ខេត្ត​កំពង់ចាម ៖ បុរសម្នាក់ឈ្មោះ​ធី អាយុ​៥៥​ឆ្នាំ ជាគ្រូពេទ្យ​ពិតជាមាន​សំណាង​ខ្ពស់​ណាស់​ក្នុង​មួយម៉ឺនគ្រោះថ្នាក់ ព្រោះ​តែរថយន្ត​ដឹក​គ្រឿងទេសធុនធំ១​គ្រឿង​មិន​បានកិន ក្នុង​ខណៈ​ពេលដែល​ជិះម៉ូតូឌ្រីម​សេ១២៥ ស៊េរី២០០៧ ដួល​នៅលើកំណាត់​ផ្លូវជាតិលេខ៧ ​ហើយ​រថយន្ត​បើក​ចំ​ចន្លោះ​កណ្តាល​កង់​ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​នៅភូមិសេនសុនជើង ឃុំស្រងែ ស្រុក​ព្រៃ​ឈរ ​កាល​ពី​​វេលា​ម៉ោង៧​និង៤៥នាទី​យប់​​ថ្ងៃ​ទី​៣១ កក្កដា ២០១២។

ចំណែកគ្រោះថ្នាក់ចរាចរណ៍មួយទៀតខុស​គ្នា​តែ១០នាទីប៉ុណ្ណោះ ចម្ងាយប្រហែលជា៥០​ម៉ែត្រ ​​មាន​យុវជន២​នាក់ជិះម៉ូតូម៉ាកដូចគ្នាស៊េរី​២០១១ ដួលបោកក្បាលទៅ​នឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួសធ្ងន់ សន្លប់ម្នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅរាជធានីភ្នំពេញទាំង​យប់ ។

លោកអនុសេនីយ៍ឯក សេង ណា ប្រធាន​ការិយាល័យចរាចរនៃអធិការដ្ឋាននគរបាល​ស្រុកព្រៃឈរ ប្រាប់ឲ្យកោះសន្តិភាពដឹងថា ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ទី១ លោកគ្រូ​ពេទ្យ​ខាង​លើរស់នៅស្គន់ស្រុកជើងព្រៃ បាន​ជិះ​ម៉ូតូ​ម្នាក់​ឯងពាក់មួកសុវត្ថិភាព​​ក្នុង​ទិស​ដៅ​​ពី​​កើត​​ទៅ​លិច ​ក្រោម​ដំណក់​​គ្រាប់​ភ្លៀងកំពុង​ធ្លាក់ ។ លុះ​ពេល​​ជិះមកដល់ត្រង់ ភូមិសេនសុនជើង ក៏​រអិលដួល​​បណ្តាល​ឱ្យ​មនុស្ស​ផ្លោងចេញពីម៉ូតូ ហើយ​រថយន្ត​​ធុន​ធំ​មក​ដល់​ល្មម ប៉ុន្តែ​​សំណាង​ល្អ​រថយន្ត​​បើក​ចំ​ចន្លោះ​​កណ្តាល​ទៅវិញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]