ឥណ្ឌា៖ បុរសម្នាក់ ដែលបានចាប់ផ្ដើម ក្អកអស់រយៈពេលពីរថ្ងៃ បានតក់ស្លុត ជាខ្លាំង បន្ទាប់ពីគ្រូពេទ្យ បានប្រាប់ថា រូបគាត់ បានលេបធ្មេញសិប្បនិម្មិត រ​បស់គាត់ ហើយទើរជាប់ ត្រង់បំពង់អាហារ ក្នុងខណៈពេលដែល គាត់គេងលក់។

បុរសជនជាតិឥណ្ឌាម្នាក់ វ័យ៥៥ឆ្នាំ មិនបានបញ្ជាក់ពីឈ្មោះ ត្រូវបានគេរាយការណ៍ថា បានទៅ មន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យ គ្រូពេទ្យពិនិត្យមើល បន្ទាប់ពីរូបគាត់ បានត្អូញត្អែរ អំពីការលំបាកក្នុងការ លេបចំណីអាហារ រួមទាំងមានអារម្មណ៍ថា ណែនៗក្នុងទ្រូង និងក្អក អស់រយៈពេលពីរ ថ្ងៃកន្លងមកហើយ ។ គាត់បានពន្យល់ថា រូបគាត់មាន អាការៈជម្ងឺម្យ៉ាង ដែលបណ្តាលឲ្យគាត់ ប្រកាច់ ចាប់តាំង ពីគាត់នៅក្មេងម៉្លេះ ហើយគាត់ក៏ តែងតែញ៉ាំថ្នាំប្រឆាំង នឹងជំងឺឆ្កួតជ្រូកនេះ រហូតមក ផងដែរ ។

ជាក់ស្តែង កាលពីមួយសប្តាហ៍កន្លងទៅនេះ គាត់បានប្រកាច់ (ជំងឺឆ្កួតជ្រួករើឡើងវិញ) ជាថ្មីម្តងទៀត ដោយពេលនោះ គាត់កំពុងតែ ពាក់ធ្មេញ សិប្បនិម្មិតរបស់ គាត់ផងដែរ ។ តែនៅពេលដែលគាត់ បានភ្ញាក់ដឹងខ្លួន គាត់បានប្រទះឃើញ ផ្នែកនៃធ្មេញសិប្បនិម្មិត របស់គាត់ បានជ្រុះនៅលើកំរាលឥដ្ឋ ហើយគាត់ បានស្វែងរក មួយផ្នែកទៀតនៃធ្មេញរបស់គាត់ ដែលបានបាត់ ប៉ុន្តែគាត់មិន អាចរកឃើញនោះឡើយ។

ប្រាំថ្ងៃក្រោយមក ដោយគាត់មានអារម្មណ៍ថា ពិបាកក្នុងការលេបអាហារ និងក្អក ជាញឹកញាប់ ទើបគាត់បានទៅជួបគ្រូពេទ្យ នៅមន្ទីរមួយកន្លែង ហើយត្រូវបាន លោកគ្រូពេទ្យឆ្លុះ X-rays មើល ទើបដឹងថា គាត់បានលេបបំណែក នៃធ្មេញសិប្បនិម្មិត របស់គាត់នោះ ហើយបានទើរ ជាប់ក្នុងបំពង់អាហារ ក្នុងពេលដែល គាត់គេងលក់មិនដឹងខ្លួន ក្រោយពីប្រកាច់នោះ ។ ជាសំណាងល្អ លោកគ្រូពេទ្យបានយក ផ្នែកនៃធ្មេញ សិប្បនិម្មិតនោះ ចេញពីបំពង់អាហាររបស់គាត់ បានយ៉ាងជោគជ័យ ជាមួយនឹង ការព្យាយាមយ៉ាងខ្លាំងក្លា ។

យ៉ាងណាមិញ លោកគ្រូពេទ្យ បានផ្តល់ជាអនុសាសន៍ ដល់រូបគាត់ថា ឲ្យដាក់ធ្មេញ សិប្បនិម្មិត ដែលមានបង្គោល ជាប់នឹងអញ្ចាញវិញ ជាជាងប្រើធ្មេញ ដែលអាចដោះចេញ បានបែបនេះ ពីព្រោះអ្នកមាន ជម្ងឺដូចជារូបគាត់ អាចប្រឈមមុខនឹង គ្រោះថ្នាក់ នៃការលេបធ្មេញ ចូលក្នុងបំពង់អាហារ បែបនេះណាស់ ដែលនេះជាករណី កើតឡើងជាញឹកញាប់៕

ប្រភព៖ Dailymail

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]