ភ្នំពេញ ៖ ព្រឹត្តការណ៍ដែលធ្វើឲ្យក្រុមគ្រួសារមួយបានស្រែកយំយ៉ាងកងរំពងបន្ទាប់ពី បុរសម្នាក់បានជិះម៉ូតូ ម៉ាក គុបជ្រុងក្នុងល្បឿនលឿនហើយត្រូវរថយន្តមួយគ្រឿងម៉ាកវីហ្គោ បុកចំពេញទំហឹង  បណ្តាលឲ្យបុរស រូបនេះត្រូវ ហោះផ្លោងបោកផ្ទុកទៅថ្នល់បែកក្បាល អូរឈាមស្រោចខ្លូនស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១២ នៅចំណុចទល់មុខ ក្រុមហ៊ុនលាយស៊ីម៉ង៍ ប៊ី ភី ស៊ី តាមបណ្តោយ ផ្លូវមុនីរ៉េត ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជាធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ បាននិយាយរៀប រាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង តាមបណោ្តយផ្លូវមុនីរ៉េត លុះមកដល់ ចំណុច កើតហេតុ ស្រាប់តែមានរថយន្តមួយ គ្រឿងម៉ាក វីហ្គោល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J 3187 បានបោះពួយយ៉ាងលឿន បញ្រ្ចាសទិសជាមួយម៉ូតូ ខណៈនោះរថយន្តបង្កហេតុបានបើក ហៀមកជាន់លើផ្លូវ របស់បុរសរងគ្រោះទើបបណ្តាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូ បុរសរងគ្រោះពេញទំហឹងលាន់លឺសូរដូចរន្ទះ ធ្វើបុរសជាម្ចាស់ម៉ូតូ បោកក្បាលទៅថ្នល់ ស្លាប់ភ្លាមៗនៅចំណុច កើតហេតុ។បន្ទាប់ពីមានហេតុការណ៍នេះ រថយន្តបង្ក ហេតុបានបើករត់គេចខ្លួន បានស្រមោល ដោយមិនបានឈប់ដើម្បីដោះស្រាយសំណង់ជូន សាកសពជនរងគ្រោះឡើយ។

គួរបញ្ជាក់ថា សាកសពបុរសខាងលើនេះមានឈ្មោះ តាំង ហុកគ្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារ ដេប៉ូទី១  ខណ្ឌទួលគោក ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AJ-3819 ។

ក្រោយកើតហេតុនគរបាលមូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះ មកដល់ចំណុចកើតហេតុនិងបានសហការជាមួយនគរបាលភ្នំពេញធ្វើការវាស់វែងនិងធ្វើលិខិត ប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ជនរងគ្រោះបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីតាមចាប់រថយន្តបង្កហេតុឲ្យមកដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]