កាតា៖ វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលកំពូលកីឡាករប្រដាល់ ម៉ាន់នី ប៉ាកគីអាវ ត្រូវបានអញ្ជើញឲ្យចូលរួម ទស្សនាក្នុងការប្រកួត ពានរង្វាន់ប្រដាល់ពិភពលោក ដែលនឹងប្រព្រឹត្ត ទៅនៅចុងសប្តាហ៍នេះ នាឯទីក្រុង ដូហា របស់ប្រទេស កាតា។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក Ching-Kuo Wu ប្រធានសហព័ន្ធ AIBA ដែលរៀបចំ ការប្រកួត ពានរង្វាន់ ប្រដាល់ពិភពលោក នេះឡើងបានធ្វើការអញ្ជើញ វីរបុរសប្រដាល់ របស់ប្រទេសហ្វីលីពីន គឺលោក ម៉ាន់នី ប៉ាកគីអាវ ជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីមកចូលរួម ទស្សនាក្នុងព្រឹត្តការណ៍ ដ៏ធំអស្ចារ្យដែលមាន រយៈពេល១០ថ្ងៃនេះ ហើយក្នុងនោះដែរ ប៉ាកគីអាវ ក៏បានយល់ព្រមទទួល ការអញ្ជើញនេះរួចហើយ កាលពីថ្ងៃអង្គារ មុននេះ។

លោក Ching-Kuo Wu បាននិយាយថា “ប៉ាកគីអាវ គឺជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំម្នាក់​ ដូច្នេះហើយខ្ញុំក៏បាន អញ្ជើញគាត់ឲ្យមកចូលរួម ក្នុងព្រឹតិ្តការណ៍មួយនេះ ណាមួយគាត់ក៏មិនធ្លាប់ ចូលរួមពីមុនមកដែរ ដូច្នេះនេះគឺជា ឱកាសដ៏ល្អមួយ និងជារឿងដ៏ល្អ អស្ចារ្យមួយ ដែលមានវត្តមានគាត់ នៅក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ប្រដាល់ លំដាប់ថ្នាក់ពិភពលោក មួយនេះ”។

ក៏គួរបញ្ជាក់ផងដែរថា ក្រោមការប្រកាសអំពី វត្តមាននៃការចូលរួម របស់កំពូលកីឡាករប្រដាល់ រូបនេះ ហើយនោះ គេនឹងរំពឹងទុកថា នឹងអាចមានទស្សនិកជន ជាង២សែននាក់ មកចូលរួមទស្សនា នៅឯសង្វៀន Ali Bin Hamad Al Attiya Arena ដែលព្រឹត្តិការណ៍នេះផងដែរ ត្រូវបានចូលរួមប្រកួត ពីអ្នកប្រដាល់មកពី ៧០ប្រទេសផ្សេងគ្នា ក្រោមប្រភេទទម្ងន់ ខុសៗគ្នា១០វិញ្ញាសា។

លើសពីនេះទៀត បុរសវ័យ៣៦ឆ្នាំរូបនេះ ក៏បានប្រកាសអំពី គម្រោងរបស់លោក ក្នុងការឈរឈ្មោះ ជាសមាជិកព្រឹទ្ធិសភា របស់ប្រទេសហ្វីលីពីន ក៏ព្រោះតែរូបលោក គឺជាមនុស្សដ៏ មានឥទ្ធិពលមួយរូប ប្រចាំប្រទេសមួយនេះផងដែរ៕


ម៉ាន់នី ប៉ាកគីអាវ កំពូលកីឡាករ ប្រដាល់មួយរូបរបស់ពិភពលោក និងជាវីរបុរសមួយ របស់ប្រទេស ហ្វីលីពីន

ប្រភព៖ យ៉ាហ៊ូ!

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]