ភ្នំពេញ៖ កវីល្បីឈ្មោះ ក្នុងការតាក់តែងនិពន្ធ បទចម្រៀង លោក យឹម តាស្រង់ បានបង្ហាញក្ដីខឹងក្រោធយ៉ាងខ្លាំង ចំពោះជនអគតិមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះរបស់លោក ដើម្បីមានតែម (ល្បីឈ្មោះដូចគ្នា) យកទៅបង្អួតគេបង្អួតឯង ។ ជាពិសេសថែមទាំងដើរនិយាយថា លោកទិញបទចម្រៀងរបស់គេ មកដាក់ឈ្មោះខ្លួនឯង ដើម្បីបានល្បី ឈ្មោះទៀតផង។

រឿងរ៉ាវដ៏រសើបនេះ បានធ្វើឲ្យកវីល្បីឈ្មោះរាប់ឆ្នាំ យឹម តាស្រង់ ក្ដៅក្រហាយចិត្តយ៉ាងខ្លាំង ទ្រាំមិនបាន ព្រោះហាក់កាន់តែធ្ងន់ធ្ងរទៅៗ ពេលឃើញលោកមិននិយាយ ដោយបានបញ្ចេញសារ យ៉ាងច្បាស់ក្នុងបណ្ដាញសង្គម របស់ខ្លួន ដែលមានឈ្មោះ «Yem Tasrong –Song Writer&Comedy» សរសេរថា «ខ្ញុំបានឮបញ្ហាមួយ ដែលទាក់ទងនឹងការ បង្ខូចកេរ្តិ៍ឈ្មោះថា បទចម្រៀងដែលខ្ញុំ និពន្ធគឺសុទ្ធតែទិញពីគេ យកមកដាក់ឈ្មោះខ្លួនឯង.. ពាក្យនេះខ្ញុំឮពី អ្នកក្នុងពិភពសិល្បៈ និងប្រិយមិត្តមួយចំនួន ប្រាប់ខ្ញុំច្រើនហើយ តែខ្ញុំមិនមាត់ ប៉ុន្តែយូរៗទៅអស់លោកអ្នកដែល យកតែមឈ្មោះខ្ញុំ ទៅបង្អួតកាលីបខ្លួនឯង កាន់តែបានដៃទៅៗ។ ដូច្នេះថ្ងៃនេះ ខ្ញុំចង់ជម្រាបមហាជនឲ្យដឹងថា កេរ្តិ៍ឈ្មោះខ្ញុំ ដែលមានរាល់ថ្ងៃ ក្នុងវិស័យតាត់តែងនិពន្ធនេះ គឺកើតចេញពីការខិតខំ តស៊ូពុះពារព្យាយាម របស់ខ្ញុំសុទ្ធសាធ ហើយចាប់តាំង ពីចាប់ផ្ដើមអាជីព ជាអ្នកនិពន្ធ ខ្ញុំមិនដែលយកបទចម្រៀង ស្នាដៃនរណាម្នាក់ មកដាក់ឈ្មោះ ខ្លួនឯងឡើយ សូម្បីតែ១បទ..»។

លោកបានបន្ថែមទៀតថា «ដូច្នេះសូមអ្នកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ដែលបច្ចុប្បន្នមានអ្នកខ្លះ នៅផលិតកម្មធំ និងខ្លះនៅផលិតកម្មតូច ហើយខ្លះទៀត ត្រឹមជាអ្នកចូលចិត្ត ការតែងនិពន្ធ និងស្វះស្វែងរកឱកាស ចូលផលិតកម្មសោះ ក៏ខំប្រឹងបំប៉ោងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំដែរ ដើម្បីឲ្យគេស្ដាប់ទៅ ជឿជាក់លើសមត្ថភាពខ្លួន។ ដូច្នេះពេលនេះ សូមបញ្ឈប់ទង្វើរបស់អ្នក សូមអាណិតដល់ឈាមម្ដាយ របស់អ្នកផង ដែលខំបង្កើតអ្នកមក អស់ឈាមទាំងថ្លុក មិនគួរមានកូនអត់កំណើតបែបនេះឡើយ។ ខ្ញុំជឿថា ចិត្តម្ដាយអ្នក គឺចង់ឲ្យអ្នកមានកំណើត បានខ្ពស់មុខខ្ពស់មាត់ ដោយ សមត្ថភាពខ្លួនឯង មិនមែនដោយការយក តែមឈ្មោះអ្នកដទៃ ទៅនិយាយបង្ខូចកេរ្តិ៍ឈ្មោះគេ ដើម្បីកំញើញបង្អួត សមត្ថភាពខ្លួន ឯងឲ្យមនុស្សជុំវិញខ្លួន កោតសរសើរនោះឡើយ..»។

តាមរយៈការបញ្ចេញសារឆ្លើយតប ខាងលើនេះ ពីសំណាក់លោក យឹម តាស្រង់ ហាក់បង្ហាញឲ្យឃើញថា អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ជាអ្នករស់នៅក្នុងចង្កោម សិល្បៈដូចគ្នា ហើយអាចច្រណែនឈ្នានីសគ្នា ក្នុងរឿងអ្វីមួយ ។ ទោះបីជាយ៉ាងណា អ្នកសិល្បៈគួរចេះស្រឡាញ់រាប់អានគ្នា ជួយលើកទឹកចិត្តគ្នា ទៅវិញទៅមក ដើម្បីភាពរីកចម្រើន មិនមែនឃើញម្នាក់ ឬពីរនាក់ល្បី កើតចិត្តច្រណែន និងបង្ខូចកេរ្តិ៍ឈ្មោះគ្នា បែបនេះឡើយ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]