ជប៉ុន៖ នាពេលថ្មីៗនេះ ឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាងនិង អស្ចារ្យមួយត្រូវបាន គេយកមកដាក់តាំងបង្ហាញ ដែលបានបង្កឲ្យមាន ការចាប់អារម្មណ៍ជាខ្លាំង ហើយនោះគឺជា ប្រភេទទូរស័ព្ទបែប មនុស្សយន្តដែលបង្កើតឡើង មកជាមួយនឹងលក្ខណៈពិសេស ថ្មីៗជាច្រើន។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទមនុស្សយន្តមួយនេះ មានឈ្មោះថា Robohon និងត្រូវបានយក មកដាក់បង្ហាញនៅក្នុង ពិធីតាំងពិព័រណ៍ CEATEC នៅប្រទេសជប៉ុន ដោយក្រុមហ៊ុន Sharp។ Robohon ត្រូវបានច្នៃម៉ូតឡើង ដោយអ្នកជំនាញដ៏ល្បី គឺលោក Tomotaka Takahashi ដែលធ្វើឲ្យទូរស័ព្ទប្រភេទនេះ មើលទៅដូចជា មនុស្សយន្តមួយគ្រឿងអញ្ចឹង ផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ទូរស័ព្ទមនុស្សយន្តនេះ មានកម្ពស់ជាង ២០សង់ទីម៉ែត្រ ដែលមានបំពាក់ អេក្រង់ទំហំ ២អ៊ីញ នៅខាងក្រោយខ្នងរបស់វា បូករួមជាមួយនឹង កាមេរ៉ា ព្រមទាំងឧបករណ៍ Projector នៅលើមុខរបស់វា។ Robohon មានលក្ខណៈពិសេស ដ៏អស្ចារ្យជាច្រើន ដែលក្នុងនោះវាអាច ភ្ជាប់ជាមួយនឹងសេវា LTE ព្រមទាំងបណ្តាញទូរស័ព្ទ 4G ហើយម្យ៉ាងវិញទៀតវា ក៏អាចដើរ និយាយ និងរាំ បានផងដែរ។


ទូរស័ព្ទដៃមនុស្សយន្ត Robohon ដ៏ថ្មីប្លែក និងអស្ចារ្យ

ក្រៅពីនេះ ទូរស័ព្ទមនុស្សយន្ត Robohon ក៏អាចមានសមត្ថភាព ក្នុងការសំគាល់ទម្រង់មុខ ឬក៏សម្លេងរបស់មនុស្ស ហើយវានឹងនិយាយប្រាប់ ឲ្យពួកគេញញឹម ពេលកំពុងថត ឬក៏ផ្តល់ដំណឹង នៅពេលណា ដែលពួកគេទទួលបាន សារទូរស័ព្ទថ្មី។

លោក Tomotaka Takahashi បានលើកឡើងអំពី ឧបករណ៍ថ្មីមួយនេះថា “Robohon គឺជាបច្ចេកវិទ្យានៃ ទូរស័ព្ទដៃថ្មីបំផុត នាពេលបច្ចុប្បន្ន ព្រោះថាវាបានភ្ជាប់មកនូវលក្ខណៈពិសេសៗជាច្រើន ដើម្បីអាចឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ប្លែក និងរឹតតែងាយស្រួលជាងមុន”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sharp មានគម្រោង នឹងចេញលក់ទូរស័ព្ទមនុស្សយន្ត Robohon នេះនៅពាក់កណ្តាល ដើមឆ្នាំ២០១៦ តែចំពោះតម្លៃ គឺមិនទាន់ត្រូវបាន បញ្ជាក់ឲ្យដឹងនៅឡើយនោះទេ៕



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]