កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ រួមជាមួយ ប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលក្រុង កំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង៩ បន្ទាប់ពីជនសង្ស័យរូបនេះ បានលួចម៉ូតូជន រងគ្រោះម្នាក់ដែលបានដួលម៉ូតូតែម្នាក់ឯង ហើយសន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១២ ។

អធិការរងនគរបាលក្រុងកំពង់ឆ្នាំងទទួល បន្ទុកព្រហ្មទណ្ឌ លោកហ៊ុល វាសនា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹង ថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា បុរស ម្នាក់ឈ្មោះឆាយ ប៉ាវ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានខ្ចីម៉ូតូបងប្អូន ជិះ លុះជិះទៅដល់មុខខារ៉ាអូខេយីហោ៩៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្រាប់តែដួល ម្នាក់ឯងច្រងាប់ច្រងិល បណ្ដាលឱ្យរងរបួស ធ្ងន់ សន្លប់ស្ដូកស្ដឹងតែម្ដង ។

លោកហ៊ុល វាសនា បានបន្ដថា គាប់ជួន ពេលនោះ ជនសង្ស័យអឿន សុធារ៉ា អាយុ ២៦ឆ្នាំ បានឃើញជនរងគ្រោះដួលម៉ូតូក៏ធ្វើ ទៅជាជួយ លើកម៉ូតូរបស់ជនរងគ្រោះ ប៉ុន្ដែ នៅពេលឃើញជនរងគ្រោះសន្លប់ ស្រាប់តែ លួចជិះម៉ូតូយកមកទុកនៅផ្ទះធ្វើព្រងើយ ។

អធិការរងនគរបាលរូបនេះ បានបន្ដទៀត ថា ក្រោយពីជនរងគ្រោះដឹងខ្លួន និងតាម រយៈការសួរសាក្សីមួយចំនួន ទើបដឹងថា ឈ្មោះអឿន សុធារ៉ា រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ស្រាប់តែសមត្ថកិច្ចទៅ ឃាត់ជនសង្ស័យរូបនេះដល់ផ្ទះតែម្ដង ហើយ ក៏ឃាត់ខ្លួនប្រពន្ធឈ្មោះឈុន ស្រីមុំ អាយុ ២៨ឆ្នាំ ពីបទសមគំនិត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ រីឯម៉ូតូរបស់ ជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-4626 ត្រូវបានសមត្ថកិច្ចប្រគល់ ជូនជនរងគ្រោះ វិញ ៕

ដោយ ៖ ចាន់ធី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]