ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខច្រកចូលមន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នាម៉ោង២រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នេះ ដោយដំបូងឡើយ ពលរដ្ឋធ្វើដំណើរតាមផ្លូវនឹកថា កើតមានគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើឱ្យកំណាត់ផ្លូវខាងលើកកស្ទះ លុះឃើញជាក់ស្តែង ទើបដឹងថា ស្រ្តីម្នាក់បានវាយ និងឡើងជាន់ ធាក់ កញ្ចក់រថយន្ត បុរសម្នាក់ កំពុងបើកបរ បណ្តើរស្រីក្មេង បណ្តាលឱ្យបែកខ្ទេច បង្កឲ្យភ្ញាក់ផ្អើលយ៉ាងនេះ ដែលអ្នកឃើញហេតុការណ៍ សង្ស័យថា ជាករណីភ្លើងប្រច័ណ្ឌ ខឹងប្តីមានស្រីថ្មី មិនជូនខ្លួនទៅវត្តនាខែភ្ជុំបិណ្ឌ ។

សាក្សីដែលឃើញ ហេតុការណ៍បានឲ្យដឹងថា រថយន្តខាងលើម៉ាក លុច្សស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៩ ២-៩០០៥ បើកបរដោយ បុរសម្នាក់ មិនស្គាល់ឈ្មោះ រួមដំណើរជាមួយនារីវ័យក្មេងម្នាក់ តែពេលកើតហេតុ នារីវ័យក្មេងរូបស្រស់បានចុះគេចខ្លួនបាត់ ។ ចំណែកខាងម៉ូតូ ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FH-1995 បើកបរដោយស្រ្តីម្នាក់ ដែលអះអាងថា ខ្លួនជាប្រពន្ធរបស់បុរស បើកបររថយន្ត រួមដំណើរជាមួយកូនតូចៗ៣នាក់ ស្រី២នាក់ និងប្រុសម្នាក់ ។

អ្នកឃើញហេតុការណ៍ បានដឹងទៀតថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ ស្កុបពី បើកបរដោយស្រ្តីកូន៣ វ៉ាជែងរថយន្ត ហើយកាក់ឃាំងពីមុខរថយន្ត ចុះមកវាយ ឡើងជាន់ធាក់កញ្ចក់រថយន្ត បណ្តាលឲ្យបែកខ្ទេច ហើយស្រែកឡូរឡា ផ្អើលពេញដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ ។ ក្នុងទិដ្ឋភាព រឿងរ៉ាវខាងលើ ទើបដឹងថា ប្រពន្ធខឹងប្តីនាំស្រីក្មេងដើរលេង មិននាំខ្លួនទៅវត្ត រហូតដល់ប្រពន្ធតាមទាន់ កើតមានរឿងបែបនេះ ។ ក្នុងសភាព រញ៉េរញ៉ៃលើកំណាត់ផ្លូវ គេឃើញ មានស្រីក្មេងម្នាក់នោះ បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។

តាមរយៈស្រ្តីជាប្រពន្ធ ដែលស្រែកឡូរឡា នៅកន្លែងកើតហេតុ ធ្វើឱ្យអ្នកដំណើរតាមផ្លូវ សង្ស័យថា រឿងស្នេហាត្រីកោណ អាចកុហកប្រពន្ធ ថាជាប់រវល់នេះ រវល់នោះ ហើយលួចទៅដឹកស្រីក្មេងដើរលេងទៅវិញ ទោះជាស្រ្តីជាប្រពន្ធ ស្នើរសុំឱ្យឌុប ជូនទៅវត្តនារដូវកាលភ្ជុំកាន់បិណ្ឌ ក៏ប្តីជាប់រវល់ រហូតដល់តាមទាន់ ជាន់បែកកញ្ចក់រថយន្តខ្ទេច ។

ភ្លាមៗ ដើម្បីកុំឱ្យកើតមានការកកស្ទះចរាចរណ៍ ខណ:ដែលពលរដ្ឋ ធ្វើដំណើរឆ្លងកាត់យ៉ាងច្រើនកុះករ និងកកស្ទះ ត្រូវបានសមត្ថកិច្ច នាំអ្នកទាំង២ ទៅធ្វើការសាកសួរ និងសម្របសម្រួល កុំឲ្យកើតហឹង្សា រវាងប្តី-ប្រពន្ធ នាខែបិណ្ឌភ្ជុំ ប្រពៃណីដូនតាខ្មែរយើង៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]