រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សច្ចា​ឈប់​តវ៉ា​ក្នុង​ករណី​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន​ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​ឈប់​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ក្នុង​ចន្លោះ​ពី​ម៉ោង​៧​ដល់​៩​យប់​ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៥​ទៅ​មិន​មាន​ប្រសិទ្ធភាព ។

តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ដូច​ជា​តារា​សម្តែង​ជា​ច្រើន​ទៀត​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន ហើយ​ពួក​គេ​កំពុង​តែ​ទន្ទឹងរង់ចាំ​មើលទៅ​លើ​ចំណាត់ការ​មួយ​នេះ​ថា​តើ​នឹង​មាន​ប្រសិទ្ធភាព ឬ​យ៉ាងណា ក្នុង​ពេល​ដែល​ឱសានវាទ​កាន់តែ​ខិត​ជិត​មក​ដល់​នោះ ។

ខណៈ​ពេល​ថ្ងៃ​កំណត់​នៅ​មិន​ទាន់​មក​ដល់​នោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សច្ចា​ថា​នឹង​មិន​តវ៉ា​ទៀត​ទ្បើ​យ ក្នុង​ករណី​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​គ្មាន​ប្រសិទ្ធភាព។
អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​សារ​មួយ​បញ្ជាក់​ពី​គោល​ជំហរ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នេះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរ​ថា «​ថ្ងៃ​ទី​១ វិច្ឆិកា​ជិត​មក​ដល់​ហើយ ខ្ញុំ​សង្ឃឹមថានឹង​បានឃើញ​ការ​គោរព​សេចក្តី​ប្រកាស និង​ការ​អនុម័ត​របស់​ក្រសួង​ព័ត៌មាន​ចំពោះ​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់ ។ បើ​លើក​នេះ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​ទៀត នាង​ខ្ញុំ​ដែល​ជា​សិល្ប​ការិនី​ខ្មែរ​ម្នាក់​សូម​បញ្ឈប់​នូវ​សកម្មភាព​តវ៉ា​ដើម្បី​សិល្បៈ ជាតិ​ខ្លួន​ទៀត​ហើយ ចង់​អ្នក​ណា​ធ្វើ​អ្វី ធ្វើ​ទៅ​ប្រយោជន៍​អ្នក​ណា សិល្បៈ​ជាតិ​រលាយ ឬ​អ្នក​ណា​មក​ជាន់ឈ្លី​សិល្បៈ​ខ្មែរ​ក៏​ខ្ញុំ​លែង​ខ្វល់ លែង​ដឹង​ឮ អ្វី​ទាំងអស់ ។  ខ្ញុំ​នឹង​ឈប់​ធ្វើ​ជា​សិល្ប​ការិនីដែល​មាន​មនសិការ​ជាតិ​ទៀត​ហើយ ទោះ​អ្នក​ណាមក​ពឹងពាក់​ទៀត​ក៏​ខ្ញុំ​លែង​ខ្វល់ ។ ខ្ញុំ​សង្ឃឹមថា ចំណាត់ការ​នេះ​នឹង​មាន​ប្រសិទ្ធភាព​តាម​កាលកំណត់​ដោយ​គ្មាន​លើស​១​ថ្ងៃ ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ថា តើ​ស្ថានីយទូរទស្សន៍​ណា​ដែល​គោរព​តាម​ការ
អនុម័ត​របស់​ក្រសួង​ដោយ​ឧត្តមគតិ មនសិការជាតិ​ពិតប្រាកដ » ។

តាម​រយៈ​សារ​មួយ​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជាតា​រា​ខ្មែរ​មួយ​រូប​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ពិតជា​មាន​មនសិការ​ខ្ពស់​ក្នុង​ការ​ឈឺឆ្អាល​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ បើ​ទោះ​ការ​ផលិតភាព​យន្ត​ខ្មែរ​នៅ​មាន​កម្រិត​ក្តី ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​តវ៉ា​តាំងពី​ដំបូង​នៅ​ពេល​ភាពយន្ត​ថៃ​នាំ​មក​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាត់​ស្រមោល​ពី​កញ្ចក់​ទូរទស្សន៍​ក្រោយ​ពី​ព្រឹត្តិការណ៍​ប្រឆាំង​ថៃ​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០០៣​មក ។ ការ​តវ៉ា​ចំពោះ​ការ​បញ្ចាំងភាពយន្ត​ថៃ​នេះ​មិនមែន​តែ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ឡើយ ពោល​គឺ​តារា​ជា​ច្រើន​រូប​ទៀត​ក៏​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ គ្រាន់តែ​មួយ​ចំនួន​ប្រឆាំង​ដោយ​មិន​ចេញ​មុខ​ប៉ុណ្ណោះ ។

តារា​ខ្មែរ​បាន​សម្តែង​ក្តី​បារម្ភ​នៅ​ពេល​ភាពយន្ត​ថៃ​ហូរ​ចូល​មក​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុងស្រុក​ជា​ថ្មី​ឡើង​វិញ ។ ពួក​គេ​យល់​ថា ប្រសិនបើ​គ្មាន​ចំណាត់ការ​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ពី​ភាគី​ពាក់ព័ន្ធ​ទេ នឹង​ប៉ះពាល់​ដល់​ការ​ផលិតភាព​យន្ត​នៅ​ក្នុងស្រុក ប៉ះពាល់​អាជីព​អ្នកសិល្បៈ ។  ម្យ៉ាងទៀត​ដូច​ជា​ទុក​ឱកាស​ឱ្យ​ភាពយន្ត​បរទេស​បញ្ជ្រាប​វប្បធម៌​របស់​គេ​មក​លើ​សង្គម​ខ្មែរ ។

តារា​ខ្មែរ​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​បញ្ឈប់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​បរទេស​នៅ​ចន្លោះ​ម៉ោង​៧​ដល់​ម៉ោង​៩​យប់​ចាប់ពី​ថ្ងៃ​១ ខែវិច្ឆិកា ២០១៥​តទៅ ប្រ​សិន​ស្ថានីយទូរទស្សន៍​ណាមួយ​មិន​អនុវត្ត​នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]