ភ្នំពេញ ៖ ដើម្បីពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៃប្រទេសកម្ពុជា ក៏ដូចជាទប់ស្កាត់សកម្មភាព ប្លន់ប្រដាប់អាវុធផ្សេងៗ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំ ដោយលោកអភិបាលរងខណ្ឌ ហៀក ចាន់លាង នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២នេះ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍គោក ស្ថិតនៅ លើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចលូប្រាំង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ដោយមានការចូលរួមពី កម្លាំងនគរបាល កម្លាំងអាវុធហត្ថជាច្រើននាក់ និងមានវត្តមានវត្តមានរបស់ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យផងដែរ ។

លោក ហៀក ចាន់លាង បានថ្លែងឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើង តបតាមការណែនាំរបស់ សាលារាជធានីភ្នំពេញ ក៏ដូចជាស្នងការនគរបាល និងទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ សកម្មភាពប្លន់ប្រដាប់ អាវុធផ្សេងៗតាមរយៈ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក ពោលការឃាត់អ្នកដំណើរ ដែលជិះម៉ូតូគ្មានមួក គ្មានកញ្ចក់ និងបើករថយន្ដគ្មានឯកសារ ច្បាប់ពាក់ព័ន្ធត្រឹមត្រូវ។

លោក ហៀក ចាន់លាង បានបន្ដថា កន្លងទៅ គណៈបញ្ជាការឯកភាពខណ្ឌ បានចុះប្រតិបត្ដិការជាច្រើនលើក ដោយទទួលបានលទ្ធផលល្អប្រសើរ ក៏បានណែនាំអ្នក ធ្វើដំណើរតាមម៉ូតូ និងរថយន្ដ ដែលគ្មានលិខិតស្នាម ពាក់ព័ន្ធផ្សេងៗ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ ជើងគោក។

លោក ហៀក ចាន់លាង បានឲ្យដឹងថា ម៉ូតជាច្រើនគ្រឿងត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ បន្ទាប់ពីអ្នកបើកម៉ូតូទាំងនោះ មិនមានលក្ខណៈច្បាប់គ្រប់គ្រាន់ ដូចជាមិនមានមួក និងកញ្ចក់ជាដើម៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]