ស្វាយរៀង៖ មន្ត្រីតុលាការ បានឲ្យដឹងថា លោក សុធី បូរ៉ាឆាត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី៨ ខែ តុលា ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោស បុរសជាប់ចោទជាតិវៀតណាមម្នាក់ ដាក់គុកំណត់៥ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ សរុបចំនួន ១២លានរៀល ទៅជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការ បើកបរបើករថយន្តក្រុង ​បុកនឹងរថយន្តដឹកកម្មករបណ្តាល ឲ្យកម្មករកម្មការិនី រោងចក្រស្លាប់១៩នាក់ និងរបួស២០នាក់ កាលពីអំឡុងខែឧសភា ២០១៥ កន្លងទៅនេះ។

ជនជាប់ចោទរូបនេះ មានឈ្មោះ​ ឡេ វ៉ាងភីង ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម ចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឡេ វ៉ាងភីង ត្រូវជាប់ចោទពីបទ «បើកបរបណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ ដោយចេតនា» និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ២០១៥ បន្ទាប់ពីជនជាប់ចោទរូបនេះ បានបើករថយន្តក្រុងដឹកភ្ញៀវពី ក្រុងហូជីមិញ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បុកនឹងរថយន្តដឹកកម្មករ មានគ្នាចំនួន៣៩នាក់ បណ្តាលឲ្យ មនុស្ស ១៨នាក់បានស្លាប់ និងជាង២០នាក់ទៀត បានរងរបួសស្រាល និងធ្ងន់ នៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]