ខេត្តប៉ៃលិន ៖ ​កុមារី​​​ម្នាក់​​​​​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ខណៈ​កំពុង​ដើរ​នៅ​ចិញ្ចើម​ថ្នល់​​ខាង​ស្តាំ​ដៃ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​​​បើកបរ​ដោយ​​បុរស​ម្នាក់​​​ក្នុងទិស​ដៅ​​​ ពី​ជើង​ទៅ​ត្បូង​​​​​រវល់​​និយាយ​​​ទូរស័ព្ទ​​​​ ទើប​រេ​ចង្កូត​​ទៅ​បុក​ក្មេង​ស្រី​ពីក្រោយ​​ បណ្តាលឱ្យ​ដួល​ រួច​​ម៉ូតូកិន​បាក់​ជើង​ខាង​ស្តាំ​ ​។ ករណីនេះ​​​កើត​ឡើង​​កាល​ពី​វេលា​​​ម៉ោង​​​​៥និង​​១៥នាទី​ល្ងាច​ថ្ងៃទី​​២៦ កក្កដា ​នៅ​ចំណុច​​ជិត​ធនាគារ​​​មួយ​​ក្នុង​ភូមិ​​​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុ​ង​ប៉ៃ​លិន ។

កុមារី​រង​គ្រោះ​ឈ្មោះ វ៉ាន់ លក្ខណា អាយុ​៩ឆ្នាំ ម្តាយ​ឈ្មោះ សេង​​ សុគន្ធា អាយុ​៤៤​ឆ្នាំ ​​ជា​កម្ម​ករ​ ឪពុកឈ្មោះ​​ សៅ​ វុទ្ធី អាយុ​៤៨​ឆ្នាំ រស់​នៅ​​ភូមិ​កើតហេតុ​ខាង​លើ ។ ចំណែក​​ជន​បង្ក​ហេតុ​​​​ឈ្មោះ​ បឹុង​ សំអុល ហៅ​ម៉ាប់​ អាយុ​២១​ឆ្នាំ ​​ជាកម្មករ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​កម្មករ​ ឃុំ​​សំឡាញ ស្រុក​អង្គរជ័យ​ ខេត្ត​កំពត​ សព្វថ្ងៃ​​រស់​នៅភូមិ​​ពេជ្រ​គិរី សង្កាត់​អូរ​តា​វ៉ៅ ក្រុង​​ប៉ៃលិន​។
សាក្សី​​​បាន​ឱ្យ​ដឹងថា ​មុន​ពេលកើតហេតុ​​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​​​​​​ដើរ​​ទៅ​ទិញ​​បបរ​​​​ ពេល​ទិញ​រួច​ក៏​ដើរ​ត្រឡប់​​មក​ផ្ទះ​វិញ ខណៈ​​​​កំពុង​​​ដើរ​​​នៅ​លើ​ចិញ្ចើម​ផ្លូវ​​ ស្រាប់​តែមាន​​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​វីវ៉ា ស៊េរី​​​២០០៨​ បើក​បរដោយ​​បុរស​ម្នាក់​​​ឌុប​គ្នា​​​​២នាក់​ដោយ​អ្នកបើក​​ម៉ូតូ​រវល់​និយាយ ​ទូរស័ព្ទ​​​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ក្មេង​ស្រី​ពីក្រោយ​ បណ្តាលឱ្យ​​ដួល​ រួច​​​ម៉ូតូ​កិន​​​ពី​លើ​បាក់​​ជើង​តែម្តង​។

មន្ត្រី​​នគរបាល​​បាន​ឱ្យ​ដឹងថា ជនបង្ក​ហេតុ​បាន​​​បើក​ម៉ូតូ​​ពីភូមិ​ពេជ្រ​គិរី​ ឆ្ពោះ​ទៅ​​ក្រុង​ប៉ៃ​លិន​ ​ដើម្បី​ទិញ​សម្ភារ​​​ និង​ថ្នាំ​​បាញ់​សម្លាប់​ស្មៅ​ ដោយ​ឌុប​​អ៊ុំ​របស់​​​​គេ​ឈ្មោះ ទាប​ ទិត្យ​ ភេទ​ប្រុស​ អាយុ​​​៤៨​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ ទូច​ តូច​ អាយុ​​៤៦​​ឆ្នាំ ។ ពេល​ត្រឡប់​​មក​វិញ​ ដល់​ចំណុច​​កើតហេតុ​ក៏​​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​​​បណ្តាលឱ្យ​​​បាក់​ជើង​ ខាង​ស្តាំ​​​តែ​ម្តង​ ។

ភ្លាម​ៗ​​​កុមារី​រង​គ្រោះ​​​​ត្រូវ​ឪពុកម្តាយ​បញ្ជូន ​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​​​​បង្អែក​​​ខេត្ត​​ ។ ចំណែក​​​​ម៉ូតូ​​​ត្រូវ​​សមត្ថកិច្ច​​​​​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​​​ ចរាចរណ៍រង់​ចាំ​​​ដោះស្រាយ​ជាក្រោយ​ រី​ឯ​អ្នក​បើក​ម៉ូតូ​ត្រូវ​ប៉ូលិស​​​ឃាត់​ខ្លួន​​ផងដែរ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]