រាជធានី​ភ្នំ​ពេញ ៖​ យុវជន​ម្នាក់​ត្រូវ​របួស​ចំ​ស្មង​ជើង​ឆ្វេង​ ​និង​​យុវជន​២​នាក់​ទៀត​រង​របួស​ស្រាល​​ដោយសារ​រថយន្ដ​ឆ្លាម​បើក​បុក​ពេញ​ទំហឹង​ចំ​ពី​ចំហៀង​ម៉ូតូ​​ ខណៈ​ពេល​​យុវជន​៣​នាក់​​នេះជិះ​ម៉ូតូ​ឌុប​គ្នា​​​មក​ដល់​ចំណុច​ស្ពាន​​អាកាស​៧​មករា ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​​​ពី​បង្ក​គ្រោះថ្នាក់​​រថយន្ដ​ឆ្លាម​ដែល​បើក​​​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​​​ផង​នោះ មិន​បាន​ឈប់​រថយន្ដ​​​ធ្វើការ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​​​​ទេ​ បែរ​ជា​បើក​រត់ ប៉ុន្ដែ​ត្រូវ​​ក្រុម​មិត្ដភក្ដិ​ជន​រង​គ្រោះ​បើក​​ដេញ​តាម​រហូត​ទៅ​ដល់​ស្ដុ​ប​លូ​៣​​ក៏ឃាត់​​​រថយន្ដ​នេះ​បាន ហើយ​ក៏​កើត​មាន​ជម្លោះ​​ ដោយម្ចាស់​រថយន្ត​​អះអាង​ថា រូប​​គេ​ពុំ​បាន​បុក​ម៉ូតូ​នោះ​ទេ ។ ​ករណី​នេះ​បាន​កើត​ឡើង​នៅ​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៨ ​កុម្ភៈ​​​។

ជម្លោះ​រវាង​ភាគី​ទាំង​២​ខាងលើ​បាន​ធ្វើ​ឱ្យ​ស្ទះ​ចរា​ចរណ៍​នៅ​ចំណុច​ស្ដុ​ប​លូ​៣ ​និង​ផ្អើល​ទៅដល់​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះ​មក​អន្ដរា​គមន៍ ប៉ុន្ដែ​ភាគី​ទាំង​២​នៅ​តែ​ជជែក​យក​ឈ្នះ​ចាញ់រៀង​ខ្លួន​ ហើយ​ភាគី​រថយន្ដ​បាន​យកឈ្មោះ​លោក​ឧត្ដម​សេនីយ៍​ម្នាក់​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មក​កាង​ការ​ពារ​ខ្លួនផង​ដែរ​ ធ្វើ​ឱ្យ​ប៉ូលិស​ពិបាក​ធ្វើការ​ដោះ​ស្រាយបំ​ផុត​ ​។ ​ទីបំផុត​រ​យៈ​ពេល​ជិត​កន្លះ​ម៉ោង​ដោះ​ស្រាយ​មិន​ត្រូវ​រ៉ូវគ្នា ព្រោះ​​ម្នាក់​ៗសុ​ទ្ធ​តែ​យក​ឈ្នះ​​រៀង​ៗ​ខ្លួន ហើយ​អាងខ្នង​ទៀត​នោះ ​ប៉ូលិស​បាន​ប្រគល់​ការ​ដោះ​ស្រាយ​ចរាចរណ៍​នេះ​ទៅ​ឱ្យ​កងរាជអាវុធហត្ថ​ខណ្ឌ​​សែនសុខ​ធ្វើការ​ដោះ​ស្រាយ​​វិញ ​។

ប្រភព​ព័ត៌មាន​ចេញ​ពី​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា ​ការ​ដោះស្រាយបញ្ហា​ខាង​​លើ​បាន​ប្រើ​រយៈ​ពេល​​ជា​ច្រើន​ម៉ោង​ទំ​រាំ​តែ​ត្រូវ​រ៉ូវ​គ្នា ដោយ​ភាគី​ម្ចាស់​រថយន្ដ​បាន​បដិ​សេធ​​ថា ​ខ្លួន​មិន​បាន​បើក​បុក​ម៉ូតូ​ហុងដា​សេ​១២៥​របស់​​ជន​រង​គ្រោះ​នោះ​ទេ​ ។ ​ទោះ​ជា​បែប​ណា​ដោយ​​មានការ​សម្រប​សម្រួល​​ពីកងរាជអាវុធ​ហត្ថ​​ខណ្ឌ​​សែន​សុខនោះ​​ភាគី​ខាង​ម្ចាស់​រថយន្ដ​បាន​ព្រម​សង​ឱ្យ​ភាគី​រង​គ្រោះ​​​១០០​ដុល្លា​រ​ជា​ការ​បញ្ចប់វិវាទ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]