ភ្នំពេញ៖ កម្លាំងល្បាតរបស់អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបនិង ចាប់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋម្នាក់ ក្រោយពីធ្វើសកម្មភាពនៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចជញ្ជីងថ្លឹងរថយន្ដ ផ្លូវវេងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីមុខសញ្ញា មួយនេះ បានធ្វើសកម្មភាព បានសម្រេចរួចមកនោះ ។

មន្ដ្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យបានប្រើម៉ូតូ ដោយកែស្លាកលេខ ខុសពីស្លាកលេខដើម ដើម្បីបន្លំភ្នែកសមត្ថកិច្ច នៅពេលដែលខ្លួននិងបក្ខពួក ធ្វើសកម្មភាពម្ដងៗ ប៉ុន្ដែលើកនេះបើទោះបី ឆក់ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋបានសម្រេចក៏ដោយ ប៉ុន្ដែក៏រត់មិនរួចពីកម្លាំង ល្បាតរបស់អាវុធហត្ថ ដែលស្ថិតនៅក្បែរ កន្លែងកើតហេតុនោះ ។

តាមមន្ដ្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះឈ្មោះ អៀវ ជីអ៊ូ អាយុ២៣ឆ្នាំ មុខរបរកម្មកររោង ចក្រកាណាឌីយ៉ា បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ពាក់ ស្លាកលេខ ភ្នំពេញ 1FH-7159 ហើយបានកែមក ភ្នំពេញ 1AA-7459 ថែមទាំងបិទ ស្កុតគោលបំណងបន្លំភ្នែករបស់សមត្ថកិច្ចនៅ ពេលដែលរូបគេធ្វើសកម្មភាពនោះ ។

តាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថដដែល មុនពេលកើតហេតុ ស្ដ្រីរងគ្រោះឈ្មោះ អឿន ស៊ុម អាយុ៤០ឆ្នាំ មុខរបរជាអ្នករកស៊ីបាន ធ្វើដំណើរដោយថ្មើរជើង បម្រុងទៅទិញអីហូប ស្រាប់តែលេចមុខជន សង្ស័យជិះម៉ូតូ ខាងលើមកធ្វើសកម្មភាពឆក់យកកាបូបពី ស្ដ្រីរងគ្រោះរួចហើយជិះគេចខ្លួន ។ ប៉ុន្ដែក្រោយពេលឆក់ បានសម្រេច ស្ដ្រីរងគ្រោះ បានស្រែកឆោឡោ ធ្វើឱ្យកម្លាំងល្បាត របស់អាវុធហត្ថនៅក្បែរ នោះឮបានជួយអន្ដរាគមន៍ ដោយដេញចាប់ប្រផាប់ប្រភីងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដកហូតម៉ូតូ ដែលជិះធ្វើសកម្មភាព កាបូបរបស់ស្ដ្រីរងគ្រោះដែល មានលុយជាង១០ម៉ឺនរៀល ទូរស័ព្ទដៃមួយ គ្រឿងនិងខ្សែកមួយខ្សែ ប្រគល់ឱ្យស្ដ្រីរង គ្រោះវិញ ។

ក្រោយការឃាត់ខ្លួននិងធ្វើការសួរនាំរួច មកជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទាំង វត្ថុតាងទៅកាន់ ការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌនៃអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងបញ្ហា សន្ដិសុខតាមមូលដ្ឋាន ក៏ដូចជាជួយទប់ស្កាត់ បទល្មើសនានា រក្សាសុវត្ថិភាពជូនប្រជាពល រដ្ឋនោះ មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍ សែនជ័យ លោកជឹម ឫទ្ធី បានដាក់ផែនការ ឱ្យកងកម្លាំងរបស់ខ្លួន ធ្វើការចុះល្បាតជាប្រចាំ ទាំងថ្ងៃទាំងយប់ ងាយស្រួលជួយ អន្ដរាគមន៍ ភ្លាមៗនៅពេលមានបទល្មើសអ្វីកើតឡើង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]