សហរដ្ឋអាមេរិក៖ ពិធីបុណ្យ Halloween គឺជាពេលវេលាមួយ ដែលមនុស្ស ក្លាយខ្លួនទៅជា ខ្មោចបិសាច ឬតួអង្គ ណាមួយ ដោយការតុបតែងខ្លួន តាមដែរពួកគេ ចូលចិត្ត។ ពិធីបុណ្យមួយនេះ ត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី៣០ ខែតុលា ប៉ុន្តែក្នុងអំឡុង ខែតុលានេះ មនុស្សជាច្រើន បានត្រៀមខ្លួន រួចជាស្រេច ជាមួយនឹង ការតុបតែងផ្ទះ ឬទីកន្លែងផ្សេងៗ ឲ្យមើលទៅ គួរឲ្យភ័យរន្ធត់តែម្តង។

ជាក់ស្តែង គ្រួសារមួយដែលរស់នៅ មិនឆ្ងាយប៉ុន្មាន ពីសាលាបឋមសិក្សាមួយ ក្នុងទីក្រុង Parma នៃរដ្ឋ Ohio សហរដ្ឋអាមេរិក បានតុបតែង នៅខាងមុខផ្ទះ របស់ពួកគេ ដោយយក សាកសពមនុស្ស ជាច្រើន មកចងព្យួរ នៅលើបង្គោល និងដើមឈើ ដែលមើលទៅ ពិតជាគួរឲ្យរន្ធត់ និងតក់ស្លុត មែនទែន។ ជាមួយគ្នានេះដែរ សាកសពទាំងនោះ មានប្រឡាក់ទៅដោយ ឈាម និងមានកាំបិត ចាក់ដោតខ្លួនប្រាណ ខណៈសាកសពខ្លះទៀត ត្រូវគេយក ថង់ប្លាស្ទីក មករុំខ្លួន និងផ្ទៃមុខ ទៀតផង។

មានមនុស្សមួយចំនួន បាននិយាយថា ការតុបតែង សម្រាប់ពិធីបុណ្យ Halloween របស់គ្រួសារ ខាងលើនេះ ពិតជាគួរឲ្យខ្លាច និងរន្ធត់មែនទែន ខណៈអ្នកផ្សេងទៀត បានអះអាងថា វាគ្រាន់តែដើម្បី ការសប្បាយប៉ុណ្ណោះ ហើយការតុបតែង របស់ពួកគេ គឺសមរម្យ អាចទទួលយកបាន។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលបង្ហាញពីទិដ្ឋភាព នៃការតុបតែង ដ៏គួរឲ្យរន្ធត់ របស់គ្រួសារមួយនោះ ក៏ត្រូវបានបង្ហោះឡើង ទៅលើបណ្តាញសង្គម Twitter ផងដែរ។ ក្នុងនោះដែរ ក៏មានមតិរិះគន់ និងស្រប ជាច្រើន ហើយវាបាននិងកំពុងតែ ក្លាយជាប្រធានបទ ដ៏ក្តៅគគុកផងដែរ នៅលើបណ្តាញសង្គម មួយនេះ។

យ៉ាងណាមិញ បើតាមសម្តី របស់គ្រួសារខាងលើ បាននិយាយថា «យើងមិនចង់បន្លាច ក្មេងៗនោះទេ យើងគ្រាន់តែ ចង់សប្បាយ ក្នុងពិធីបុណ្យ Halloween ប៉ុណ្ណោះ»៕

សូមទស្សនាទិដ្ឋភាព ដ៏គួរឲ្យរន្ធត់ នៅខាងមុខផ្ទះ របស់គ្រួសារមួយនោះ៖






ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]