ក្រចេះ ៖ ស្ដ្រីកសិករម្នាក់ ពេលទៅចំការ ជាមួយប្ដីរបស់ខ្លួន ស្រាប់តែឈឺពោះឆ្លងទន្លេ កូនភ្លោះបីនាក់ ស្ថិតនៅក្នុងភូមិកញ្ជរ ឃុំ កញ្ជរ ស្រុកឆ្លូង ខេត្ដក្រចេះ តែអកុសល ទារិកាពៅគេ បានស្លាប់ព្រោះតែគ្មានការជួយ អន្ដរាគមន៍ទាន់ពេលវេលាពីក្រុមគ្រូពេទ្យ បើទោះបីបុរសជាប្ដីបានទូរស័ព្ទទៅគ្រូពេទ្យ ម្នាក់នៅមណ្ឌលសុខភាពក៏ដោយនោះ ។

ហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរសម្រាប់ គ្រួសារកសិករដែលមានជីវភាពលំបាកមួយ នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជា ពលរដ្ឋនៅជិតខាង នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ។

យោងតាមបុរសជាប្ដីបានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ប្រពន្ធរបស់ខ្លួនបាន សម្រាលកូនលើកទី៤ ហើយជាកូនភ្លោះ៣ នាក់ស្រីទាំងអស់ ប៉ុន្ដែកូនស្រីទី៣បានស្លាប់ ដោយសារតែឈ្លក់ទឹកភ្លោះ ។

លោកហួត សុខគន អាយុ៣៦ឆ្នាំ បាន និយាយថា ប្រពន្ធរបស់ខ្លួនឈ្មោះហៃ គឹម ហៀត អាយុ៣៥ឆ្នាំ បានចាប់ផ្ដើមឈឺពោះ នៅវេលាម៉ោងជាង៤ទាបភ្លឺ ខណៈដែលគាត់ និងប្រពន្ធទៅចំការនៅខាងក្រោយភូមិ ចម្ងាយ ប្រមាណ២គីឡូម៉ែត្រ ។

លោកបន្ដទៀតថា ក្រោយពីប្រពន្ធឈឺ ពោះលោកក៏បានទូរស័ព្ទទៅគ្រូពេទ្យបង្អែក ស្រុកឆ្លូង លោកសុខ ណា ដើម្បីឱ្យយក រថយន្ដសង្គ្រោះមកដឹកប្រពន្ធទៅសម្រាល កូននៅមន្ទីរពេទ្យ ប៉ុន្ដែការទន្ទឹងរង់ចាំចេះ តែបាត់ទៅៗ ទើបប្រពន្ធរបស់ខ្លួន សម្រាល កូននៅក្នុងព្រៃចំការតែម្ដង ដោយមានការ ជួយអន្ដរាគមន៍ពីប្រជាពលរដ្ឋនៅទីនោះ ។

លោកហួត សុខគន បានបញ្ជាក់ទៀតថា ដោយសារតែរង់ចាំការជួយអន្ដរាគមន៍ពីគ្រូ ពេទ្យយូរពេក ទើបលោកបានទូរស័ព្ទទៅវិទ្យុ អេប៊ីស៊ី ដើម្បីរៀបរាប់ពីហេតុការណ៍នេះ រហូតដល់ម៉ោង៧ព្រឹក ទើបឃើញគ្រូពេទ្យ យករថយន្ដមកដឹកភរិយារបស់ខ្លួនចេញពី ព្រៃចំការ ឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុក ឆ្លូង ។

បុរសជាប្ដីរូបនេះ បាននិយាយថា កូនស្រី ទី១ទម្ងន់ ១គីឡូ៣ខាំកន្លះ កូនស្រីទី២ មាន ទម្ងន់១គីឡូ៣ខាំ និងកូនស្រីទី៣ មានទម្ងន់ ជាង១គីឡូ តែជាអកុសលបានស្លាប់ដោយ សារតែឈ្លក់ទឹកភ្លោះ ។

ជុំវិញការរិះគន់ទៅលើភាពយឺតយ៉ាវនៃ ការនៃការជួយអន្ដរាគមន៍ពីក្រុមគ្រូពេទ្យ បង្អែកស្រុកឆ្លូញ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលមិនអាចសុំការបំភ្លឺ ពីលោកប៊ិន ប៊ុន ណាវ៉េត ប្រធានមន្ទីរពេទ្យបង្អែកបាននោះ ទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ ។

ជាមួយគ្នានេះរហូតមកដល់ព្រឹកថ្ងៃទី៥ ខែតលា ឆ្នាំ២០១៥នេះ គេមិនទាន់ឃើញ អាជ្ញាធរស្រុកឬខេត្ដ និងមន្ដ្រីពាក់ព័ន្ធចុះទៅ សួរសុខទុក្ខនិងឧបត្ថម្ភ ក៏ដូចជាផ្ដល់អំណោយ ដល់ស្ដ្រីរងគ្រោះនោះទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]