ខេត្ត​​ព្រះ​សីហនុ ៖ បុរស​ម្នាក់​ពុំ​​ស្គាល់​​អត្ត​សញ្ញាណ បាន​បាត់​បង់​ជីវិត​​ដោយ​សារ​រថយន្ត​​កិន​បែក​ក្បាល​​ធ្លាយ​ខួរ យ៉ា​ង​អាណោច​អាធ័ម​​​នៅ​កណ្តាល​ផ្លូវ កាល​ពី​វេ​លា​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៣១​ កក្កដា តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​​ក្បែរ​រោង​ចក្រ​​ញូវ​ស្តារ ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះ​សី​ហនុ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ង៉ែត ស៊ី​មុី នាយ​ប៉ុស្តិ៍​សង្កាត់​លេខ​១​​បាន​និយាយ​ថា ​នៅ​វេ​លា​ម៉ោង​​ប្រមាណ​៤​និង​៣០​​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ កក្កដា ​លោក​បាន​ទទួល​​ព័ត៌មាន​​មួយ​ថា ចំណុច​​​ក្បែរ​រោង​ចក្រ​​ញូវ​ស្តារ ខេត្ត​ព្រះ​សីហនុ គេ​បាន​​ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​ធ្លាយ​ខួរ​​ស្លាប់​នៅ​កណ្តាល​ផ្លូវ​​ដោយ​សារ​តែ​រថយន្ត​​កិន​​បែក​ក្បាល​ពុំ​ដឹង​មូល​ហេតុ ហើយ​ក៏​​ពុំ​ដឹង​ថា​រថយន្ត​​​មួយ​ណា​ជា​អ្នក​បុក​នោះដែរ​ ​ព្រោះ​គ្មាន​នរ​ណារ​​ម្នាក់​បានឃើញ​ហេតុ​ការណ៍​ទេ ។ លោក​បន្ត​​ថា ចំពោះ​​​ភិន​ភាគ​អ្នក​​ស្លាប់​មាន​សម្បុរខ្មៅ​ស្រអែម កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ​ មាន​ពុក​មាត់​ និង​ពុក​ចង្ការ​ច្រើន ពាក់​អាវ​ពណ៌​ស ឆ្នូត​ខៀវ​តូចៗ ស្លៀក​ខោ​ពណ៌​ខៀវ​ទឹក​ប៊ិច អាយុ​ចន្លោះ​ពី​៤០​ឆ្នាំទៅ​៤៨​ឆ្នាំ បើ​បង​ប្អូន​ណា​មាន​បាត់​សាច់​ញាតិ​ សូម​ទៅ​ពិនិត្យ​​សព​​នៅ​វត្ត​​លើ ក្រុង​ព្រះ​សី​ហនុ ។

​ដោយ​ឡែក​ទាក់​ទិន​ទៅ​នឹង​ការ​ស្លាប់​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា នេះ​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ ប្រហែល​ជា​ករណី​ឃាតកម្ម​ ហើយយក​សព​​មក​​ប្លុង​ចោល​ទុក​ឱ្យ​រថយន្ត​​កិន​បំបិត​​ភ័ស្តុតាង ព្រោះ​ថា​កន្លង​មក​ទី​​នេះធ្លាប់​មាន​​២ករណី​​​មក​ហើយ ដែល​ឃាតករ​​បាន​សម្លាប់​រួច​​យក​សព​មក​ប្លុ​ង​ចោល​ឱ្យ​រថយន្ត​កិន ប៉ុន្តែ​​ឃាតករ​​​ត្រូវ​សមត្ថកិច្ច​វែក​មុខ​ឃើញ​ទាំង​អស់ ។ លើក​នេះ​ក៏​ស្រដៀង​​គ្នា​ទៅ​នឹងករណី​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ ​ដូច្នេះ​សមត្ថកិច្ច​គួរ​តែ​រក​ការ​ពិត​​ថា​តើ​ការ​ស្លាប់​នេះ បណ្តាល​មក​ពី​គ្រោះ​​ថ្នាក់​ចរាចរណ៍ ឬ​មក​ពី​អំពើ​ឃាតកម្ម ។ ចំពោះ​​ករណី​សង្ស័យ​ខាង​លើ​ពុំ​ទាន់​​មាន​ការ​​បញ្ជាក់​​​ជា​ផ្លូវ​ការ​​ណា​មួយ​ពី​សមត្ថកិច្ច​​ជំនាញ​នៅ​ឡើយទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]