ស្វ៊ីស៖ ជាមួយនឹងការជឿនលឿននៃបច្ចេកវិទ្យា បូករួមនឹងគំនិតច្នៃប្រឌិតខ្ពស់ ក្រុមហ៊ុនដ៍ថ្មីស្រឡាងមួយរបស់ប្រទេសស្វ៊ីស បានចូលរួមកាត់បន្ថយការលំបាក និងការចំណាយមួយចំនួន របស់ប្រជាពលរដ្ឋ ជាពិសេសនោះគឺជាផ្នែកមួយ ក្នុងការការពារបរិស្ថាន ដោយបានបង្កើតនូវប្រដាប់កោរពុកមាត់ទំនើបម្យ៉ាង ប្រើកាំរស្មីឡាស៊ែរ ។

ឡាមនិងដងកោរពុកមាត់ដ៏ទំនើបនេះ មានឈ្មោះថា The Skarp Laser Razor ដែលជាប្រភេទប្រដាប់កោរពុកមាត់ម្យ៉ាង ផលិតពីអាលុយមីញ៉ូម អាចធ្វើការកោរពុកមាត់ និងសក់បានយ៉ាងស្អាត និងមានភាពងាយស្រួលជាទីបំផុត ដោយមិនចាំបាច់ខ្លាចថា មានបញ្ហារមាស់ឬប្រតិកម្មស្បែក ឬក៏មុតរបួសជាយថាហេតុអ្វីនោះទេ ពីព្រោះវាមិនមានផ្លែឡាមមុតស្រួចឡើយ។ ផ្ទុយទៅវិញ វាត្រូវបានបំពាក់ដោយពន្លឺឡាស៊ែរជំនួសវិញ ក្នុងការកោររោម សក់ និងពុកមាត់ ពុកចង្ការ បានដោយងាយតែម្តង ។

ជាការពិតណាស់ សម្រាប់ប្រដាប់កោរពុកមាត់សាមញ្ញធម្មតា យើងត្រូវការទឹក ឬក្រែមកោរពុកមាត់ ក្នុងការកោរ ប៉ុន្តែចំពោះប្រដាប់កោរពុកមាត់ Skarp Laser Razor នេះវិញ មិនត្រូវការរបស់អស់ទាំងនោះឡើយ ហើយវានៅតែមុតបែបនេះ និងអាចប្រើបានដល់ទៅ ៥ម៉ឺនម៉ោងឯណោះ ។ ហើយដោយសារតែ វាមិនត្រូវការទឹកឬក្រែម និងគ្មានផ្លែឡាមបែបនេះហើយ ទើបវាបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន ។

យោងទៅតាមរបាយការណ៍ថ្មីៗនេះ ទឹកជាច្រើន ត្រូវបានប្រើប្រាស់សម្រាប់ការកោរពុកមាត់ សក់ ចង្ការ ក្នុងគេហដ្ឋាននីមួយៗ ចំណែកឯផ្លែឡាមយ៉ាងច្រើនសន្ធឹកសន្ធាប់វិញ ត្រូវបានចាក់ចោលនៅគំនរសំរាម នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ជារៀងរាល់ឆ្នាំ ។ ហេតុដូចនេះ Skarp Laser Razor បានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការអភិរក្ស ក៏ដូចជាលើកស្ទួយដល់ការថែរក្សានិងការពារបរិស្ថាន ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Asiantown

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]