អាមេរិក៖ លោក Stephen Hawking សាស្ត្រាចារ្យរូបវិទ្យា និងជាអ្នកវិទ្យាសាស្ត្រល្បីឈ្មោះបំផុតមួយរូប នៅលើពិភពលោក កាលពីពេលថ្មីៗនេះ បានថ្លែងឲ្យដឹងថា នាពេលខាងមុខ ពិភពលោកអាចនឹងត្រូវ ទទួលរងការឈ្លានពាន និងដាក់អាណានិគម ដោយពួកមនុស្សភពផ្សេង ដែលជឿនលឿនជាង មនុស្សជាតិ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានដេលីម៉េលអង់គ្លេស កាលពីថ្ងៃទី ០១ តុលា ឆ្នាំ២០១៥​ ម្សិលមិញនេះ។

គេអាចនៅចាំបានថា លោក Stephen Hawking ធ្លាប់បាននិយាយកាលពីលើកមុនរួចមកហើយ ទាក់ទងនឹង AI (Artificial Intelligence ឬប្រាជ្ញាសិប្បនិមិត្ត) ថា ១០០ឆ្នាំទៅមុខទៀត មនុស្សនឹង ត្រូវ AI ជាអ្នកគ្រប់គ្រងវិញម្តង។ សូមបញ្ជាក់ថា AI ប្រៀបបាននឹងខួរក្បាលសិប្បនិមិត្តដែលគេបំពាក់នៅក្នុងម៉ាស៊ីន និងកម្មវិធី ដែលមានសមត្ថភាពគណនា និងវិភាគបានយ៉ាងវ័យឆ្លាតជាទីបំផុត ឬយើងអាចនិយាយបានថា ឆ្លាតជាងខួរក្បាលមនុស្សទៅទៀត ដែលមនុស្សមិនអាចគិតដល់។ សព្វថ្ងៃ AI គេកំពុងតែប្រើប្រាស់ផងដែរ ឧទាហរណ៍មួយចំនួនដូចជា Facebook មាន AI របស់ខ្លួនសំរាប់ដំណើរការ វិភាគថាអ្នកប្រើប្រាស់របស់ខ្លួន ចូលចិត្តធ្វើអ្វីនៅលើហ្វេសប៊ុក។ Apple មានកម្មវិធី Siri សំរាប់និយាយឆ្លើយឆ្លងជាមួយមនុស្ស ជាដើម -ល-។

លោកបានបញ្ជាក់ទៀតថា បើទោះជាមនុស្ស អាចនឹងមិនត្រូវ AI គ្រប់គ្រងក៏ដោយចុះ តែអាចនឹងត្រូវ ពួកមនុស្សភពផ្សេង ជាអ្នកចូលមកគ្រប់គ្រង។

នៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Stephen Hawking បានធ្វើការព្រមានថា៖ «បើសិនជាដល់ពេល ដែលពួកមនុស្សភពផ្សេង (Alien) ធ្វើដំណើរចូលមកកាន់ភពផែនដី លទ្ធផលអាចនឹងដូចពេលដែលអ្នករុករកឈ្មោះ កូឡុំបឺស បានឈានជើងជាន់ដែនដីអាមេរិកដំបូងដូច្នោះដែរ ដែលជាហេតុនាំឲ្យ ប៉ះពាល់ទៅដល់ការរស់នៅរបស់ជនជាតិដើមអាមេរិក កាលពីជំនាន់មុន»។ លោកបានបន្តថ្លែងប្រាប់ដល់ EI Pais ថា៖ «ពួកមនុស្សភពផ្សេងដែលជឿនលឿនជាងមនុស្ស អាចនឹងកំពុងអណ្តែតត្រសែតនៅលើលំហអាវកាស ស្វែងរកមើលភពផ្សេងទៀតដែលអាចទៅដល់ ដើម្បីចូលទៅឈ្លានពាន និងដាក់អាណានិគម»។ លោក Hawking៖ «ខ្ញុំគិតថាមនុស្សជាតិអាចនៅរស់រានមានជីវិតបន្តទៅអនាគតខាងមុខទៀតបាន ត្រូវពឹងលើសមត្ថភាពរបស់មនុស្សថានឹងអាច រកបានផ្ទះថ្មីផ្សេងទៀតដែរឬទេ ក្រៅអំពីភពផែនដីសព្វថ្ងៃនេះទៅ»។

គួរបញ្ជាក់ដែរថា លោក Hawking នាពេលបច្ចុប្បន្នកំពុងបើកប្រតិបត្តិការរុករកដ៏ធំបំផុតមួយ ដើម្បីស្វែងរកជីវិតពួកមនុស្សភពផ្សេងដែលមានប្រាជ្ញាខ្ពស់ តាមរយ:ការប្រើប្រាស់តេលេស្កូប ឬកែវពង្រីកខ្នាតយក្ស សំរាប់មើលតារា ចំនួន ២ ដើម៕

តើប្រិយមិត្តគិតថានៅថ្ងៃអនាគត អាចទៅរួចដែរទេ?


លោក Stephen Hawking អ្នកវិទ្យាសាស្ត្រ ល្បីឈ្មោះបំផុតនៅលើពិភពលោក


រូបតំណាង ដកស្រង់ពីភាពយន្ត បង្ហាញឲ្យឃើញ មនុស្សយន្តបំពាក់ AI

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]