តើគេត្រូវរៀនអំពីអ្វី?

រៀន គឺជាការទទួលយកចំណេះដឹងទូទៅ (General knowledge) បំនិនមូលដ្ឋាន (Basic skill) ព្រមទាំងចរិយាធម៌ (Behavior)។

ក)     ចំណេះដឹងទូទៅ

កុមារនឹងទទួលបានពត៌មានជាច្រើនពីសាលាដូចជា៖

  • ការផឹកទឹកឆ្អិន មិនបណ្តាលឲ្យមានជម្ងឺរាគ
  • វិធីបូក គឺជាការរាប់ចំនួនបញ្ចូលគ្នា

ពត៌មានទាំងនេះហៅថា ចំណេះដឹងទូទៅ

ខ)     បំនិនមូលដ្ឋាន

        បំនិនមូលដ្ឋានដែលត្រូវផ្តល់ឲ្យសិស្សរួមមាន៖

  • ឲ្យសិស្សចេះសរសេរ
  • ឲ្យសិស្សចេះអាន
  • ឲ្យសិស្សចេះស្តាប់ឲ្យយល់
  • ឲ្យសិស្សមានភាពក្លាហានក្នុងការនិយាយ
  • ឲ្យសិស្សចេះគណនា និងប៉ានស្មាន
  • ឲ្យសិស្សចេះគិត ដើម្បីដោះស្រាយបញ្ហាអ្វីមួយ

គ)     ចរិយាធម៌

       ពេលមកសាលាសិស្សនឹងទទួលយកទម្លាប់ល្អ ហើយកែប្រែទម្លាប់អាក្រក់ចេញដូចជា៖

  • មានសុជីវធម៌ចំពោះអ្នកដ៍ទៃ
  • មិនរំខានដល់អ្នកដ៍ទៃ
  • ស្រឡាញ់មិត្តភ័ក្រ្ត
  • ស្មោះត្រង់នឹងគ្នា
  • មិននិយាយកុហក
  • ថែរក្សាថ្នាក់រៀន និងដីទីធ្លាសាធារណៈ

២     តើគេត្រូវរៀនយ៉ាងដូចម្តេច?

ខ្មែរឡូត លើកយកវិធីរៀនសំខាន់ៗដូចខាងក្រោម៖

ក)     រៀនពីការស្តាប់  ការស្តាប់ក៏ទទួលបានចំណេះដឹងពីគេដែរ ប៉ុន្តែពុំមានមូលដ្ឋានរឹងមាំនោះទេ ព្រោះវាគ្រាន់តែជាចំណេះដឹងរបស់គេ ដែលផ្ទេរមកយើងប៉ុណ្ណោះ។

ខ)     រៀនមកពីការអាន               ការអានសៀវភៅក៏ធ្វើឲ្យសិស្សទទួលបានចំណេះដឹងដូចការស្តាប់ដែរ។

គ)     ចេះមកពីការឃើញ    ឃើញផ្ទាល់ គឺជាការរៀនមួយដែលមានប្រសិទ្ធភាពជាងការស្តាប់ពីគេ។

ឃ)   ចេះមកពីការធ្វើផ្ទាល់  វិធីរៀនតាមការស្តាប់ ការអាន និងការឃើញផ្ទាល់ ពុំធ្វើឲ្យសិស្សចេះពេញលេញនៅឡើយទេ សិស្សត្រូវចាប់យកចំណេះដឹង ដោយអនុវត្តន៏ និងផ្ទៀងផ្ទាត់ខ្លួនឯងផ្ទាល់ប្រសើរជាងការផ្ទេរពីគេ។

ឧទាហរណ៏ ខាងក្រោមនេះ គឺជាការទទួលចំណេះដឹងពីការផ្ទេរ និងទទួលចំណេះដឹងដោយផ្ទាល់ ក្រោមប្រធានបទ ការគណនាបរិមាត្រនៃចតុកោណ។

  • ចេះមកពីការផ្ទេរ បើគេឲ្យសិស្សចាំរូបមន្តបរិមាត្រតែម្តង បរិមាត្រ = 2 x  ( ទទឹង + បណ្តោយ ) ការធ្វើបែបនេះនឹងធ្វើឲ្យសិស្សស្រពិចស្រពិលចំពោះរូបមន្តនេះពុំខាន។
  • ចេះមកពីការធ្វើផ្ទាល់  ដោយឲ្យសិស្សវាស់ប្រវែងជុំវិញចតុកោណផ្សេងៗគ្នា ទៅតាមសំភារៈដែលមានដូចជា សៀវភៅ ក្តារខៀន តុ បង្អួច។ ដំបូងសិស្សតែងតែវាស់ទទឹង និងបណ្តោយពីរដងរួច បូកបញ្ចូលគ្នា នៅពេលអនុវត្តន៏ច្រើនដងសិស្សនឹងយល់ខ្លួនឯងថា បើគេវាស់ទទឹង និងបណ្តោយតែម្តង ហើយគ្រាន់តែគុណនឹង២ ធ្វើបែបនេះទើបធានាថាសិស្សចងចាំរូបមន្តបរិមាត្របានជារៀងរហូត។

     តើអាណាព្យាបាលគួរធ្វើយ៉ាងដូចម្តេច?

        មានត្រឹមសៀវភៅសិក្សាមិនទាន់គ្រប់គ្រាន់នៅឡើយ គួរទិញសៀវភៅហ្វឹកហាត់បន្ថែម (work book) ដើម្បីឲ្យសិស្សមានកិច្ចការធ្វើច្រើន។ សព្វថ្ងៃគ្រឹះស្ថានបោះពុម្ភផ្សាយនៃក្រសួងអប់រំ មានការបោះពុម្ភ (work book) រៀនអក្សរ និងរៀនលេខសម្រាប់ឲ្យសិស្ស ធ្វើការហ្វឹកហាត់។

        ខ្មែរឡូត នឹងធ្វើការបង្ហោះលំហាត់គណិតវិទ្យាថ្នាក់ទី ៩ និងទី ១២ សម្រាប់ឲ្យសិស្សធ្វើការហ្វឹកហាត់ ចាប់ពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១២ នេះទៅរហូតដល់ចុងឆ្នាំសិក្សា ដោយបង្ហោះទៅតាមមេរៀននីមួយៗ ហើយខ្មែរឡូត ក៏បង្ហោះចម្លើយសម្រាប់ឲ្យសិស្សផ្ទៀងផ្ទាត់ផងដែរ។

        អាស្រ័យហេតុនេះ សូមអាណាព្យាបាលជួយតាមដាន និងដាស់តឿនដល់កូនក្នុងការរៀនសូត្រនេះផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]