ភ្នំពេញ៖ ឪពុក-ម្តាយ លោក តៅ សាវឿន អតីតនិស្សិត សាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប  បានបញ្ចេញ វីដេអូយំអង្វរសុំឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ផ្តល់ក្តីអនុ  គ្រោះ និង លើកលែងទោស កំហុស ឲ្យកូនរបស់ខ្លួន ដែលត្រូវបានតុលាការចេញ ដីកាឃុំខ្លួនកាលពីថ្ងៃទី៣០ ខែ  កញ្ញា កន្លងទៅ បន្ទាប់ពីអតីត និស្សិតរូបនេះ សរសេរគំរាមសម្លាប់ សម្តេចក្រឡាហោម តាមទំព័រ Facebook។

តាមរយៈវីដេអូឃ្លីប មានរយៈពេលជិត ២នាទី ឪពុក-ម្តាយ លោក តៅ សាវឿន បានរៀបរាប់ ទាំងទឹកភ្នែកថា « សូមសម្តេចកុំយក ទោសពៃអី សុំអនុគ្រោះឲ្យកូនផង ខ្ញុំកូនអ្នកក្រីក្រទេ ខ្ញុំគ្មានទ្រព្យ សម្បត្តិទេ ខ្ញុំឲ្យកូនរៀនអស់ ហើយ ខ្ញុំសព្វថ្ងៃនេះ មានកូនប្រុសតែ មួយគត់ សូមសម្តេចអាណិតខ្ញុំផង»។

នៅមុនពេលទទួលបានវីដេអូ នៃការយំអង្វរនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏ទទួល បានលិខិត របស់លោក  តៅ សារឿន សរសេរចេញពី ពន្ធនាគារ មកទទួលទោស កំហុសរបស់ខ្លួន និងសុំឲ្យសម្តេច ក្រឡាហោម ស ខេង  លើកលែងទោសឲ្យរូបគេផងដែរ។

អតីតនិស្សិតសាកលវិទ្យាល័យ South East Asia លោក តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់   សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសរសេរសារបញ្ចេញ Comment នៅលើទំព័រ Face book គំរាមបោកគ្រាប់   បែកសម្លាប់សម្តេច ស ខេង នៅពេលសម្តេចអញ្ជើញ ទៅប្រគល់ សញ្ញាបត្រ ដល់និស្សិតនៅ ក្នុងខេត្តសៀមរាប។

លោក តៅ សារឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប កាលពី រសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៥៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]