារឿងមួយដ៏ គួរឲ្យភ្ញាក់ផ្អើលបំផុតដែរ។ ខ្ញុំពិតជាពិបាកនឹងយល់ណាស់ នៅពេលដែលខ្ញុំ ប្រៀបធៀបទៅអ្នកដ៏ទៃ ដែលមានអាកប្បកិរិយា និងប្រើប្រាស់ពាក្យសម្តី ស្រដៀងនឹងខ្ញុំ តែបែរជាខ្ញុំទទួលពិន័យ ខ្លាំងជាងគេទៅវិញ”។

ក៏គួរបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះ របស់លោក ចូសេ ម៉ូរីញ៉ូ គឺចង់សំដៅទៅលើ គ្រូបង្វឹកក្លឹបបាល់ទាត់ Arsenal គឺលោក Arsene Wenger ដែលរូបគាត់ធ្លាប់ សម្តែងកាយវិការ មិនសមរម្យ ព្រមទាំងធ្លាប់បានហៅ ក្រុមអាជ្ញាកណ្តាល ថាជាមនុស្ស “អន់ខ្សោយ និងខ្វះបទពិសោធន៍” តែបែរជាទទួលរង ពិន័យមិនធ្ងន់ធ្ងរ ដូចជារូបគាត់ទៅវិញ។

នេះហាក់ដូចជា រដូវកាលដ៏មិនល្អយ៉ាងខ្លាំងមួយ របស់ក្រុមបាល់ទាត់ Chelsea បន្ទាប់ពីក្រុមនេះ មានរឿងរ៉ាវជាច្រើន កើតឡើងនាពេលកន្លងមក ម្យ៉ាងវិញទៀតក្រុម Chelsea ក៏កំពុងតែឈរនៅ ចំណាត់ថ្នាក់ទី ១៦ នៃតារាងបាល់ទាត់ ក្របខ័ណ្ឌ English Premiere League ដែលបង្ហាញថា ទម្រង់លេងរបស់ក្រុមនេះ បានធ្លាក់ចុះយ៉ាងគំហុក៕


លោក ចូសេ ម៉ូរីញ៉ូ សម្តែងការមិនពេញចិត្ត ចំពោះការដាក់ពិន័យ មកលើខ្លួន


ការប្រទាញប្រទង់គ្នា រវាងលោក ចូសេ ម៉ូរីញ៉ូ និងលោក Arsene Wenger នាពេលកន្លងមក

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]