កណ្តាល៖ កុមារី២នាក់បានលង់ទឹក រណ្តៅបូមខ្សាច់ បណ្តាលលង់ស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចដីបូមខ្សាច់ ក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា កុមារីជនរងគ្រោះទាំង ២នាក់នេះ ម្នាក់មានឈ្មោះ លាង សុខហៀង អាយុ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងម្នាក់ទៀតមានឈ្មោះ ញុឹក សក្ខ័ណា អាយុ១២ឆ្នាំ ជាសិស្សរស់នៅ ភូមិឃុំកើតហេតុ។

លោកអធិការបន្តថា នៅមុនពេលកើតហេតុ កុមារីទាំងពីរនាក់នេះ បានចេញពីរៀនគួរ រួចបាននាំគ្នាទៅលេង ទឹកត្រង់ចំណុចកើតហេតុ ស្រាប់តែផុតជើងធ្លាក់ ចូលក្នុងទឹកបណ្តាលលង់ តែដោយមិនអស់ចិត្ត ក្រុមគ្រួសារ យកទៅសង្គ្រោះមន្ទីរនៅភ្នំពេញ តែអកុសលកុមារីទាំង២នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពីសមត្ថកិច្ចបច្ចេកទេសស្រុក បានចុះទៅធើ្វការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ក្នុងនាមលោកជា អាជ្ញាធរស្រុក បានចូលរួមរំលែកទុក្ខ ដល់គ្រួសារសពកុមារីទាំង២ និងបានចូលបុណ្យ ក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល និងអង្ករ២បាវស្មើ១០០គីឡូក្រាម  ដើម្បីជួយសម្រាលបន្ទុកគ្រួសារ សពកុមារីទាំង២នាក់ ផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]