កំពង់ស្ពឺ៖ រថយន្តរត់តាក់ស៊ីកាមរីបាឡែនមួយគ្រឿង បានបើកទៅបុករថយន្តគោយន្ត បណ្តាលឲ្យអ្នកដំណើរ ៣ នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅម៉ោង ១០ និង២២នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៥៥-៥៦ ក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមការបញ្ជាក់របស់មន្រ្តីនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែន ពណ៌សរ ពាក់ផ្លាកលេខភ្នំពេញ 2S.2655 មួយគ្រឿង បានធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងល្បឿនយ៉ាងលឿន លុះ ដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តគោយន្តគោប៊ូតា ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរ៉េចង្កូត ធ្លាក់ផ្លូវ និងស្លាប់-របួសអ្នកដំណើរក្នុងរថយន្ត ៦នាក់។

អ្នកបើកបររថយន្តតាក់ស៊ី គេមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ ដោយឡែក អ្នកដំណើរ ដែលស្លាប់បាត់បង់ជីវិត មានចំនួន ៣នាក់ រួមមាន៖ ទី១- ឈ្មោះ តេង តឿ ភេទប្រុស អាយុ ៥១ឆ្នាំ ទី២- ឈ្មោះ នាត ភេទស្រី អាយុ ២៥ឆ្នាំ ទី៣- ឈ្មោះ លីន ភេទប្រុស អាយុ ២៦ឆ្នាំ។ អ្នករងរបួសរួមមាន៖ឈ្មោះ លី ជាតា ភេទស្រី អាយុ ៤០ឆ្នាំ របួសស្រាល, ឈ្មោះ ឆាយ អារីយ៉ា ភេទស្រី អាយុ ២០ឆ្នាំ របួសស្រាល និងម្នាក់ ទៀត ឈ្មោះ ហោ ស៊ីវហៀង ភេទស្រី អាយុ ២០ឆ្នាំរបួសស្រាល។ អ្នកស្លាប់ និងរងរបួសទាំង ៦នាក់នេះ រស់នៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករបួសបញ្ជូនទៅ ពេទ្យអ៊ុសារ៉នកំពង់ស្ពឺ។ ដោយឡែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទង រង់ចាំការដោះស្រាយតាមនីតិវិធី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]