យល់ដឹង៖ សក់ជ្រុះអាចបណ្តាលមកពី កត្តាជាច្រើន ដោយរួមបញ្ចូលទាំងការប្រើសាប៊ូមិនត្រឹមត្រូវ ជាតិគីមី សារជាតិពុលផ្សេងៗជាដើម។ ហើយកត្តាទូទៅបំផុត ដែលបណ្តាលឲ្យងាយជ្រុះសក់គឺកត្តា៖

  •  អតុល្យភាពនៃ អ័រម៉ូន
  • ធូលីដី
  • អង្គែលើស្បែកក្បាល
  • សារធាតុពុល.....

ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាសក់ជ្រុះនេះ មនុស្សភាគច្រើនបានជ្រើសរើសព្យាបាលដោយប្រើថ្នាំ ថ្លៃៗជាដើម។ ជាសំណាងល្អ មានឱសថធម្មជាតិជាច្រើនមុខ ដែលអាចព្យាបាលបញ្ហាជ្រុះសក់នេះ ហើយ ទទួលផលយ៉ាងគាប់ប្រសើរ និងមានគុណប្រយោជន៍ ដូចជារបាំងការពារសក់ផងដែរ។

ខាងក្រោមនេះ គឺជារូបមន្តបែបធម្មជាតិ មានប្រសិទ្ធភាពបំផុត ដែលអ្នកអាចអនុវត្តបាន នៅផ្ទះដោយខ្លួនឯង យ៉ាងងាយ៖

ម៉ាស់កាហ្វេ ជាមួយស៊ុត (ផ្នែកលឿង)

ជាតិលឿងនៅក្នុងស៊ុត អាចផ្តល់នូវប្រូតេអ៊ីន និងសារធាតុចិញ្ចឹមទៅសក់បានយ៉ាងល្អ ឯកាហ្វេវិញគឺសម្បូរ ទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប្រសិនបើដាក់ពួកវាបញ្ចូលគ្នា ប្រសិទ្ធភាពរបស់ពួកវាគឺពិតជាអស្ចារ្យ ដោយវាអាចជួយឲ្យសក់ មានសុខភាពល្អ និងកាត់បន្ថយសក់ជ្រុះបានយ៉ាងល្អផងដែរ។

គ្រឿងផ្សំមានដូចជា៖

  • ស៊ុត ១គ្រាប់ (យកតែផ្នែកលឿង
  • កាហ្វេ ១/៤ នៃពែង

របៀបធ្វើ៖

គោះស៊ុត១គ្រាប់ យកតែផ្នែកលឿង ដាក់ចូលទៅក្នុងចាន ហើយយកកាហ្វេ ១/៤ នៃពែងនោះ យកទៅដាក់បញ្ចូលគ្នា ហើយច្របល់ឲ្យសប់ទៅជាល្បាយស្មើសាច់។ យកវាមកម៉ាស្សាលើស្បែកក្បាលថ្នមៗ រយៈពេល២នាទី រួចទុកវានៅលើក្បាល ៤០នាទីទៀត រួចលាងទឹកចេញជាមួយសាប៊ូ និងទឹកក្តៅឧណ្ឌៗជាការស្រេច។

ម៉ាស់តែបៃតង ជាមួយស៊ុត (ផ្នែកលឿង)

ដូចដែលបានពន្យល់ខាងលើរួមមកហើយ ថាផ្នែកលឿងរបស់ស៊ុត មានគុណប្រយោជន៍ ដោយផ្តល់នូវ ប្រូតេអ៊ីន ដែលជួយពង្រឹង តាំងពីឬស សក់ មកម្ល៉េះ។ ចំណែកឯ តែបៃតងវិញ ផ្ទុកទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយការពារស្បែកក្បាលអ្នកពីបាក់តេរី និងជម្ងឺផ្សេងៗផងដែរ។

គ្រឿងផ្សំរួមមាន៖

  • ស៊ុត ១គ្រាប់ (យកតែផ្នែកលឿង)
  • តែបៃតង ២ស្លាបព្រា

របៀបធ្វើ៖

យកផ្នែកលឿងនៃស៊ុតនោះ កូរឲ្យសប់ក្នុងចាន ហើយយកតែបៃតង ២ស្លាបព្រានោះ ទៅលាយបញ្ចូលគ្នា ក្នុងចាន ហើយកូរឲ្យសប់ចូលគ្នាដែរ។ បន្ទាប់មកទៀត ត្រូវយកវាមកលាប ហើយម៉ាស្សាវាថ្នមៗនៅលើក្បាល ដោយដៃរបស់អ្នក។ ទុកវាចោលរយៈពេល២ម៉ោង រួចចាំលាងទឹកចេញជាមួយសាប៊ូកក់សក់ជាការស្រេច។  

ម៉ាស់ប្រេងដូង និងប្រេងអូលីវ

ការច្របល់ប្រេងដូង និងប្រេងអូលីវលាយចូលគ្នា អាចជួយកាត់បន្ថយការជ្រុះសក់បានយ៉ាងមានប្រសិទ្ធ ភាពដែរ។ ប្រេងដូង គឺជាគ្រឿងផ្សំដ៏ពិសេសបំផុតពីធម្មជាតិ ដែលអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយ ស្រួល។

គ្រឿងផ្សំរួ​មមាន៖

  • ប្រេងដូង ២ស្លាបព្រា
  • ប្រេងអូលីវ ១ស្លាបព្រា

របៀបធ្វើ៖

ដាក់ប្រេងដូង ២ស្លាបព្រា និងប្រងអូលីវ ១ស្លាបព្រានោះ បញ្ចូលគ្នាឲ្យសប់ក្នុងចាន។ រួចកំដៅល្បាយនេះ រយៈពេល៣០វិនាទី ហើយយកវាមកលាបនៅលើក្បាល រួចម៉ាស្សាវាថ្នមៗដោយដៃរបស់អ្នក។ ទុកវាចោល រយៈពេល ២ម៉ោង សឹមលាងជម្រះប្រេងនេះចេញជាមួយសាប៊ូ ជាការស្រេច៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]