ភ្នំពេញ៖ មេក្លោងចោរប្លន់ ប្រដាប់អាវុធ និងមុខសញ្ញាប្លន់ ចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិ សាស្ដ្រ រាជធានីភ្នំពេញ ខេត្ដព្រៃវែង និងខេត្ដកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាល ធ្វើការបង្ក្រាបជាបន្ដបន្ទាប់ ព្រមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ ក្រោយពីពួកគេបានធ្វើ សកម្មភាពតាមមូលដ្ឋាន នាពេលកន្លងទៅ ។

ក្នុងចំណោមជនសង្ស័យទាំង៣នាក់ មុខសញ្ញាដែលត្រូវចាប់ខ្លួន នៅខេត្ដព្រៃវែង គឺជាមេក្លោងចោរ ប្លន់ដ៏ធំម្នាក់ ប្រចាំខេត្ដដែល ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ ហើយជាប់ គុកជាច្រើនលើករហូត តុលាការចេញដីកា តាមចាប់ខ្លួនជាបន្ដបន្ទាប់ទៀតផង ។

ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល ខេត្ដព្រៃវែង លោក សេង សុភក្ដ្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា ប្រតិបត្ដិការ បង្ក្រាបមេក្លោង ចោរប្លន់រូបនេះ បានធ្វើឡើងតាំងពី ម៉ោង១រំលងអាធ្រាត្រ រហូតដល់ម៉ោង ៦និង១០នាទី ព្រឹកព្រលឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ដោយកម្លាំងសមត្ថកិច្ច​ បានប្រើ វិធានការជំនាញ​​ រហូតដល់អូសបានមុខសញ្ញា មួយនេះដោយជោគជ័យ ។

លោក សេង សុភក្ដ្រ បានបញ្ជាក់ថា មុខសញ្ញាដែលមានឈ្មោះ ខែ អុល អាយុ៤១ឆ្នាំ រស់នៅភូមិមានជ័យ គឺជាមេក្លោងចោរប្លន់ ប្រដាប់អាវុធដ៏ធំ ធ្លាប់ធ្វើសកម្មភាពជាច្រើនដង និងធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើកទៀត ផង ។​ ក្នុងនោះមុខសញ្ញានេះ កាលពីចុងឆ្នាំ២០១៣ បានបាញ់សម្លាប់មនុស្សនៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ឌៀង ស្រុកពាមរ៍ ខេត្ដព្រៃវែង ហើយធ្លាប់បានប្លន់ទ្រព្យសម្បត្ដិអាជីវករ នៅផ្សារព្រែកតាស ឃុំព្រែកតាស ស្រុកពោធិ៍រៀង ជាមួយបក្ខពួករបស់ខ្លួន រួចហើយ រត់គេចខ្លួនរហូតមក ។

ស្នងការរងរូបនេះ បានបន្ដថាក្រោយពី មានសកម្មភាពប្លន់ប្រដាប់អាវុធ ខាងលើនេះកើតឡើង ស្នងការនគរបាលខេត្ដព្រៃវែង លោកឧត្ដមសេនីយ៍ ស្រេង ជា បានបញ្ជាឱ្យកម្លាំងជំនាញ បើកការស៊ើបអង្កេតយ៉ាង យកចិត្ដទុកដាក់ ដើម្បីតាមបង្ក្រាបក្រុមចោរប្លន់ ខាងលើរហូតធ្វើសម្រេច ដោយជោគជ័យ រវាងកិច្ចសហការកម្លាំងនគរបាលការិយាល័យ កណ្ដាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ដ និងកម្លាំងនគរបាលស្រុកស្វាយអន្ទរ ។

សម្រាប់មុខសញ្ញាមេខ្លោងចោរប្លន់ ប្រដាប់អាវុធរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដព្រៃវែង លោកសុខ កល្យាណ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បានចេញដីកាបញ្ជាឱ្យ សមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលរូប នេះ រស់នៅភូមិរបោះផ្ចឹក ឃុំព្រៃឃ្នេសស្រុក មេសាង ក្រោមបទចោទប្រកាន់លួចមាន ស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដអំពើ ហិង្សា (ប្លន់ប្រដាប់អាវុធ) ប្រព្រឹត្ដទៅនៅ ភូមិព្រែកឈ្មោះ ឃុំព្រែកតាស ស្រុកពោធិ៍ រៀង ខេត្ដព្រៃវែង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ ។

ជាមួយគ្នានេះ មេក្លោងចោរប្លន់ប្រដាប់ អាវុធខាងលើ ក៏ត្រូវបានលោក អាំង ចិន្ដា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដព្រៃវែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ក្រោមបទចោទ ប្រកាន់ឃាតកម្ម ប្រព្រឹត្ដនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀថ ស្រុកពាមរ៍ ខេត្ដព្រៃវែង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ផងដែរ។

ក្រោយបើកប្រតិបត្ដិការ បង្ក្រាបមុខសញ្ញា មេក្លោងចោរប្លន់រូបនេះ អស់រយៈពេលពេញ មួយយប់រួចមក ជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីបន្ដការសួរនាំកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។

*កម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាប បក្ខពួកចោរប្លន់ប្រដាប់អាវុធម្នាក់

ដោយឡែកនៅព្រឹក ព្រលឹមវេលាម៉ោង៦ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅលើផ្លូវទី១ ជាប់របង ព្រះវិហារ សាសនាគ្រឹស្ទ ក្រុមទី៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីប្លន់ម៉ូតូមួយ បានសម្រេច ប៉ុន្ដែជនសង្ស័យម្នាក់ត្រូវបាន ប្រជាពលរដ្ឋនិង កម្លាំងនគរបាលជួយអន្ដរាគមន៍ ឃាត់ខ្លួនបានទាន់ពេលវេលា ដោយ ឡែកបក្ខពួកម្នាក់ទៀត បានបើកម៉ូតូរបស់ ជនរងគ្រោះគេចខ្លួន ដោយសុវត្ថិភាព ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ផៃ វិត អាយុ២៣ឆ្នាំ មុខរបរនិង ទីលំនៅមិនពិតប្រាកដ រួមជាមួយបក្ខពួករបស់ខ្លួន ម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1O-5922 ប្រដាប់ដោយពូថៅដៃសម្រាប់ ធ្វើសកម្មភាព ដោយឡែកជនរងគ្រោះវិញ ឈ្មោះ អ៊ុន ថាន់ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនសង្ស័យ រូបនេះបាន ជួលម៉ូតូឌុបជនរងគ្រោះជិះពីភូមិ ត្រពាំងថ្លឹងតាមបណ្ដោយផ្លូវវ៉េងស្រេង មកកាន់ស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួនមក រួមធ្វើសកម្មភាព វាយប្លន់យកម៉ូតូរបស់ជនរងគ្រោះទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៩ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ខណៈដែលមានអំពើប្លន់ ប្រដាប់អាវុធខាងលើនេះ កើតឡើងនិងក្រោយ ពីជនរងគ្រោះស្រែក ឆោឡោនោះ ប្រជាពលរដ្ឋជាច្រើននាក់បាន ជួយអន្ដរាគមន៍ ដោយចាប់បានជន សង្ស័យម្នាក់ ហើយព្រួតវាយឡើងហើមមុខហើមមាត់ កុំតែបានសមត្ថកិច្ចមកជួយទាន់ កុំអីក្ស័យសង្ខាបាត់ទៅហើយ ។

ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំ បន្ដទៅអធិការដ្ឋាន នគរបាលខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ។

កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាបចោរប្លន់ម្នាក់ ក្រោយធ្វើសកម្មភាព

កំពង់ស្ពឺ៖ មន្ដ្រីនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងអំពើប្លន់ ត្រូវបានកម្លាំង នគរបាលជំនាញនៃអធិការ ដ្ឋាននិងនគរបាលប៉ុស្ដិ៍តាំងក្រូច បង្ក្រាបនិង ចាប់ខ្លួនបាន ហើយបញ្ជូនទៅ កាន់តុលាការ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ ក្រោយពីរូបគេបានធ្វើសកម្មភាព តាំងល្ងាចថ្ងៃទី៥ ខែតុលា ស្ថិតនៅចំណុចក្បែរបន្ទប់ទឹករបស់ ជនរងគ្រោះ ក្នុងភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ រូបនេះឈ្មោះ សន សម្បត្ដិ អាយុ២៩ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច មុខរបរនិង ទីលំនៅមិនពិតប្រាកដ ដោយឡែកជនរង គ្រោះវិញឈ្មោះ ប៉ែន រ៉ាវីន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ខណៈដែល ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ ស្រាប់តែជន សង្ស័យរូបនេះ ចូលទៅប្លន់យកក្រវិលបា្លទីន ខ្សែកបា្លទីន រួចគេចខ្លួនដោយសុវត្ថិភាព។ ប៉ុន្ដែក្រោយបើកការ ស្រាវជ្រាវយ៉ាងយក ចិត្ដទុកដាក់នោះ ទីបំផុតជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនតែម្ដង ៕





មេក្លោងចោរប្លន់ប្រដាប់អាវុធ នៅខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលបង្ក្រាប











មុខសញ្ញាប្លន់ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាល បង្ក្រាបបាន



ជនសង្ស័យត្រូវបាន កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាបនិងចាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]